ថ្ងៃ ពុធ ទី ២២ ខែ កញ្ញា ឆ្នាំ ២០២១

ជប៉ុនស្នើអាមេរិកឲ្យឈប់ប្រើប្រាស់យន្ដហោះធុន MV-22 Osprey ក្រោយជួបគ្រោះថ្នាក់ធ្លាក់ក្នុងសមុទ្រជប៉ុន

សារព័ត៌មាន Reuters បានផ្សព្វផ្សាយឲ្យដឹងថា កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ម្សិលមិញនេះ លោកស្រី Tomomi Inada រដ្ឋមន្ដ្រីការពារជាតិជប៉ុនបានដាក់សំណើមួយទៅកាន់កងកម្លាំងទាហានម៉ារីន (ទាហានជើងទឹក) វាយឡើងគោកសហរដ្ឋអាមេរិក ស្នើឲ្យអាមេរិកឈប់ប្រើប្រាស់យន្ដហោះប្រភេទឧទ្ធម្ភាគចក្រដឹកជញ្ជូនសម្ភារៈ បរិក្ខារកងទ័ពធុន MV-22 Osprey នៅលើកោះ Okinawa តទៅទៀត ក្រោយពេលយន្ដហោះប្រភេទនេះបានជួបគ្រោះថ្នាក់ធ្លាក់ចូលក្នុងឈូងសមុទ្រ Nago ភាគនីរតីនៃកោះ Okinawa នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅថ្មីៗ ។

លោកស្រីរដ្ឋមន្ដ្រីការពារជាតិជប៉ុនបានលើកឡើងដែរថា ប្រជាពលរដ្ឋជប៉ុនរស់នៅក្នុងតំបន់កោះ Okinawa ជាទីបញ្ជាការដ្ឋានកងកម្លាំងទាហានអាមេរិកបោះទីតាំងអស់រយៈពេល៤៤ឆ្នាំមកហើយនោះ មានការព្រួយបារម្ភអំពីសុវត្ថិភាពផ្ទាល់ខ្លួនពាក់ព័ន្ធនឹងសកម្មភាពហោះហើរទាំងយប់ ទាំងថ្ងៃរបស់កងកម្លាំងទាហានអាមេរិក ។ ម៉្យាងទៀត ការជួបគ្រោះថ្នាក់របស់យន្ដហោះធុន MV-22 Osprey ដែលធ្លាក់ចូលទៅក្នុងសមុទ្រជប៉ុននោះមិនទាន់មានការបញ្ជាក់ជាក់លាក់ណាមួយអំពីមូលហេតុនៃការធ្លាក់នៅឡើយ ។

លោក Shinzo Abe នាយករដ្ឋមន្ដ្រីជប៉ុនបានសម្ដែងនូវការសោកស្ដាយចំពោះហេតុការណ៍ធ្លាក់យន្ដហោះដឹកជញ្ជូនធុន MV-22 Osprey របស់សហរដ្ឋអាមេរិកនោះ ខណៈអាកាសយានិកចំនួន៥នាក់ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា ។

យន្ដហោះដឹកជញ្ជូនសម្ភារៈ បរិក្ខារយោធារបស់សហរដ្ឋអាមេរិកធុន MV-22 Osprey ផលិតដោយក្រុមហ៊ុន Bell Helicopter និងក្រុមហ៊ុន Boeing Helicopter មានតម្លៃជិត១០០លានដុល្លារអាមេរិកក្នុង១គ្រឿង ប្រើប្រាស់ដំបូងដោយកងកម្លាំងទាហានជើងអាកាស និងទាហានម៉ារីនវាយឡើងគោករបស់សហរដ្ឋអាមេរិក ។ យន្ដហោះប្រភេទនេះ ត្រូវបានបញ្ជូនមកកាន់ទីបញ្ជាការដ្ឋានយោធាសហរដ្ឋអាមេរិកនៅកោះ Okinawa ប្រទេសជប៉ុនលើកដំបូងនៅក្នុងឆ្នាំ២០១២ ហើយបានជួបគ្រោះថ្នាក់ជាច្រើននៅទីតាំងផ្សេងៗទៀតរបស់សហរដ្ឋអាមេរិកជុំវិញពិភពលោក ៕

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.