ថ្ងៃ អង្គារ ទី ២០ ខែ សីហា ឆ្នាំ ២០១៩

កាន់តែ​ក្ដៅ​ហើយ​ !​ មន្ដ្រី​តួ​ក​គី​ចោទ​ថា​ ខ្មាន់កាំភ្លើង​ដែល​សម្លាប់​ឯកអគ្គរដ្ឋទូត​រុ​ស្ស៊ី​ គឺ​ពាក់ព័ន្ធ​នឹង​មេ​រដ្ឋប្រហារ​រដ្ឋាភិបាល​តួ​ក​គី​កំពុង​ឋិត​នៅ​អា​មេ​រិ​ក​

​លោក​ Mehmet​ Kiliclar​ អភិបាលក្រុង​ Ankara​ ប្រទេស​តួ​ក​គី​បាន​ធ្វើការ​ចោទប្រកាន់​ថា​ ខ្មាន់កាំភ្លើង​ដែល​បាន​បាញ់​សម្លាប់​លោក​ Andrei​ Karlov​ ឯកអគ្គរដ្ឋទូត​រុ​ស្ស៊ី​ប្រចាំ​ប្រទេស​តួ​ក​គី​កាលពី​ថ្ងៃ​ទី​១៩​ ខែធ្នូ​ ឆ្នាំ​២០១៦​កន្លង​ទៅ​ក្នុង​ពិធី​តាំងពិព័រណ៍​សិល្បៈ​មួយ​នោះ​ គឺ​មានការ​ពាក់ព័ន្ធ​នឹង​លោក​ Fethullah​ Gulen​ មេដឹកនាំ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​លោក​ Recep​ Tayyip​ Erdogan​ ប្រធានាធិបតី​ប្រទេស​តួ​ក​គី​មិន​បាន​សម្រេច​ដែល​កំពុង​រស់នៅ​យ៉ាង​សុខសាន្ត​លើ​ទឹកដី​សហរដ្ឋអាមេរិក​ ទោះបី​រដ្ឋាភិបាល​តួ​ក​គី​ស្នើ​សុំ​ឲ្យ​អា​មេ​រិ​ក​បញ្ជូន​ខ្លួន​មេ​រដ្ឋប្រហារ​រូប​នេះ​ ក៏​សហរដ្ឋអាមេរិក​មិន​ប្រគល់​ឲ្យ​ដែរ​ទល់​សព្វថ្ងៃ​ ។​ នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​ឲ្យ​ដឹង​របស់​សារព័ត៌មាន​ Reuters​ កាលពី​ថ្ងៃ​ទី​២១​ ខែធ្នូ​ ឆ្នាំ​២០១៦​ម្សិលមិញ​ ។​

​ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទប្រកាន់​របស់​មន្ដ្រី​សាធារណៈ​ប្រទេស​តួ​ក​គី​នោះ​ លោក​ឧត្តមនាវី​ John​ Kirby​ មន្ដ្រី​អ្នកនាំពាក្យ​របស់​សហរដ្ឋអាមេរិក​បាន​ប្រកាស​ច្រានចោល​កាលពី​ថ្ងៃ​ទី​២១​ ខែធ្នូ​ ឆ្នាំ​២០១៦​ម្សិលមិញ​ ដោយ​លោក​បាន​លើក​ឡើង​ថា​ សហរដ្ឋអាមេរិក​មានការ​ខកចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ការ​ចោទប្រកាន់​បែប​នេះ​ ពីព្រោះ​វា​ជា​ការ​សន្និដ្ឋាន​ដោយ​ប្រញាប់ប្រញាល់​ពេក​ហើយ​ ខណៈ​ករណី​ឃាតកម្ម​កំពុង​ឋិត​ក្រោម​ការ​ស៊ើបអង្កេត​ស្រាវជ្រាវ​នៅឡើយ​ ។​

​លោក​ Andrei​ Karlov​ អាយុ​៦២​ឆ្នាំ​ មានកូន​ប្រុស​ម្នាក់​ ជា​ឯកអគ្គរដ្ឋទូត​រុ​ស្ស៊ី​ប្រចាំ​ប្រទេស​តួ​ក​គី​តាំងពី​ឆ្នាំ​២០១៣​ ដល់​ឆ្នាំ​២០១៦​នេះ​ និង​ធ្លាប់​ធ្វើ​ជា​ឯកអគ្គរដ្ឋទូត​រុ​ស្ស៊ី​ប្រចាំ​ប្រទេស​កូរ៉េ​ខាងជើង​នា​ឆ្នាំ​២០០១​ ដល់​ឆ្នាំ​២០០៦​ផង​នោះ​ ត្រូវ​បាន​ខ្មាន់កាំភ្លើង​ជាម​ន្ដ្រី​ប៉ូលិស​តួ​ក​គី​ម្នាក់​ឈ្មោះ​ Mevlut​ Mert​ Aydintas​ អាយុ​២២​ឆ្នាំ​ គ្រង​ឯកសណ្ឋាន​អាវធំ​ និង​ពាក់​ក្រវាត់ក​ ប្រដាប់​ដោយ​អាវុធ​ជាប់​នឹង​ដៃ​បាញ់​សម្លាប់​កាលពី​ថ្ងៃ​ទី​១៩​ ខែធ្នូ​ ឆ្នាំ​២០១៦​កន្លង​ទៅ​ក្នុង​ពិធី​តាំងពិព័រណ៍​សិល្បៈ​មួយ​និយាយ​អំពី​វប្បធម៌​រុ​ស្ស៊ី​ក្នុង​ទីក្រុង​ Ankara​ ប្រទេស​តួ​ក​គី​ បន្ទាប់​ពី​បុរស​ខ្មាន់កាំភ្លើង​បាន​ស្រែក​ខ្លាំងៗ​ថា​ «​ Aleppo​ -Allahu​ Akbar​ !​ »​ មាន​ន័យ​ថា​ ទីក្រុង​អា​ឡេ​ប៉ូ​ (​ប្រទេស​ស៊ី​រី​)​ និង​ព្រះ​ដ៏​អស្ចារ្យ​ !

​ទោះ​យ៉ាងណា​ ខ្មាន់កាំភ្លើង​ដៃដល់​ជា​ប៉ូលិស​តួ​ក​គី​វ័យក្មេង​នោះ​ ត្រូវ​បាន​កងកម្លាំង​ប៉ូលិស​បាញ់​សម្លាប់​ក្នុង​ប្រតិបត្តិការ​ឡោម​ព័ទ្ធ​អស់​រយៈពេល​ប្រមាណ​១៥​នាទី​ បន្ទាប់​ពី​ក្រាញ​បដិសេធ​មិន​ព្រម​ប្រគល់​ខ្លួន​ឲ្យ​ប៉ូលិស​ចាប់​រួច​មក​ ។​

​កាលពី​ថ្ងៃ​ទី​៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ លោក​ Recep​ Tayyip​ Erdogan​ ប្រធានាធិបតី​ប្រទេស​តួ​ក​គី​ដែល​ជា​ប្រទេស​ឋិត​ក្នុង​បក្សសម្ព័ន្ធ​អង្គការ​ NATO​ របស់​សហរដ្ឋអាមេរិក​ធ្លាប់​បាន​ប្រកាស​គំរាម​ខ្លាំងៗ​ថា​ នឹង​ប្រើប្រាស់​កម្លាំង​ទ័ព​ផ្ដួលរំលំ​របប​ដឹកនាំ​របស់​លោក​ Bashar​ al-Assad​ ប្រធានាធិបតី​ប្រទេស​ស៊ី​រី​ដែល​គាំទ្រ​ពេញទំហឹង​ដោយ​ប្រទេស​រុ​ស្ស៊ី​ ប្រសិនបើ​អង្គការសហប្រជាជាតិ​គ្មាន​សមត្ថភាព​ដោះស្រាយ​វិបត្តិ​សង្គ្រាមស៊ីវិល​នៅ​ប្រទេស​ស៊ី​រី​ទេ​នោះ​ ដោយសារ​លោក​បាន​ចោទប្រកាន់​ថា​ លោក​ Bashar​ al-Assad​ ជា​ភេរវ​ករ​ និង​ជា​អ្នក​ទទួលខុសត្រូវ​លើ​ការ​ស្លាប់​របស់​ប្រជាពលរដ្ឋ​ស៊ី​រី​ស្លូតត្រង់​ជិត​១​លាន​នាក់​ ។​

​នៅ​ពេល​លោក​ Recep​ Tayyip​ Erdogan​ ប្រធានាធិបតី​ប្រទេស​តួ​ក​គី​មិន​ទាន់​បាន​បញ្ជា​កងកម្លាំង​វាយ​ផ្ដួលរំលំ​រដ្ឋ​ភា​បាល​ស៊ី​រី​ដូច​ការ​ប្រកាស​គំរាម​ផង​នោះ​ ស្រាប់តែ​បែរជា​កាលពី​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ​ កងកម្លាំង​រដ្ឋាភិបាល​ស៊ី​រី​របស់​លោក​ Bashar​ al-Assad​ សហការ​គាំទ្រ​ដោយ​កងកម្លាំង​ទាហាន​រុ​ស្ស៊ី​បាន​វាយ​កម្ចាត់កម្ចាយ​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី​ប្រឆាំង​នឹង​រដ្ឋាភិបាល​លោក​ Bashar​ al-Assad​ ដែល​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក​ បារាំង​ អង់គ្លេស​ តួ​ក​គី​ និង​បណ្ដា​ប្រទេស​ក្នុង​បក្សសម្ព័ន្ធ​អង្គការ​ NATO​ ឲ្យ​បរាជ័យ​យ៉ាងដំណំ​ ។​

​ក្រុម​អ្នកវិភាគ​ព្រឹត្តិការណ៍​នយោបាយ​អន្តរជាតិ​បាន​លើក​ឡើង​ថា​ ករណី​ឃាតកម្ម​លើ​លោក​ Andrei​ Karlov​ ឯកអគ្គរដ្ឋទូត​រុ​ស្ស៊ី​ប្រចាំ​ប្រទេស​តួ​ក​គី​ដែល​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​ និង​ចាប់អារម្មណ៍​ពេញ​ពិភពលោក​នោះ​ អាច​មិនមែន​ជា​អំពើ​ភេរវកម្ម​ដូច​លោក​ប្រធានាធិបតី​រុ​ស្ស៊ី​ Vladimir​ Putin​ ចោទប្រកាន់​ទេ​ គឺ​អាច​ជា​រឿងរ៉ាវ​នយោបាយ​ច្រើន​ជាង​ ៕​

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.