ថ្ងៃ ព្រហស្បតិ៍ ទី ២៣ ខែ ឧសភា ឆ្នាំ ២០១៩

ធី សុវណ្ណ​ថា ឋិត​នៅ​ពីក្រោយ​សាលា​សាកលវិទ្យាល័យ​វិទ្យាសាស្ដ្រ ដែល​ទើប​បង្កើត​ថ្មី​ទទួលស្គាល់​ដោយ​បុរស​ខ្លាំង​

ទោះបី​ស្ដ្រី​វ័យក្មេង​ឈ្មោះ ធី សុវណ្ណ​ថា អតីត​ជា​សិស្ស​បំពេញវិជ្ជា​ប្រឡង​ធ្លាក់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) ឆ្នាំ​២០១៥ និង​ជា​ប្រធាន​អង្គការ​យុវជន​កិច្ចការ​សង្គម ដែល​លម្អៀង​ទៅរក​និន្នាការ​នយោបាយ​គណបក្ស​ប្រជាជន​កម្ពុជា ជា​គណបក្ស​កាន់កាប់​អំណាច មិន​ឈរឈ្មោះ​ជា​សាកលវិទ្យាធិកា​រិ​នី​នៃ​សាកលវិទ្យាល័យ​មួយ​ឈ្មោះ សាកលវិទ្យាល័យ​វិទ្យាសាស្ដ្រ (Science University-SU) ទទួលស្គាល់​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា មាន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហៅ​បុរស​ខ្លាំង ជា​ប្រមុខ​ក៏ដោយ ក៏​ត្រូវបាន​មជ្ឈដ្ឋាន​នានា​មើលឃើញថា ស្ដ្រី​វ័យក្មេង​មាន​ឋានៈ​ក្រៅផ្លូវការ​ជា​ចៅ​របស់​បុរស​ខ្លាំង​រូបនេះ ឋិត​នៅ​ពីក្រោយ​សាកលវិទ្យាល័យ​វិទ្យាសាស្ដ្រ​យ៉ាង​ពេញទំហឹង​ក្នុងនាម​ជា ប្រធាន​គម្រោង​អាហារូបករណ៍ ។​

​កាលពី​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០១៦​កន្លងទៅ ស្ដ្រី​វ័យក្មេង​ឈ្មោះ ធី សុវណ្ណ​ថា បាន​ចូលរួម​ក្នុង​ពិធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា​២០១៦-២០១៧ នៅ​សកល​វិទ្យាល័យ​វិទ្យាសាស្ដ្រ ក្នុងនាម​ជា​ប្រធាន​គម្រោង​អាហារូបករណ៍ ក្រោម​អធិបតីភាព​ឯកឧត្តម ស៊ាន បូរ៉ា​ត រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ។​

​ស្ដ្រី​វ័យក្មេង​ឈ្មោះ ធី សុវណ្ណ​ថា ធ្លាប់បាន​ប្រកាស​ឲ្យ​ដឹងថា នាង​មាន​គម្រោង​ប្រើប្រាស់​ថវិកា​បណ្ដាញ​មូលនិធិ​អន្តរជាតិ​រយៈពេល​៤​ឆ្នាំ ស្មើនឹង​៣​លាន​ដុល្លារ​អាមេរិក សម្រាប់​ផ្ដល់​អាហារូបករណ៍​ដល់​និស្សិត​ក្រីក្រ​បាន​ចូល​សិក្សា​នៅ​ថ្នាក់​មហាវិទ្យាល័យ​ដោយ​ឥត​បង់ថ្លៃ​ចំនួន ១ ០០០​នាក់ ។​

​សាកលវិទ្យាល័យ​វិទ្យាសាស្ដ្រ (Science University) សរសេរ​កាត់​ជា​ភាសា និង​អក្សរ​ខ្មែរ​ថា «​ស​.​វ​» និង​ជា​ភាសា និង​អក្សរ​អង់គ្លេស​ថា « S.U» ត្រូវបាន​ទទួលស្គាល់​ជា​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​ឯកជន​មួយ​ឋិត​ក្រោម​ក្រសួង​អប់រំ យុវជន និង​កីឡា ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​២០៤​អនក្រ​.​បក ចុះ​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០១៦ ។​

​បច្ចុប្បន្ន អគារ​សាកលវិទ្យាល័យ​វិទ្យាសាស្ដ្រ​ដែល​គ្រោង​មាន​កម្ពស់​១១​ជាន់ ឋិត​នៅ​ផ្លូវ​លេខ​៥៧៦ សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​នោះ បាន និង​កំពុង​សាងសង់​នៅឡើយ និង​បានសម្រេច​ប្រមាណ​ជាង​៨០​ភាគរយ​ហើយ ។​

​មជ្ឈដ្ឋាន​ជាច្រើន បាន និង​កំពុង​ដាក់​ការសង្ស័យ​យ៉ាងខ្លាំង​ទៅលើ​មូលនិធិ​ក្នុង​កម្រិត​ច្រើន​លាន​ដុល្លារ​អាមេរិក​ដែល​គ្រប់គ្រង​ដោយ​ស្ដ្រី​វ័យក្មេង​ឈ្មោះ ធី សុវណ្ណ​ថា សឹង​មិនគួរ​ឲ្យ​ជឿ ហើយ​ក៏បាន​សំណូមពរ​ឲ្យ​អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ​បើក​ការស៊ើបអង្កេត​នូវ​ប្រភព​ច្បាស់លាស់ និង​តម្លាភាព​នៃ​ការទទួល និង​ការប្រើប្រាស់​មូលនិធិ​នោះ​ទៀតផង ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.