ក្រុមហ៊ុន Toyota Motor Corp. បានប្រកាសឲ្យដឹងថា នឹងធ្វើការប្រមូលរថយន្តម៉ូដែល Lexus ចំនួន ៦៦ ៨៣០គ្រឿង ដែលនាំចូលទៅកាន់ប្រទេសចិន ត្រឡប់យកមកចូលរោងចក្រវិញ បន្ទាប់ពីអ្នកជំនាញត្រួតពិនិត្យគុណភាពរបស់ចិនអះអាងបញ្ជាក់នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦នេះ រកឃើញថា មានបញ្ហាបច្ចេកទេសទាក់ទងនឹងសុវត្ថិភាព អាចបង្កគ្រោះថ្នាក់ដល់អ្នកបើកបរ ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Reuters ។
រថយន្តផលិតដោយក្រុមហ៊ុន Toyota មានម៉ូដែលម៉ាក Lexus ដែលនឹងត្រូវប្រមូលយកមកចូលរោងចក្រវិញនោះ គឺជាប្រភេទរថយន្តផលិតនៅចន្លោះខែមិថុនា ឆ្នាំ២០១៤ ដល់ខែធ្នូ ឆ្នាំ២០១៦ ពីព្រោះវាមានបញ្ហា Software បង្កដំណើរការមិនប្រក្រតី ឈានទៅនាំឲ្យមានការគ្រោះថ្នាក់ដល់អ្នកបើកបរ ។
កាលពីខែតុលា ឆ្នាំ២០១៦កន្លងទៅថ្មីៗ ក្រុមហ៊ុនផលិតរថយន្ត Toyota ធ្លាប់បានប្រកាសប្រមូលយករថយន្តប្រមាណចំនួន ៥,៨លានគ្រឿង នៅក្នុងប្រទេសជប៉ុន បណ្តាប្រទេសអឺរ៉ុប និងប្រទេសចិន ត្រឡប់យកមកចូលរោងចក្រវិញ ពីព្រោះរថយន្តទាំងនោះមានបញ្ហាពោងសុវត្ថិភាព អាចបង្កការគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ ៕