ករណីមន្ត្រីប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យម្នាក់ឈ្មោះ ឈាន ពិសិដ្ឋ រងរបួសដួលសន្លប់នៅមុខរថយន្ត Lexus RX300 មួយគ្រឿងរបស់ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា និងជាមន្ត្រីគណបក្សសង្គ្រោះជាតិជាគណបក្សនយោបាយប្រឆាំងនៅកម្ពុជាផង ឈ្មោះ ឌិន ពុទ្ធី កាលពីវេលាព្រឹកនាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅ ត្រង់ចំណុចស្ពានមិត្តភាពកម្ពុជា-ថៃ ឋិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ល្បីកក្រើកពេញបណ្តាញព័ត៌មានទំនាក់ទំនងសង្គម Facebook អស់រយៈពេលប្រមាណជិត១សប្តាហ៍នោះ ត្រូវបានស្ថាប័នអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យអះអាងថា ឈ្មោះ ឈាន ពិសិដ្ឋ ជានាយរងប៉ុស្តិ៍នគរបាលច្រទ្វារព្រំដែនអន្តរជាតិ ពិតជាបានរងរបួសនៅជើងស្តាំដោយសារការបុកដោយរថយន្តរបស់ឈ្មោះ ឌិន ពុទ្ធី ជាប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា រហូតដួលសន្លប់ប្រាកដមែន ហើយមិនមែនជាការធ្វើពុតរបស់ឈ្មោះ ឈាន ពិសិដ្ឋ ដើម្បីទម្លាក់កំហុសលើឈ្មោះ ឌិន ពុទ្ធី នោះទេ ។
សេចក្តីថ្លែងការណ៍ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ របស់អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដែលមានលោក មាស ច័ន្ទពិសិដ្ឋ ជាព្រះរាជអាជ្ញា បានបញ្ជាក់ឲ្យដឹងថា « តំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យបានសម្រេចបើកការស៊ើបសួរទៅលើឈ្មោះ ឌិន ពុទ្ធី ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមបញ្ញត្តិមាត្រា២១៨នៃក្រមព្រហ្មទណ្ឌ និងបញ្ជូនទៅចៅក្រមស៊ើបសួរដើម្បីចាត់ការបន្តតាមនីតិវិធីរួចហើយ » ។
ស្ថាប័នអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យដែលភាគច្រើនមិនសូវមានជំនឿទុកចិត្តពីសំណាក់មជ្ឈដ្ឋានប្រជាពលរដ្ឋនោះ បានបញ្ជាក់ទៀតថា « អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យសង្ឃឹមជឿជាក់ថា សាធារណជនទាំងអស់រក្សាភាពស្ងៀមស្ងាត់ រង់ចាំលទ្ធផលនៃចំណាត់ការនីតិវិធីរបស់តុលាការបានបញ្ចប់ ជៀសវាងការធ្វើសេចក្តីសន្និដ្ឋានដោយមិនមានព័ស្តុតាង និងព័ត៌មានច្បាស់លាស់ » ៕