ក្រោមការអះអាងថា មានស្នាដៃល្អក្នុងកិច្ចសហប្រតិបត្តិការជាមួយកងយោធពលខេមភូមិន្ទ និងជួយឧបត្ថម្ភថវិកា សម្ភារៈ ដល់តំបន់ប្រតិបត្តិការសឹករងខេត្តព្រៃវែងកន្លងមក និងយោងតាមសំណើរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ផ្កាយមាស៤ មាស សុភា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកនោះ គឺអង្គភាពយោធានៃសាធារណរដ្ឋសង្គមនិយមវៀតណាមចំនួន៧ និងទាហានវៀតណាមមានឋានន្តរស័ក្តិថ្នាក់វរសេនីយ៍ឯកចំនួន៥នាក់ ទទួលបានការបំពាក់មេដាយសហមេត្រី ថ្នាក់សេនាពីរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ជាប្រមុខ ដោយអនុក្រឹត្យលេខ១១១៩អនក្រ.តត ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦។
អង្គភាពនៃកងទ័ពប្រជាជនវៀតណាមចំនួន៧ ដែលទទួលបានការបំពាក់មេដាយសហមេត្រី ថ្នាក់សេនា ពីរាជរដ្ឋាភិបាលកម្ពុជានោះ រួមមាន៖ ១- គណៈបញ្ជាការយោធាខេត្តតៃនិញ យោធភូមិភាគទី៧, ២- កងទ័ពការពារព្រំដែនខេត្តតៃនិញ, ៣- គណៈបញ្ជាការយោធាខេត្តឡុងអាន យោធភូមិភាគទី៧, ៤- កងទ័ពការពារព្រំដែនខេត្តឡុងអាន, ៥- គណៈបញ្ជាការយោធាខេត្តដុងថាប់ យោធភូមិភាគទី៩, ៦- កងទ័ពការពារព្រំដែនខេត្តដុងថាប់, ៧- ក្រុមស្រាវជ្រាវរុករក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម K91 យោធាខេត្តដុងថាប់។ រីឯកងទ័ពប្រជាជនវៀតណាមចំនួន៥នាក់ ដែលទទួលបានការបំពាក់មេដាយសហមេត្រី ថ្នាក់សេនាពីរាជរដ្ឋាភិបាលកម្ពុជាដែរនោះរួមមាន៖ ១- វរសេនីយ៍ឯក ង្វៀន ង៉ុកថាន់ (Nguyen Ngoc Thanh) ២- វរសេនីយ៍ឯក ដាវ វ៉ាំងរិន (Dao Van Rin) ៣- វរសេនីយ៍ឯក វិញ វ៉ាន់ញៀវ (Huynh Van Nhieu) ៤- វរសេនីយ៍ឯក ត្រឹង វ៉ាន់គឿង (Tran Van Cuong) និង ៥- វរសេនីយ៍ឯក ង្វៀន ហុងហាយ (Nguyen Hong Hai)៕