ថ្ងៃ ពុធ ទី ២២ ខែ កញ្ញា ឆ្នាំ ២០២១

អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​ «​ ស៊ីដាច់​ »​ សំណុំរឿង​វិវាទ​ដីធ្លី​មួយ​កន្លែង​ជាមួយ​ដន្លងដងស្នែង​ឧកញ៉ា​ លី​ យ៉ុ​ង​ផាត់​ នៅ​ខេត្តសៀមរាប​

​ប្រជាពលរដ្ឋ​ចំនួន​៩​គ្រួសារ​(​អតីត​មាន​ចំនួន​៨​គ្រួសារ​)​ ដែល​ជា​សហ​ដើមចោទ​នៅ​ក្នុង​សំណុំរឿង​វិវាទ​ដីធ្លី​មួយ​កន្លែង​ទំហំ​១៧២​ ៤៩០​ម៉ែត្រក្រឡា​ ឋិត​នៅ​ភូមិ​ក្រសាំង​រលើង​ សង្កាត់​សៀមរាប​ ក្រុង​សៀមរាប​ ខេត្តសៀមរាប​ ជាមួយ​ក្រុម​គ្រួសារ​ដន្លងដងស្នែង​របស់​ឯកឧត្តម​ ឧកញ៉ា​ លី​ យ៉ុ​ង​ផាត់​ អគ្គ​នាយ​ក្រុមហ៊ុន​ LYP​ Group​ និង​ជា​សមាជិក​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ទទួល​រង​គ្រោះ​ព្រោះតែ​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​ មាន​ឯកឧត្តម​ឧបនាយក​រដ្ឋ​ន្ត្រី​ ប៊ិ​ន​ ឈិ​ន​ ជា​ប្រធាន​ «​ ស៊ីដាច់​ »​ ឯកសារ​សំណុំរឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ និង​ហួសចិត្ត​ ។​

​ករណី​វិវាទ​ដីធ្លី​ខាងលើ​ធ្លាប់​ឋិត​នៅ​ក្នុង​សមត្ថកិច្ច​របស់​សាលាដំបូង​ខេត្តសៀមរាប​តាំងពី​អំឡុង​ឆ្នាំ​២០០៧​មក​ម្ល៉េះ​ ដែល​មាន​ប្រជាពលរដ្ឋ​ចំនួន​៩​គ្រួសារ​ជា​សហ​ដើមចោទ​ (​សំណុំរឿង​រដ្ឋប្បវេណី​លេខ​៤៨១​ ចុះ​ថ្ងៃ​ទី​២៣​ ខែកក្កដា​ ឆ្នាំ​២០០៧)​ និង​ក្រោយមក​ ក្លាយជា​សំណុំរឿង​រដ្ឋប្បវេណី​លេខ​០១​ ចុះ​ថ្ងៃ​ទី​១០​ ខែកុម្ភៈ​ ឆ្នាំ​២០០៩​ របស់​សាលាដំបូង​ខេត្តសៀមរាប​ មានឈ្មោះ​ សេង​ ចាយ​ (​ជា​ដន្លងដងស្នែង​ឯកឧត្តម​ ឧកញ៉ា​ លី​ យ៉ុ​ង​ផាត់​)​ ឈ្មោះ​ សេង​ ញ៉​ក់​ (​ជា​កូនប្រុស​ឈ្មោះ​ សេង​ ចាយ​ និង​ត្រូវជា​កូនប្រសា​ឯកឧត្តម​ ឧកញ៉ា​ លី​ យ៉ុ​ង​ផាត់​)​ និង​ឈ្មោះ​ សេង​ លាង​ (​ជា​កូនស្រី​ឈ្មោះ​ សេង​ ចាយ​)​ ជា​សហ​ចុង​ចម្លើយ​ (​ឈ្មោះ​ សេង​ ចាយ​,​ ឈ្មោះ​ សេង​ ញ៉​ក់​ និង​ឈ្មោះ​ សេង​ លាង​ ជា​អ្នកទិញ​ដី​ទំនាស់​បន្ត​ពី​ក្រុម​ប្រជាពលរដ្ឋ​ចំនួន​១១១​គ្រួសារ​ដែល​កំពុង​មាន​វិវាទ​ជាមួយ​ក្រុម​ប្រជាពលរដ្ឋ​ចំនួន​៩​គ្រួសារ​)​ ។​

​ក្រៅពី​មាន​សំណុំរឿង​នៅ​ស្ថាប័ន​តុលាការ​សាលាដំបូង​ខេត្តសៀមរាប​ គឺ​ករណី​ទំនាស់​ដីធ្លី​នេះ​ក៏​មាន​សំណុំរឿង​នៅ​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​ មាន​ឯកឧត្តម​ ប៊ិ​ន​ ឈិ​ន​ ឧបនាយករដ្ឋមន្ត្រី​ ជា​ប្រធាន​ផង​ដែរ​ នា​អំឡុង​ឆ្នាំ​២០០៩(​សេចក្តីសម្រេច​លេខ​១០/០៩​សសរ​.​អ​ជ​ដ​ ចុះ​ថ្ងៃ​ទី​០៦​ ខែកក្កដា​ ឆ្នាំ​២០០៩)​ ។​ ក្រោយមក​ទៀត​ សំណុំរឿង​ទំនាស់​ដីធ្លី​នេះ​ត្រូវ​បាន​សាលាដំបូង​ខេត្តសៀមរាប​ផ្ទេរ​សមត្ថកិច្ច​មក​ឲ្យ​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​ជា​សមត្ថកិច្ច​បន្ត​ទាំងស្រុង​ តាម​ដីកា​សម្រេច​លេខ​៥១​ ចុះ​ថ្ងៃ​ទី​២៦​ ខែមករា​ ឆ្នាំ​២០១១​ ។​

​អស់​រយៈពេល​ជិត​១០​ឆ្នាំ​តាំងពី​ឆ្នាំ​២០០៩​មក​ អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​មិន​បាន​សម្រេច​ថា​ ប្រគល់​ដី​ទំនាស់​ឲ្យ​ទៅ​ក្រុម​គ្រួសារ​ដន្លងដងស្នែង​របស់​ឯកឧត្តម​ ឧកញ៉ា​ លី​ យ៉ុ​ង​ផាត់​ កាន់កាប់​ជា​កម្មសិទ្ធិ​ ឬ​ប្រគល់​ទៅ​ឲ្យ​ក្រុម​ប្រជាពលរដ្ឋ​ចំនួន​៩​គ្រួសារ​កាន់កាប់​ជា​កម្មសិទ្ធិ​អ្វី​នោះ​ទេ​ គឺ​បាន​ត្រឹម​ចុង​ក្រោយ​ចេញ​លិខិត​លេខ​០៥៥/១៦​អ​ជ​ដ​ ចុះ​ថ្ងៃ​ទី​២១​ ខែកញ្ញា​ ឆ្នាំ​២០១៦​ ជម្រាប​មក​ខាង​ភាគី​ប្រជាពលរដ្ឋ​ចំនួន​៩​គ្រួសារ​ឲ្យ​ប្តឹង​ទៅ​តុលាការ​រក​ដំណោះស្រាយ​ទៅ​វិញ​ ថែម​ទាំង​មិន​បាន​ផ្ទេរ​សមត្ថកិច្ច​ ឬ​បញ្ជូន​ឯកសារ​សំណុំរឿង​ឲ្យ​ទៅ​សាលាដំបូង​ខេត្តសៀមរាប​ចាត់ការ​បន្ត​ទៀត​ផង​ (Sic!)​ ។​

​តាម​ពាក្យ​ស្នើ​សុំ​ឲ្យ​ដំណើរការ​នីតិវិធី​សំណុំរឿង​ក្តី​បន្ត​របស់​ក្រុម​ប្រជាពលរដ្ឋ​ចំនួន​៩​គ្រួសារ​នោះ​ លោក​ចៅក្រម​ ងួ​ន​ ណា​រ៉ា​ ប្រធាន​សាលាដំបូង​ខេត្តសៀមរាប​ បាន​ចេញ​លិខិត​លេខ​៤១៩​រប​/២០១៦​ ចុះ​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​ ជម្រាប​មក​ក្រុម​ប្រជាពលរដ្ឋ​ទាំង​៩​គ្រួសារ​វិញ​ថា​ សាលាដំបូង​ខេត្តសៀមរាប​បាន​បញ្ជូន​សំណុំរឿង​ និង​ឯកសារ​ពាក់ព័ន្ធ​ផ្សេងៗ​ទៅ​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​រួច​ហើយៗ​រហូត​មក​ដល់​ពេល​នេះ​ សាលាដំបូង​ខេត្តសៀមរាប​ពុំ​ទទួល​បាន​ព័ត៌មាន​អំពី​ចំណាត់ការ​លើ​សំណុំរឿង​នេះ​ទេ​ និង​ក៏​ពុំ​ទទួល​បាន​សេចក្តីសម្រេច​ណាមួយ​បង្វិល​សំណុំរឿង​នេះ​មក​តុលាការ​ចាត់ការ​វិញ​ដែរ​ ។​

​យោង​តាម​លិខិត​លេខ​០៥៥/១៦​អ​ជ​ដ​ ចុះ​ថ្ងៃ​ទី​២១​ ខែកញ្ញា​ ឆ្នាំ​២០១៦​ របស់​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​ និង​លិខិត​លេខ​៤១៩​រប​/២០១៦​ ចុះ​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​ របស់​សាលាដំបូង​ខេត្តសៀមរាប​ គឺ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ ស្ថាប័ន​តុលាការ​សាលាដំបូង​ខេត្តសៀមរាប​មិន​មាន​សំណុំរឿង​រដ្ឋប្បវេណី​លេខ​០១​ ចុះ​ថ្ងៃ​ទី​១០​ ខែកុម្ភៈ​ ឆ្នាំ​២០០៩​ របស់​ខ្លួន​យក​មក​ចាត់ការ​បន្ត​ទេ​ ដ្បិត​បាន​ផ្ទេរ​សមត្ថកិច្ច​ និង​បញ្ជូន​ឯកសារ​ពាក់ព័ន្ធ​ផ្សេងៗ​ក្នុង​សំណុំរឿង​ទៅ​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​អស់ហើយៗ​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​ក៏​មិន​បាន​ចេញ​សេចក្តីសម្រេច​ដោះស្រាយ​ណាមួយ​ និង​ក៏​មិន​បាន​ផ្ទេរ​សមត្ថកិច្ច​ឲ្យ​ទៅ​ស្ថាប័ន​តុលាការ​ចាត់ការ​បន្ត​វិញ​ដែរ​ ពោល​បាន​បង្ក​ការ​លំបាក​យ៉ាង​ខ្លាំង​ដល់​ក្រុម​ប្រជាពលរដ្ឋ​ចំនួន​៩​គ្រួសារ​ក្នុង​ការ​ស្វែងរក​យុត្តិធម៌​នៅ​ក្នុង​សំណុំរឿង​ទំនាស់​ដីធ្លី​នេះ​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ អនុលោម​តាម​មាត្រា​៣​ និង​មាត្រា​៥​ នៃ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០២០៦/០៩៧​ ចុះ​ថ្ងៃ​ទី​២៦​ ខែកុម្ភៈ​ ឆ្នាំ​២០០៦​ ស្តី​ពី​ការ​បង្កើត​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​នោះ​ គឺ​ចំណាត់ការ​របស់​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​ក្នុង​សំណុំរឿង​វិវាទ​ដីធ្លី​ ត្រូវ​តែ​មាន​សេចក្តីសម្រេច​របស់​ខ្លួន​ណាមួយ​ជាក់លាក់​ និង​ត្រូវ​បញ្ជូន​កំណត់ហេតុ​ និង​ព័ស្តុតាង​ទាំងអស់​ទៅ​តុលាការ​នៅ​ពេល​មានការ​ប្តឹង​តវ៉ា​លើ​សេចក្តីសម្រេច​របស់​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​ទៅ​តុលាការ​ ឬ​ក៏​ត្រូវ​ជូនដំណឹង​អំពី​ការ​ផ្ទេរ​សមត្ថកិច្ច​ចេញ​វិញ​ក្នុង​ករណី​ពិនិត្យ​ឃើញ​ថា​ មិនមែន​ជា​សមត្ថកិច្ច​របស់​ខ្លួន​ ។​

​ផ្ទុយ​ទៅ​វិញ​ ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ទំនាស់​ដីធ្លី​ខាងលើ​នេះ​ ចំណាត់ការ​របស់​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​ គឺ​ខុសឆ្គង​ទាំងស្រុង​ទៅ​នឹង​ស្មារតី​នៃ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០២០៦/០៩៧​ ចុះ​ថ្ងៃ​ទី​២៦​ ខែកុម្ភៈ​ ឆ្នាំ​២០០៦​ ស្តី​ពី​ការ​បង្កើត​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​ ពោល​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​របស់​ឯកឧត្តម​ ប៊ិ​ន​ ឈិ​ន​ បែរជា​ «​ ស៊ីដាច់​ »​ ឯកសារ​សំណុំរឿង​វិវាទ​ដីធ្លី​រវាង​ក្រុម​ប្រជាពលរដ្ឋ​ចំនួន​៩​គ្រួសារ​ជាមួយ​ក្រុម​គ្រួសារ​ដន្លងដងស្នែង​ឯកឧត្តម​ ឧកញ៉ា​ លី​ យ៉ុ​ង​ផាត់​ តែ​ម្តង​៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.