គេហទំព័រ Tehrantimes របស់អ៊ីរ៉ង់ ដែលដកស្រង់ប្រកាសរបស់កងកម្លាំងទាហានអ៊ីរ៉ង់ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅថ្មីៗបានឲ្យដឹងថា ទាហានអ៊ីរ៉ង់ ចាប់ផ្ដើមធ្វើសមយុទ្ធដែនអាកាសទ្រង់ទ្រាយធំមួយនៅភាគខាងត្បូងប្រទេសមានឈ្មោះថា The Defenders of Velayat Skies 7 (ឈ្មោះជាភាសាអ៊ីរ៉ង់ថា Modafean Aseman Velayat 7) ដើម្បីការពារ និងពង្រឹងសន្តិសុខដែនអាកាសរបស់ខ្លួន ទប់ទល់នឹងការរំលោភបំពានរបស់បរទេស ។
សមយុទ្ធដែនអាកាស ឬហៅថា «ល្បែងសង្គ្រាម» រយៈពេល០៥ថ្ងៃ របស់កងកម្លាំងទាហានអ៊ីរ៉ង់នោះ ប្រព្រឹត្តនៅភាគខាងត្បូងខេត្ត Bushehr , Khuzestan និងខេត្ថ Hormozgan ដែលជាផ្នែកមួយ នៃសមុទ្រអូម៉ង់ (Sea of Oman) និងឈូងសមុទ្រពែក្ស (Persian Gulf) តំបន់កោះចំនួន៣ គឺកោះ Greater Tunb , Lesser Tunb និងកោះ Abu Musa ក្នុងទំហំផ្ទៃដែនអាកាស ៤៩០ ០០០គីឡូម៉ែត្រក្រឡា ។
ដោយមានការចូលរួមពីយន្ដហោះចម្បាំងធុន F-4 Phantoms ក្នុងសមយុទ្ធយោធាការពារដែនអាកាសនោះ កងកម្លាំងទាហានអ៊ីរ៉ង់ប្រមាណ ១៧ ០០០នាក់ នឹងហ្វឹកហាត់ ព្រមទាំងពិសោធន៍សាកល្បងនូវរ៉ាដាខែលការពារមីស៊ីល កាំភ្លើងយន្ដប្រឆាំងយន្ដហោះ និងប្រព័ន្ធត្រួតពិនិត្យការពារដែនអាកាស ។
អ៊ីរ៉ង់ ដែលជាប្រទេសសម្ព័ន្ធមិត្តជាមួយមហាអំណាចរុស្ស៊ីនោះ គឺមានសព្វាវុធជាច្រើន ដែលកងកម្លាំងទាហានប្រើប្រាស់ទទួលបានការទិញពីរុស្ស៊ី ។ កាលពីអំឡុងឆ្នាំ២០០៧កន្លងទៅ អ៊ីរ៉ង់បានព្រមព្រៀងទិញប្រព័ន្ធខែលការពារមីស៊ីលធុន S-300 ចំនួនជិត១០ដើម ពីប្រទេសរុស្ស៊ី មានតម្លៃប្រមាណ ៨០០លានដុល្លារអាមេរិក ៕