ថ្ងៃ ពុធ ទី ២២ ខែ កញ្ញា ឆ្នាំ ២០២១

មេដឹកនាំ​កូរ៉េ​ខាងជើង​ស្រវឹងស្រា​ ចោទ​ក្រុម​ឧត្តមសេនីយ៍​ជាន់ខ្ពស់​ថា​ក្បត់ជាតិ​ និង​បញ្ជា​ឲ្យ​សរសេរ​លិខិត​សារភាព​ទោស​កំហុស​អស់​ពេញ​មួយ​យប់​

​មានរឿង​គួរ​ហួសចិត្ត​មួយ​បាន​កើតឡើង​ដោយសារ​លោក​ Kim​ Jong-un​ មេដឹកនាំ​វ័យក្មេង​របស់​កូរ៉េ​ខាងជើង​ផឹកស្រា​ជ្រុល​រហូត​ដល់​ស្រវឹង​ ហើយ​ចោទប្រកាន់​ទៅ​លើ​ក្រុម​ឧត្តមសេនីយ៍​យោធា​ជាន់ខ្ពស់​ជំនិតៗ​ថា​ ជា​ជន​ក្បត់ជាតិ​ និង​បញ្ជា​ឲ្យ​ក្រុម​ឧត្តមសេនីយ៍​ទាំងនោះ​សរសេរ​លិខិត​សារភាព​ទោស​កំហុស​របស់​ខ្លួន​អស់​រយៈពេល​ពេញ​មួយ​យប់​ ដោយ​មិន​បាន​សម្រាក​ដេក​ពួន​ ខណៈ​ព្រោះតែ​ភ័យ​ខ្លាច​នឹង​ទោសទណ្ឌ​ប្រហារជីវិត​ ទើប​ក្រុម​ឧត្តមសេនីយ៍​យោធា​ជាន់ខ្ពស់​ទាំងនោះ​មិន​ហ៊ាន​ប្រកែក​ ឬ​តវ៉ា​រអ៊ូរ​រទាំ​អ្វី​ឡើយ​ ។​

​គេហទំព័រ​សារព័ត៌មាន​ Ibtimes​ របស់​អង់គ្លេស​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​១៥​ ខែធ្នូ​ ឆ្នាំ​២០១៦​នេះ​ឲ្យ​ដឹង​ថា​ រឿងរ៉ាវ​ហួសចិត្ត​ពាក់ព័ន្ធ​នឹង​មេដឹកនាំ​កូរ៉េ​ខាងជើង​ Kim​ Jong-un​ នោះ​ គឺ​បាន​កើតឡើង​តាំងពី​ខែកញ្ញា​ ឆ្នាំ​២០១៦​មក​ម្ល៉េះ​ ប៉ុន្តែ​ទើប​បែកធ្លាយ​ព័ត៌មាន​ដល់​សារព័ត៌មាន​ Shimbun​ របស់​ជប៉ុន​នា​ពេល​ថ្មីៗ​នេះ​ ។​

​អ្វី​ដែល​ប្រការ​ហួសចិត្ត​ក្លាយទៅជា​រឿង​អស់សំណើច​វិញ​នោះ​ គឺ​នៅ​ពេល​ព្រឹក​ឡើង​ក្រោយ​ពេល​ស្វាង​ស្រា​ពី​ខ្លួន​ លោក​ Kim​ Jong-un​ ហាក់ដូចជា​ភ្លេច​អស់​នូវ​ហេតុការណ៍​កាលពី​យប់​ ហើយ​បាន​និយាយ​របៀប​ដាស់តឿន​ទៅ​ដល់​ក្រុម​ឧត្តមសេនីយ៍​យោធា​ជាន់ខ្ពស់​ទាំងនោះ​មុន​ពេល​អនុញ្ញាត​ឲ្យ​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​រៀងៗ​ខ្លួន​វិញ​ថា​ «​ចូរ​ប្រយ័ត្ន​ចំពោះ​សុខភាព​ខ្លួនឯង​ផង​ ពីព្រោះ​លោក​ទាំងអស់​គ្នា​មាន​វ័យចាស់​ណាស់​ទៅ​ហើយ​»​ ។​ ពាក្យ​សម្ដី​របស់​មេដឹកនាំ​វ័យក្មេង​របស់​កូរ៉េ​ខាងជើង​រូប​នេះ​ បាន​ធ្វើ​ឲ្យ​ឧត្តមសេនីយ៍​ជាន់ខ្ពស់​មួយ​ចំនួន​ក្ដុកក្ដួល​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង​ រហូត​មាន​អ្នកខ្លះ​ស្រក់​ទឹកភ្នែក​ ។​

​កាលពី​ខែកក្កដា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ គេហទំព័រ​ Daily​ Star​ របស់​អង់គ្លេស​ ធ្លាប់​បាន​ផ្សព្វផ្សាយ​អំពី​ព័ត៌មាន​បែកធ្លាយ​ថា​ លោក​ Kim​ Jong-un​ បាន​ដេក​លក់​នៅ​ក្នុង​កិច្ចប្រជុំ​រដ្ឋសភា​កូរ៉េ​ខាងជើង​ បន្ទាប់​ពី​បាន​ផឹកស្រា​ក្រហម​ Bordeaux​ របស់​បារាំង​ជាមួយ​សហការី​អស់​ចំនួន​ប្រមាណ​១០​ដប​កាលពី​យប់​ ។​

​យោង​តាម​ការ​ផ្សព្វផ្សាយ​របស់​គេហទំព័រ​ Richest​ បាន​ឲ្យ​ដឹង​ថា​ លោក​ Kim​ Jong-un​ អាយុ​៣៣​ឆ្នាំ​ មេដឹកនាំ​វ័យក្មេង​របស់​កូរ៉េ​ខាងជើង​ មានទ្រព្យ​សម្បត្តិ​ចំនួន​ប្រមាណ​៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ ពោល​គឺ​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាង​លោក​ Donald​ Trump​ អាយុ​៧១​ឆ្នាំ​ ជា​ប្រធានាធិបតី​ទី​៤៥​របស់​សហរដ្ឋអាមេរិក​ដែល​ទើប​ជាប់​ឆ្នោត​ថ្មីៗ​ទៅ​ទៀត​ ៕​

 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.