លោកឧត្តមសេនីយ៍ទោ រស់ ឧស្សាហ៍ អតីតជាអគ្គាធិការរងនៃអគ្គាធិការដ្ឋានកិច្ចការនយោបាយ រដ្ឋបាល និងនគរបាលក្រសួងមហាផ្ទៃ និងអតីតជាម្ចាស់រថយន្តទំនើបមួយគ្រឿងម៉ាក Audi ពណ៌ស ពាក់ស្លាកលេខនគរបាល 2-0621 ដែលធ្លាក់ទៅដល់ក្នុងដៃក្រុមឧក្រិដ្ឋជនគ្រឿងញៀន ដែលកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថបង្ក្រាបបានកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦កន្លងទៅ នៅត្រង់ចំណុចផ្ទះលេខ៣៧ ផ្លូវលេខ៣៥១ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ រហូតបង្កឲ្យមន្ត្រីកងរាជអាវុធហត្ថម្នាក់ពលីជីវិតនោះ ត្រូវបានរាជរដ្ឋាភិបាលដកហូតតំណែងពីអគ្គាធិការរងនៃអគ្គាធិការដ្ឋានកិច្ចការនយោបាយ រដ្ឋបាល និងនគរបាលក្រសួងមហាផ្ទៃជាស្ថាពរហើយ ដោយអនុក្រឹត្យលេខ១១៣១អនក្រ.តត ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ តាមសំណើរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
លោកឧត្តមសេនីយ៍ រស់ ឧស្សាហ៍ នាយនគរបាលជាតិថ្នាក់ឧត្តមសេនីយ៍នៃក្រសួងមហាផ្ទៃ អត្តលេខ៦៥៨៨៨ ទទួលបានការតែងតាំងជាអគ្គាធិការរងនៃអគ្គាធិការដ្ឋានកិច្ចការនយោបាយ រដ្ឋបាល និងនគរបាលក្រសួងមហាផ្ទៃ តាំងពីនៅមានឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ត្រី(ផ្កាយ១)មកម្ល៉េះ ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ២២១អនក្រ.តត ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៥ ។ ក្រោយមក លោកឧត្តមសេនីយ៍ រស់ ឧស្សាហ៍ ក៏ទទួលបានការដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ទោ(ផ្កាយ២) ដោយព្រះរាជក្រឹត្យលេខនស/រកត/០៣១៥/១៧៧ ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៥ ។
រថយន្តទំនើបមួយគ្រឿងម៉ាក Audi ពណ៌ស ពាក់ស្លាកលេខនគរបាល 2-0621 ព្រមទាំងមានបិទស្លាកសញ្ញានគរបាលផង ត្រូវសមត្ថកិច្ចរឹបអូសបានកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ ក្នុងបេសកកម្មបង្ក្រាបគ្រឿងញៀនដ៏កក្រើកមួយនៅខណ្ឌទួលគោក រាជធានីភ្នំពេញ ៕