ថ្ងៃ ពុធ ទី ២២ ខែ កញ្ញា ឆ្នាំ ២០២១

បុគ្គលិក​សិក្សា​វិទ្យាល័យ​សិរី​សោភ័ណ​ជិត​៥០​នាក់​ ទម្លាយ​រឿងអាស្រូវ​ពុក​រលួយ​របស់​លោកស្រី​នាយិកា​ ណាត​ ស៊ីវ​ឡាយ​ និង​ប្តឹង​ឲ្យ​អភិបាល​ខេត្តបន្ទាយមានជ័យ​ចាត់ការ​ដកហូត​តំណែង​

​កាលពី​ថ្ងៃ​ទី​២៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ បុគ្គលិក​សិក្សា​នៃ​វិទ្យាល័យ​សិរី​សោភ័ណ​ ឋិត​នៅ​ភូមិ​៣​ សង្កាត់​ព្រះ​ពន្លា​ ក្រុង​សិរី​សោភ័ណ​ ខេត្តបន្ទាយមានជ័យ​ ចំនួន​៤៦​នាក់​ បាន​ផ្តិត​មេដៃ​រួម​គ្នា​ទម្លាយ​ចេញ​នូវ​រឿងអាស្រូវ​ពុក​រលួយ​ និង​រូបភាព​អសកម្ម​របស់​លោកស្រី​ ណាត​ ស៊ីវ​ឡាយ​ ជា​នាយិកា​វិទ្យាល័យ​ រហូត​ដល់​ចំនួន​២២​ចំណុច​ និង​ដាក់​ពាក្យបណ្តឹង​អន្តរាគមន៍​សុំ​ឲ្យ​ឯកឧត្តម​ សួន​ បវរ​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ​ មាន​វិធានការ​ត្រួតពិនិត្យ​លើ​ការ​ដឹកនាំ​ និង​គ្រប់គ្រង​របស់​លោកស្រី​នាយិកា​រូប​នេះ​ ។​

​នៅ​ក្នុង​លិខិត​សុំ​អន្តរាគមន៍​របស់​ក្រុម​បុគ្គលិក​សិក្សា​នៃ​វិទ្យាល័យ​សិរី​សោភ័ណ​ទាំង​៤៦​នាក់​នោះ​ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ ការ​ដឹកនាំ​ និង​ការ​គ្រប់គ្រង​របស់​លោកស្រី​ ណាត​ ស៊ីវ​ឡាយ​ ជា​នាយិកា​វិទ្យាល័យ​តទៅ​ទៀត​ គឺ​ពួក​គាត់​មិន​អាច​ទទួលយក​បាន​ឡើយ​ ហើយ​សំណូមពរ​ចំពោះ​ឯកឧត្តម​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ​ មេត្តា​ពិនិត្យ​ស្រាវជ្រាវ​ និង​ដោះស្រាយ​ឲ្យ​មានការ​ផ្លាស់​ប្តូរ​លោកស្រី​ ណាត​ ស៊ីវ​ឡាយ​ ចេញពី​នាយិកា​វិទ្យាល័យ​ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ពួក​គាត់​ទាំងអស់​គ្នា​ ។​

​ប្រភព​ព័ត៌មាន​ពី​សាលា​ខេត្តបន្ទាយមានជ័យ​ បាន​ឲ្យ​ដឹង​ថា​ រហូត​មក​ទល់​នឹង​ពេល​នេះ​ ពាក្យសុំ​អន្តរាគមន៍​របស់​ក្រុម​បុគ្គលិក​សិក្សា​នៃ​វិទ្យាល័យ​សិរី​សោភ័ណ​ទាំង​៤៦​នាក់​ដែល​ស្នើ​សុំ​ឲ្យ​មានការ​ផ្លាស់​ប្តូរ​លោកស្រី​ ណាត​ ស៊ីវ​ឡាយ​ ពី​នាយិកា​វិទ្យាល័យ​សិរី​សោភ័ណ​នោះ​ មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ​សម​ស្រប​ និង​យុត្តិធម៌​ណាមួយ​ពី​ឯកឧត្តម​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ​នៅឡើយ​ទេ​ ។​

​លោកស្រី​ ណាត​ ស៊ីវ​ឡាយ​ នាយិកា​វិទ្យាល័យ​សិរិ​សោភ័ណ​ ដែល​ជា​អ្នកមាន​ទ្រព្យសម្បត្តិ​ហ៊ឺហា​ម្នាក់​ និង​មានកូនៗ​ចំនួន​៣​នាក់​ក្នុង​ចំណោម​៤​នាក់​ប្រឡង​ជាប់​ជា​វេជ្ជបណ្ឌិត​នោះ​ មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​បញ្ជាក់​ពាក់ព័ន្ធ​នឹង​ការ​ទម្លាយ​រឿងអាស្រូវ​ពុក​រលួយ​ពី​សំណាក់​បុគ្គលិក​សិក្សា​វិទ្យាល័យ​ទាំង​៤៦​នាក់​បាន​នៅឡើយ​ គិត​ត្រឹម​ថ្ងៃ​ទី​១៤​ ខែធ្នូ​ ឆ្នាំ​២០១៦​នេះ​ ដ្បិត​គ្មាន​ទូរស័ព្ទ​ទំនាក់ទំនង​ ៕​

 

 

 

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.