ថ្ងៃ ពុធ ទី ០៥ ខែ តុលា ឆ្នាំ ២០២២

អាមេរិក គ្រោងបញ្ជូនយន្ដហោះចម្បាំងដ៏ទំនើបធុន F-22 Raptor ទៅកាន់អូស្ដ្រាលី ព្រមានចិន រឿងជម្លោះដែនសមុទ្រចិនខាងត្បូង

គេហទំព័រ IHS Jane’s បានផ្សព្វផ្សាយកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅថ្មីៗឲ្យដឹងថា សហរដ្ឋអាមេរិក នឹងបញ្ជូន និងចាប់ផ្ដើមប្រតិបត្តិការយន្ដហោះចម្បាំងដ៏ទំនើបរបស់ខ្លួនធុន F-22 Raptor ពីប្រទេសអូស្ដ្រាលី ភាគខាងជើង នៅក្នុងឆ្នាំ២០១៧ខាងមុខ សំដៅធ្វើការព្រមានទៅលើទីក្រុងប៉េកាំង រឿងជម្លោះតំបន់ដែនសមុទ្រចិនខាងត្បូង ។

លោកឧត្តមនាវី Harry B.Harris មេបញ្ជាការយោធាសហរដ្ឋអាមេរិក ប្រចាំតំបន់ប៉ាស៊ីហ្វិក បានបញ្ជាក់អះអាង ពីទីក្រុងស៊ីដនី ប្រទេសអូស្ដ្រាលី ឲ្យដឹងថា អាមេរិក នឹងមិនអនុញ្ញាតឲ្យដែនតំបន់បែងចែកមួយ ត្រូវបានបិទជាឯកតោភាគីនោះទេ ទោះបីចិនមានមូលដ្ឋានទ័ពច្រើនប៉ុណ្ណា ដែលសាងសង់នៅលើកោះសិប្បនិមិត្ត ក្នុងដែនសមុទ្រចិនខាងត្បូង ក៏ដោយ ។

តាមរូបភាពចាប់ដោយផ្កាយរណប ពីលើអាកាស បានបង្ហាញថា ក្រៅពីបន្ត និងសម្រុកសាងសង់ព្រលានយន្ដហោះ ជាហេដ្ឋារចនាសម្ព័ន្ធយោធាដ៏រឹងមាំ នៅលើកោះសិប្បនិមិត្តរបស់ខ្លួន ក្នុងតំបន់ដែនសមុទ្រចិនខាងត្បូង កំពុងមានជម្លោះជាមួយបណ្ដាប្រទេសជាច្រើន ក្នុងតំបន់អាស៊ីនោះ ចិនបានដាក់ដំឡើងនូវកាំភ្លើងប្រឆាំងយន្ដហោះ និងប្រព័ន្ធខែលការពារមីស៊ីល ថែមទៀត ពោលគឺចិន មិនខ្វល់នឹងសេចក្ដីសម្រេចរបស់តុលាការអន្តរជាតិ ទីក្រុងឡាអេ ដែលបដិសេធសិទ្ធិគ្រប់គ្រងផ្ដាច់មុខរបស់ចិន លើតំបន់ដែនសមុទ្រចិនខាងត្បូង កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ នោះឡើយ ។

កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅថ្មីៗ នាវាធុន USNS Bowditch មួយគ្រឿង របស់សហរដ្ឋអាមេរិក ដែលបំពេញបេសកកម្មសិក្សាស្រាវជ្រាវបាតសមុទ្រ ត្រូវបានចិន ចាប់ឃាត់ទុកនៅតំបន់ដែនសមុទ្រចិនខាងត្បូង ធ្វើឲ្យមានការ « ឌឺដង »គ្នា រវាងមហាអំណាចអាមេរិក និងមហាអំណាចចិន កើនកម្ដៅ ខណៈសហរដ្ឋអាមេរិក ចោទប្រកាន់ទៅលើចិន ថា បានលួចនាវាសិក្សាស្រាវជ្រាវរបស់ខ្លួន ៕

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.