ថ្ងៃ សៅរ៏ ទី ០៨ ខែ សីហា ឆ្នាំ ២០២០

កាំភ្លើង​ច្រើន​ដើម​បាន​ធ្លាក់​ទៅដល់​ក្នុង​ដៃ ធី សុវណ្ណ​ថា និង​គូកន ក្រោម​ភ្លើង​ខៀវ​របស់​បុរស​ខ្លាំង ?

​តាម​ឯកសារ Chat ឆ្លងឆ្លើយ​តាម​បណ្ដាញ​សង្គម Line រវាង​ស្ដ្រី​វ័យក្មេង​ម្នាក់​ឈ្មោះ ធី សុវណ្ណ​ថា និង​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហៅ​បុរស​ខ្លាំង ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ត្រូវបាន​គេ​ទម្លាយ​ឲ្យ​បែកធ្លាយ​ក្នុង​បណ្ដាញ​សង្គម Facebook នាពេល​កន្លងទៅ​ថ្មីៗ​នេះ គឺ​តាំងពី​មុនពេល​ឯកឧត្តម កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ និង​ជា​អ្នកតំណាងរាស្ដ្រ​មណ្ឌល​ខេត្តកំពង់ចាម​ត្រូវបាន​ដកហូត​ពីមុខ​តំណែង​ជា​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​នីតិកាល​ទី​៥ ក្រោម​កម្លាំង​បាតុកម្ម​របស់​ក្រុមមនុស្ស​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ ឈ្មោះ ធី សុវណ្ណ​ថា ដែល​ក្លាយជា​ទីប្រឹក្សា​តូច​វ័យក្មេង​ក្រៅផ្លូវការ​របស់​បុរស​ខ្លាំង បាន​ស្នើសុំ​កាំភ្លើង​វែង​ផង កាំភ្លើងខ្លី​ផង និង​សិទ្ធិ​ការប្រើប្រាស់​កាំភ្លើង ព្រមទាំង​អង្គរក្ស​ទៅកាន់​បុរស​ខ្លាំង ហើយក៏​ទទួលបាន​ការយល់ព្រម​ភ្លាមៗ​ពី​បុរស​ខ្លាំង​តាមរយៈ​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​កង​អង្គរក្ស​បុរស​ខ្លាំង និង​ជា​នាយករង​ខុទ្ទកាល័យ​របស់​បុរស​ខ្លាំង ។​

​យ៉ាងហោចណាស់​មាន​អាវុធ​ចំនួន​៣​ដើម បាន​ធ្លាក់​ទៅដល់​ក្នុង​ដៃ​ស្ដ្រី​វ័យក្មេង​ឈ្មោះ ធី សុវណ្ណ​ថា (​កាំភ្លើង​វែង​ចំនួន​២​ដើម មាន​២៤០​គ្រាប់ និង​កាំភ្លើងខ្លី​ចំនួន​១​ដើម មាន​១៥​គ្រាប់​) ខណៈ​ឈ្មោះ ធី សុវណ្ណ​ថា មិនមែនជា​មន្ដ្រីរាជកា​រ​មាន​សមត្ថកិច្ច​អ្វី​ឡើយ ។ ចំពោះ​កាំភ្លើង​ដែល​ឈ្មោះ ធី សុវណ្ណ​ថា ទទួលបាន​ពី​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង​នោះ ត្រូវបាន​បុរស​ខ្លាំង​អះអាងថា «​កាំភ្លើង​នេះ កម្រិត​ឧ​ត្ត​ម​សេនីយ៍​ទើប​មានប្រើ​» ។​

​ក្រោយមក ស្ដ្រី​ឈ្មោះ ធី សុវណ្ណ​ថា បាន​ទៅ​ហ្វឹកហាត់​បាញ់កាំភ្លើង ដោយ​ទទួលបាន​ការលើកទឹកចិត្ត​យ៉ាង​ពេញទំហឹង​ពី​សំណាក់​បុរស​ខ្លាំង​ថែមទៀត​ក្នុងឋានៈ​ជា «​ចៅ និង​តា​» ។ ទំនាក់ទំនង​រវាង​ស្ដ្រី​ឈ្មោះ ធី សុវណ្ណ​ថា និង​បុរស​ខ្លាំង​យ៉ាង​ជាប់លាប់ និង​កក់ក្ដៅ​បែបនេះ បានធ្វើ​ឲ្យ​ឥទ្ធិពល​អំណាច និង​លទ្ធភាព​របស់ ធី សុវណ្ណ​ថា គឺ​កម្រិត​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ភាគច្រើន​សុំ​ខ្មាស ប្រៀបដូចជា «​ខ្លា​ដុះស្លាប​» មាន​ការិយាល័យ​ធ្វើការ​យ៉ាង​ស្កឹមស្កៃ មាន​រថយន្ដ​ទំនើប​ម៉ាក Lexus 570 ជិះ​យ៉ាង​ហ៊ឺហា និង​ទទួលបាន​រហស្សនាម​ក្នុង​បណ្ដាញ​សង្គម Facebook ថា «​ជួប ប្ដឹង​» (​មានន័យ​ចង់​សំដៅថា ឲ្យ​តែមាន​អ្នកណា​ហ៊ាន​ប៉ះពាល់​នាង គឺ​នាង​នឹង​ប្ដឹង ហើយ​ពាក្យបណ្ដឹង​របស់​នាង​មាន​ប្រសិទ្ធភាព​ណាស់​) ។​

​ដោយឡែក កាលពី​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៦​ម្សិលមិញ​នេះ បុរស​ម្នាក់​ដែល​ធ្លាប់​អះអាងថា​ខ្លួន​ជា​និស្សិត​ឈ្មោះ ស្រី ចំរើន ជា​គូកន​ជាមួយ​ស្ដ្រី​វ័យក្មេង ធី សុវណ្ណ​ថា ប្រធាន​អង្គការ​យុវជន​កិច្ចការ​សង្គម​នោះ ក៏បាន Post នៅក្នុង​បណ្ដាញ​សង្គម Facebook សម្ញែង​នូវ​កាំភ្លើងខ្លី​១​ដើម​ដែល​ខ្លួន​មាន និង​បញ្ជាក់​ជា​លាយលក្ខណ៍អក្សរ​ថា «​មាន​មួយ​គ្រាន់​ប្រើពេល​ចាំបាច់​» ។ លើសពីនេះ បុរស​វ័យក្មេង​ឈ្មោះ ស្រី ចំរើន បាន​Post កាលពី​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០១៦​កន្លងទៅ​ក្នុងន័យ​គំរាម​ទៅលើ​ឯកឧត្តម កឹម សុខា ដោយ​ដាក់​រូបភាព​ស្ដ្រី​ឈ្មោះ ធី សុវណ្ណ​ថា ហាត់​បាញ់កាំភ្លើង និង​អះអាង​ជា​លាយលក្ខណ៍អក្សរ​ក្នុង Page Facebook ឈ្មោះ « Srey Chamroeun » ថា «​ខ្ញុំ​នឹងធ្វើ​បាតុកម្ម​តវ៉ា​ទាមទារ កឹម សុខា សុំទោស ធី សុវណ្ណ​ថា ជា​សាធារណៈ ។ ប្រសិនបើ​មិន​ដូច្នេះ ????? » ។​

​មជ្ឈដ្ឋាន​អ្នកច្បាប់​ឯករាជ្យ និង​អ្នកតាមដាន​ព្រឹត្តិការណ៍​សង្គម​នៅ​កម្ពុជា​បានលើកឡើង​ថា សូម្បីតែ​យុវជន​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ដែលជា​គណបក្ស​កាន់កាប់​អំណាច​របស់​បុរស​ខ្លាំង និង​ត្រឹម​ជា​ប្រធាន​អង្គការ​យុវជន​កិច្ចការ​សង្គម ជា​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ ក៏​ត្រូវការ​កាំភ្លើង​កាន់​ការពារ​ខ្លួន​ដែរ តើ​ឯណា​ពាក្យ​ថា «​ប្រទេស​កម្ពុ​ជាមាន​សន្តិ​ភាព ឬ​ភូមិ ឃុំ មាន​សុវត្ថិភាព​» ? ឬក៏​ជា​ទិដ្ឋភាព​មួយ​បង្ហាញថា ក្រុមយុវជន​ទាំងនោះ​ប្រព្រឹត្ត​អំពើអាក្រក់ និង​បង្ក​សត្រូវ​ច្រើនពេក ទើប​ត្រូវការ​កាំភ្លើង​សម្រាប់​ការពារ​ខ្លួន​ក្រោម​ភ្លើង​ខៀវ​របស់​បុរស​ខ្លាំង ? ៕​

 

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.