ថ្ងៃ ពុធ ទី ២២ ខែ កញ្ញា ឆ្នាំ ២០២១

លម្អៀង​តួលេខ​នាំ​ចេញ​ខ្សាច់​ខ្មែរ​ទៅ​សិង្ហ​បុរី​ប្រមាណ​៧០​លាន​តោន​ ស្មើនឹង​៧៥០​លាន​ដុល្លារ​ សង្ស័យ​ថា​មាន​បង្កប់​អំពើ​ពុក​រលួយ​យ៉ាងធ្ងន់ធ្ងរ​

​តួលេខ​ដែល​បង្ហាញ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​ក្រសួងពាណិជ្ជកម្ម​ ពាក់ព័ន្ធ​នឹង​ការ​នាំ​ចេញ​ខ្សាច់​ទៅ​កាន់​ប្រទេស​សិង្ហ​បុរី​រយៈពេល​៨​ឆ្នាំ​ ក្នុង​ចន្លោះ​ឆ្នាំ​២០០៧​ដល់​ឆ្នាំ​២០១៥​កន្លង​ទៅ​ គឺ​មាន​ប្រមាណ​២,៨​លាន​តោន​ ពោល​មានការ​ខុស​គ្នា​យ៉ាង​ខ្លាំង​ទៅ​នឹង​ទិន្នន័យ​យ៉ាង​ខ្លាំង​ស្ថិតិ​ពាណិជ្ជកម្ម​លើ​ទំនិញ​របស់​អង្គការសហប្រជាជាតិ​ ដែល​ស្រង់​ពី​តួលេខ​របស់​នាយកដ្ឋាន​ស្ថិតិ​ពាណិជ្ជកម្ម​រដ្ឋាភិបាល​ប្រទេស​សិង្ហ​បុរី​ បង្ហាញ​ថា​ សម្រាប់​រយៈពេល​ដូច​គ្នា​ការ​នាំ​ចេញ​ខ្សាច់​ពី​កម្ពុជា​ចូល​ប្រទេស​សិង្ហ​បុរី​មាន​ចំនួន​ប្រមាណ​៧២,៨​លាន​តោន​ ជា​ហេតុ​ធ្វើ​ឲ្យ​អង្គការ​សង្គម​ស៊ី​វិល​ជិត​៥០​ទាមទារ​ឲ្យ​ក្រសួង​រ៉ែ​ និង​ថាមពល​ មាន​ឯកឧត្តម​ ស៊ុ​យ​ សែ​ម​ ជា​រដ្ឋមន្ត្រី​ បង្ហាញ​ទិន្នន័យ​ជាក់លាក់​ជា​សាធារណៈ​ ។​

​ទោះ​យ៉ាងណា​ក៏​ដោយ​ ទិន្នន័យ​នៃ​ការ​នាំ​ចេញ​ខ្សាច់​ពី​កម្ពុជា​ទៅ​កាន់​ប្រទេស​សិង្ហ​បុរី​ដែល​មាន​តួលេខ​លម្អៀង​ស្មើនឹង​ទឹកប្រាក់​ប្រមាណ​ ៧៥០​លាន​ដុល្លារ​អា​មេ​រិ​ក​នោះ​ មិន​ត្រូវ​បាន​ឯកឧត្តម​ ស៊ុ​យ​ សែ​ម​ សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​រដ្ឋមន្ត្រីក្រសួង​រ៉ែ​ និង​ថាមពល​ ដាក់​បង្ហាញ​ជា​សាធារណៈ​ឲ្យ​មាន​តម្លាភាព​គួរ​ជឿជាក់​បាន​នៅឡើយ​ទេ​ ។​

​ដូច្នេះ​ហើយ​ ទើប​កាលពី​ថ្ងៃ​ទី​២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ ឯកឧត្តម​ ហូរ​ វ៉ា​ន់​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​រាជធានី​ភ្នំពេញ​ មក​ពី​ណ​បក្ស​សង្គ្រោះ​ជាតិ​ និង​ជា​ប្រធាន​គណៈកម្មការ​ទី​១០​នៃ​រដ្ឋសភា​នីតិកាល​ទី​៥​ បាន​ស្នើ​សុំ​ឲ្យ​រាជរដ្ឋាភិបាល​ចាត់​បញ្ជូន​ឯកឧត្តម​ ស៊ុ​យ​ សែ​ម​ រដ្ឋមន្ត្រីក្រសួង​រ៉ែ​ និង​ថាមពល​ ព្រមទាំង​សហការី​ ឲ្យ​ចូលខ្លួន​មក​ឆ្លើយ​បំភ្លឺ​រដ្ឋសភា​ ពាក់ព័ន្ធ​នឹង​ភាព​មិន​ប្រក្រតី​នៃ​ការ​នាំ​ចេញ​ខ្សាច់​ទៅ​កាន់​ប្រទេស​សិង្ហ​បុរី​ នៅ​ថ្ងៃ​ទី​១៥​ ខែធ្នូ​ ឆ្នាំ​២០១៦​ស្អែក​នេះ​ ។​

​មជ្ឈដ្ឋាន​អ្នក​តាមដាន​ស្ថានការណ៍​កិច្ចការ​សង្គម​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ លម្អៀង​តួលេខ​នៃ​ការ​នាំ​ចេញ​ខ្សាច់​ពី​ប្រទេស​កម្ពុជា​ទៅ​កាន់​ប្រទេស​សិង្ហ​បុរី​ក្នុង​ទំហំ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ​ គឺ​អាច​មាន​បង្កប់​នូវ​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ​យ៉ាងធ្ងន់ធ្ងរ​បំផុត​ ដែល​ទាមទារ​ឲ្យ​មានការ​ស៊ើបអង្កេត​ស្រាវជ្រាវ​ឲ្យ​បាន​ជាក់លាក់​ និង​មាន​តម្លាភាព​ពិតប្រាកដ​ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.