ថ្ងៃ ព្រហស្បតិ៍ ទី ២៣ ខែ ឧសភា ឆ្នាំ ២០១៩

យន្តហោះ​ចម្បាំង​ជំនាន់​ទី​៥​ដ៏​ទំនើប​របស់​អា​មេ​រិ​ក​ F-22​ និង​ចិន​ Su-35​ អាច​នឹង​សម្តែង​ប្ញ​ទ្ធិ​ដាក់​គ្នា​លើ​តំបន់​ជម្លោះដែនសមុទ្រ​ចិន​ខាងត្បូង​នៅ​ឆ្នាំ​ក្រោយ​

​មេបញ្ជាការ​យោធា​សហរដ្ឋអាមេរិក​ប្រចាំ​តំបន់​ប៉ា​ស៊ី​ហ្វិ​ក​ គឺ​លោក​ឧត្តមនាវី​ Harry​ B.Harris​ ធ្លាប់​បាន​បញ្ជាក់​រួច​ហើយ​កាលពី​ថ្ងៃ​ទី​១៤​ ខែធ្នូ​ ឆ្នាំ​២០១៦​កន្លង​ទៅ​ថ្មីៗ​ពី​ទីក្រុង​ស៊ី​ដ​នី​ ប្រទេស​អូស្ត្រាលី​ថា​ សហរដ្ឋអាមេរិក​នឹង​ចាប់ផ្តើម​ប្រតិបត្តិការ​យន្តហោះ​ចម្បាំង​ជំនាន់​ទី​៥​ដ៏​ទំនើប​របស់​ខ្លួន​ធុន​ F-22​ Raptor​ ពី​ប្រទេស​អូស្ត្រាលី​ភាគ​ខាងជើង​ នៅ​ក្នុង​ឆ្នាំ​២០១៧​ខាង​មុខ​ ដើម្បី​ធ្វើការ​ព្រមាន​ទៅ​លើ​ទីក្រុង​ប៉េ​កាំ​ង​ក្នុង​រឿង​ជម្លោះ​តំបន់​ដែនសមុទ្រ​ចិន​ខាងត្បូង​ ដោយ​អា​មេ​រិ​ក​អះអាង​ថា​ មិន​អនុញ្ញាត​ឲ្យ​ចិន​បិទ​ផ្តាច់មុខ​នូវ​តំបន់​ដែល​ត្រូវ​បែងចែក​តាម​ច្បាប់​អន្តរជាតិ​នោះ​ទេ​ ។​

​ដោយឡែក​ ទោះបី​មិន​ផលិត​នៅ​ប្រទេស​ចិន​ខ្លួនឯង​ផ្ទាល់​ក៏​ដោយ​ ក៏​ចិន​បាន​បញ្ជា​ទិញ​យន្តហោះ​ចម្បាំង​ជំនាន់​ទី​៥​ដ៏​ទំនើប​ធុន​ Su-35​ ពី​ប្រទេស​រុ​ស្ស៊ី​ចំនួន​៣៤​គ្រឿង​ មាន​ទំហំ​ទឹកប្រាក់​សរុប​ប្រមាណ​២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​កាលពី​ឆ្នាំ​២០១៥​កន្លង​ទៅ​ ហើយ​នៅ​ចុងឆ្នាំ​២០១៦​នេះ​ រុ​ស្ស៊ី​ក៏​បាន​រៀបចំ​បញ្ជូន​យន្តហោះ​ចម្បាំង​ដ៏​ទំនើប​របស់​ខ្លួន​ធុន​ Su-35​ ទៅ​កាន់​ប្រទេស​ចិន​តាម​កិច្ចព្រមព្រៀង​នៃ​ការ​បញ្ជា​ទិញ​ ។​

​ដូច្នេះ​ ការ​អះអាង​របស់​មហាអំណាច​អា​មេ​រិ​ក​ដែល​គ្រោង​ព្រមាន​ទៅ​លើ​មហាអំណាច​ចិន​ក្នុង​រឿង​ជម្លោះដែនសមុទ្រ​ចិន​ខាងត្បូង​ ដោយ​ប្រើប្រាស់​យន្តហោះ​ចម្បាំង​ធុន​ F-22​ Raptor​ របស់​ខ្លួន​នោះ​ គឺ​ប្រាកដ​ណាស់​ មហាអំណាច​ចិន​ក៏​នឹង​អាច​ប្រើប្រាស់​យន្តហោះ​ចម្បាំង​ធុន​ Su-35​ ដែល​ខ្លួន​ទិញ​ពី​រុ​ស្ស៊ី​ដើម្បី​ទប់ទល់​វិញ​ដែរ​ ពីព្រោះ​ប្រភេទ​យន្តហោះ​ចម្បាំង​ទាំង​ពីរ​នេះ​មាន​សក្តានុពល​ប្រយុទ្ធ​សឹងតែ​ប្រហាក់ប្រហែល​គ្នា​ ប៉ុន្តែ​តម្លៃ​របស់​យន្តហោះ​ចម្បាំង​អា​មេ​រិ​ក​ F-22​ Raptor​ (​ពី​១៥០​លាន​ទៅ​២៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​គ្រឿង​)​ ថ្លៃ​ជាង​ឆ្ងាយ​បើ​ធៀប​ទៅ​នឹង​តម្លៃ​របស់​យន្តហោះ​ចម្បាំង​ចិន​ Su-35​ ដែល​ទិញ​ពី​រុ​ស្ស៊ី​(​ពី​៤០​លាន​ទៅ​៧៥​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​គ្រឿង​)​ ។​

​គេហទំព័រ​ Businessinsider​ បាន​ធ្វើការ​ផ្សព្វផ្សាយ​ប្រៀបធៀប​រវាង​យន្តហោះ​ចម្បាំង​អា​មេ​រិ​ក​ធុន​ F-22​ Raptor​ និង​យន្តហោះ​ចម្បាំង​ចិន​ធុន​ Su-35(​ផលិត​នៅ​រុ​ស្ស៊ី​)​ដូច​តទៅ​ ៖

.​ F-22​ Raptor​ ៖​ មាន​ទម្ងន់​ផ្ទុក​សរុប​ជាង​៣៧​តោន​ ។​ អាច​ហោះហើរ​ក្នុង​ល្បឿន​ជាង​ ២​ ៧៧៧​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​ ។​ បំពាក់​ដោយ​អាវុធ​ប្រឆាំង​យន្តហោះ​កាណុង​ទំហំ​២០​មិល្លីម៉ែត្រ​ និង​អាវុធ​មី​ស៊ី​ល​ប្រយុទ្ធ​លើ​អាកាស​ ព្រមទាំង​បាញ់​មក​ផ្ទៃដី​ ។​ ជា​ពិសេស​មាន​ប្រព័ន្ធ​រ៉ា​ដា​សម្រាប់​បញ្ជា​បាញ់​មី​ស៊ី​ល​លើ​អាកាស​កំណត់​តាម​គោលដៅ​ចង់បាន​ ។​

.​ Su-35​ ៖​ មាន​ទម្ងន់​ផ្ទុក​សរុប​ជាង​៣៤​តោន​ ។​ អាច​ហោះហើរ​ក្នុង​ល្បឿន​ជាង​ ២​ ៤០០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​ ។​ បំពាក់​ដោយ​អាវុធ​ប្រឆាំង​យន្តហោះ​កាណុង​ទំហំ​៣០​មិល្លីម៉ែត្រ​ និង​អាវុធ​មី​ស៊ី​លបាញ់​ពីលើ​អាកាស​ ព្រមទាំង​បាញ់​មក​ផ្ទៃដី​ ។​ ក្រៅពី​នេះ​ យន្តហោះ​ចម្បាំង​ធុន​ Su-35​ អាច​មាន​បំពាក់​ដោយ​រ៉ុក្កែត​ និង​គ្រាប់បែក​ផង​ ៕​

 

 

 

 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.