ថ្ងៃ សៅរ៏ ទី ១៨ ខែ កញ្ញា ឆ្នាំ ២០២១

ជម្លោះ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ មិន​ត្រូវ​បាន​លើកយក​មក​ពិភាក្សា​ទេ​ក្នុង​ជំនួប​បុរស​ខ្លាំង​ហ្វី​លី​ពី​ន​ និង​បុរស​ខ្លាំង​កម្ពុជា​

​ជំនួប​រវាង​លោក​ Rodrigo​ Duterte​ ប្រធានាធិបតី​ប្រទេស​ហ្វី​លី​ពី​ន​ ហៅ​បុរស​ខ្លាំង​ហ្វី​លី​ពី​ន​ ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ហៅ​បុរស​ខ្លាំង​នៃ​កម្ពុជា​ នៅ​វិមាន​សន្តិភាព​ នា​រសៀល​ថ្ងៃ​ទី​១៤​ ខែធ្នូ​ ឆ្នាំ​២០១៦​នេះ​ ភាគី​ទាំង​ពីរ​បាន​ចុះហត្ថលេខា​រួម​គ្នា​នៅ​លើ​ពិធីសារ​ និង​អនុស្សា​រណៈ​ចំនួន​៤​ គឺ​ ៖​ ១-​អនុស្សា​រណៈ​នៃ​ការ​យោគយល់​គ្នា​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ ,​ ២-​អនុស្សា​រណៈ​នៃ​កិច្ចព្រមព្រៀង​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការងារ​ ,​ ៣-​អនុស្សា​រណៈ​នៃ​កិច្ចព្រមព្រៀង​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​នៅ​លើ​វិស័យ​កីឡា​ និង​៤-​ការ​អនុវត្ត​កម្មវិធី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​ ។​

​ក្រៅពី​កិច្ចព្រមព្រៀង​ចំនួន​៤​ដែល​បាន​ចុះហត្ថលេខា​រួម​គ្នា​ខាងលើ​នេះ​ លោក​ Rodrigo​ Duterte​ បុរស​ខ្លាំង​ហ្វី​លី​ពី​ន​ ក៏​បាន​សម្រេច​ផ្តល់​អាហារូបករណ៍​ចំនួន​៦០​កន្លែង​ដល់​និស្សិត​កម្ពុជា​ទៅ​សិក្សា​នៅ​ប្រទេស​ហ្វី​លី​ពី​ន​លើ​មុខ​ជំនាញ​ផ្សេងៗ​ ដើម្បី​អបអរសាទរ​ខួប​អនុ​ស្សារី​យ៍​លើក​ទី​៦០​នៃ​ថ្ងៃ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ​ (​កម្ពុជា​-​ហ្វី​លី​ពី​ន​)​ នៅ​ខែសីហា​ ឆ្នាំ​២០១៧​ខាង​មុខ​ ។​

​ដោយឡែក​ ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​រយៈពេល​០២​ថ្ងៃ​នៅ​ប្រទេស​កម្ពុជា​ និង​ជំនួប​រវាង​លោក​ Rodrigo​ Duterte​ បុរស​ខ្លាំង​ហ្វី​លី​ពី​ន​ និង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ បុរស​ខ្លាំង​នៃ​កម្ពុជា​ គឺ​ករណី​ជម្លោះ​នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​រវាង​ប្រទេស​ចិន​ និង​ប្រទេស​ហ្វី​លី​ពី​ន​នោះ​ មិន​ត្រូវ​បាន​លើកយក​មក​ពិភាក្សា​ទេ​ ដ្បិត​កម្ពុជា​ប្រកាន់​យក​នូវ​ជំហរ​អព្យាក្រឹត​ និង​បាន​ស្នើ​ឲ្យ​ភាគី​ក្នុង​ជម្លោះ​ដោះស្រាយ​គ្នា​ដោយ​សន្តិវិធី​ ។​

​ចំពោះ​វត្តមាន​លោក​ Manny​ Pacquiao​ អ្នកតំណាង​រាស្ត្រ​ប្រទេស​ហ្វី​លី​ពី​ន​ និង​ជា​កីឡាករ​ប្រដាល់​លំដាប់​ពិភពលោក​ដ៏​ល្បីឈ្មោះ​នៅ​ប្រទេស​កម្ពុជា​ រួម​ដំណើរ​ជាមួយ​លោក​ប្រធានាធិបតី​ Rodrigo​ Duterte​ នោះ​ ត្រូវ​បាន​ឯកឧត្តម​ ថោ​ង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា​ មាន​ប្រសាសន៍​បញ្ជាក់​ឲ្យ​ដឹង​ថា​ នៅ​ឆ្នាំ​ក្រោយ​ស្តេច​ប្រដាល់​រូប​នេះ​អាច​នឹង​មក​លេង​កម្ពុជា​ម្តងទៀត​ និង​ជា​ពិសេស​នៅ​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​មនា​ឆ្នាំ​២០២៣​ខាង​មុខ​ លោក​ Manny​ Pacquiao​ ក៏​នឹង​មក​ចូលរួម​ដែរ​ ខណៈ​កីឡាករ​ប្រដាល់​លំដាប់​អន្តរជាតិ​រូប​នេះ​ក៏​បាន​សន្យា​ថា​ នឹង​ជួយ​បង្វឹក​បង្ហាត់បង្រៀន​ដល់​កីឡាករ​កម្ពុជា​លើ​វិស័យ​កីឡាប្រដាល់​ ៕​

 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.