ករណីនាយរងប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យម្នាក់ គឺលោកវរសេនីយ៍ ឈាន ពិសិដ្ឋ អាយុ៣៨ឆ្នាំ ប្រកាសថាខ្លួនបានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅត្រង់ចំណុចក្បាលស្ពានមិត្តភាពកម្ពុជា ថៃនៃច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតក្នុងពេលបំពេញការងារដោយសាររថយន្ដមួយគ្រឿងម៉ាក Lexus RX300 ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខបន្ទាយមានជ័យ 2A-5484 របស់លោក ឌិន ពុទ្ធី អាយុ៣៦ឆ្នាំ ជាប្រធានសមាគមអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ (CIERA) បុកកាលពីវេលាម៉ោង១០ និង៤៥នាទីព្រឹកនាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅថ្មីៗ បង្ករបួសធ្ងន់ធ្ងរត្រង់ក និងភ្លៅ រហូតដល់ដេកដួលសន្លប់ស្ដូកស្ដឹងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យប្រទេសថៃនោះ បានក្លាយជាប្រធានបទវែកញែកផ្សេងៗពីគ្នាយ៉ាងគគ្រឹកគគ្រេងពេញបណ្ដាញព័ត៌មានទំនាក់ទំនងសង្គម Facebook ។
ក្រុមសមត្ថកិច្ចនគរបាល និងបណ្ដាញសារព័ត៌មានជាច្រើនដែលមាននិន្នាការគាំទ្រនយោបាយរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាបានផ្សព្វផ្សាយបង្ហាញអំពីរូបភាពរងរបួស និងការបញ្ជូនខ្លួនលោកវរសេនីយ៍ ឈាន ពិសិដ្ឋ ទៅសង្គ្រោះនៅមន្ទីរពេទ្យប្រទេសថៃ ។
រីឯ បណ្ដាប្រិយមិត្ត Facebook ជាច្រើនទៀតបានធ្វើការបញ្ចេញមតិយោបល់ផ្ទៀងផ្ទាត់ទៅនឹង Video Clip មួយដែលគេ Post និង Share ចែករំលែកតៗគ្នា និងសន្និដ្ឋានថា ប៉ូលិសអន្តោប្រវេសន៍ឈ្មោះ ឈាន ពិសិដ្ឋ ប្រើល្បិចកលថោកទាបធ្វើជា«ដួលសន្លប់»តាមរបៀបរៀបរយទាំងដៃកាន់ក្ដាប់សោឡាន និងវិទ្យុទាក់ទង (អាយកូម)ជាប់ពីមុខរថយន្ដរបស់ឈ្មោះ ឌិន ពុទ្ធី ដែល«កង់រថយន្ដលែងកម្រើក» ដើម្បីទម្លាក់កំហុស និងចោទប្រកាន់ទៅលើឈ្មោះ ឌិន ពុទ្ធី ជាម្ចាស់រថយន្ដ ពីបទប៉ុនប៉ងមនុស្សឃាតដោយគិតទុកជាមុន ។
មានប្រិយមិត្ត Facebook ខ្លះទៀតបាន Post ផ្សព្វផ្សាយឲ្យដឹងថា ក្រៅពីជាប្រធានសមាគមអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ (CIERA) លោក ឌិន ពុទ្ធី ហៅម៉ង់ ពុទ្ធី ជាមន្ត្រីគណបក្សសង្គ្រោះជាតិដែលជាគណបក្សនយោបាយប្រឆាំងដ៏ធំនៅកម្ពុជាប្រចាំខេត្តបន្ទាយមានជ័យទៀតផង ។
ទោះយ៉ាងណាក៏ដោយ ប្រភពព័ត៌មានពីខេត្តបន្ទាយមានជ័យបានឲ្យដឹងថា បន្ទាប់ពីចាប់វាយខ្នោះដៃដោយសមត្ថកិច្ចប៉ូលិសព្រហ្មទណ្ឌរួចមក លោក ឌិន ពុទ្ធី ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង និងបញ្ជូនខ្លួនទៅកាន់ស្ថាប័នតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការចោទប្រកាន់បើកការស៊ើបសួរ និងឃុំខ្លួនបណ្តោះអាសន្ន កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅ ពីបទប៉ុនប៉ងមនុស្សឃាតដោយគិតទុកជាមុន តាមទម្ងន់នៃបណ្ដឹងរបស់ប៉ូលិស (Sic!) ។
នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅវិមានរដ្ឋសភា បន្ទាប់ពីបញ្ចប់កិច្ចប្រជុំអនុម័តលើសេចក្តីព្រាងច្បាប់វិសោធនកម្មច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឲ្យដឹងថា សម្តេចបានបញ្ជាឲ្យអាជ្ញាធរខេត្តបន្ទាយមានជ័យ និងសមត្ថកិច្ចប្រចាំច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតធ្វើការស៊ើបអង្កេតពិនិត្យករណីនេះឲ្យបានច្បាប់លាស់ មុននឹងឈានទៅធ្វើការសន្និដ្ឋានពិតប្រាកដណាមួយ ។
មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យនៅកម្ពុជាបានលើកឡើងថា Video Clip មួយដែលគេប្រមាញ់ថតបាន និងយកមក Post នៅក្នុងបណ្ដាញព័ត៌មានទំនាក់ទំនងសង្គម Facebook ដ៏ពេញនិយមព្រោងព្រាតនោះ ហើយបើបានដាក់បញ្ចូលទៅក្នុងសំណុំរឿង គឺអាចក្លាយជាព័ស្ដុតាងដ៏សំខាន់សម្រាប់ផ្ទៀងផ្ទាត់សកម្មភាពជាក់ស្ដែងនៅកន្លែងកើតហេតុ និងឈានទៅអាចស្វែងរកយុត្តិធម៌ដល់ភាគីក្នុងសំណុំរឿងដ៏ក្ដៅគគុកខាងលើនេះ ៕