អតីតនាយទាហានថ្នាក់ឧត្តមសេនីយ៍នៃកងម៉ារីន (ទាហានជើងទឹក)អាមេរិកដែលចូលនិវត្តន៍ម្នាក់ទៀតហើយ ត្រូវបានលោក Donald Trump ដែលទើបជាប់ឆ្នោតជាប្រធានាធិបតីទី៤៥របស់សហរដ្ឋអាមេរិក ស្នើតែងតាំងជារដ្ឋមន្ដ្រីសន្តិសុខជាតិសហរដ្ឋអាមេរិក នៅពេលលោកចូលកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកផ្លូវការខាងមុខ ។
សារព័ត៌មាន CNN បានផ្សព្វផ្សាយឲ្យដឹងថា កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅថ្មីៗនេះ លោកឧត្តមនាវី John F.Kelly ជានាយទាហានអតីតបម្រើការងារក្នុងកងម៉ារីនសហរដ្ឋអាមេរិក និងអតីតជាមេបញ្ជាការយោធាភាគខាងត្បូងអាមេរិកម្នាក់ផង ដោយបានចូលនិវត្តន៍កាលពីខែមករា ឆ្នាំ២០១៦នោះ ត្រូវបានលោក Donald Trump ដែលទើបជាប់ឆ្នោតជាប្រធានាធិបតីទី៤៥របស់សហរដ្ឋអាមេរិក ស្នើតែងតាំងជារដ្ឋមន្ដ្រីសន្តិសុខជាតិ ។
លោកឧត្តមនាវី John F.Kelly អាយុ៦៦ឆ្នាំ ធ្លាប់បានចូលប្រឡូកនៅសមរភូមិយ៉ាងច្រើនដូចជា សង្គ្រាមឈូងសមុទ្រពែក្ស (Persian Gulf War) សង្គ្រាមនៅប្រទេសអ៊ីរ៉ាក់ …។ល។ លោកធ្លាប់កាន់តំណែងជាមេបញ្ជាការយោធាភាគខាងត្បូងអាមេរិក និងធ្លាប់មានកាតព្វកិច្ចគ្រប់គ្រងការគំរាមកំហែងខាងសន្តិសុខ បង្កដោយក្រុមបណ្ដាញឧក្រិដ្ឋកម្មគ្រឿងញៀននៅអាមេរិកខាងត្បូង និងអាមេរិកកណ្ដាល ។
ក្រៅពីលោកឧត្តមនាវី John F.Kelly អាយុ៦៦ឆ្នាំ ដែលចូលនិវត្តន៍នាដើមឆ្នាំ២០១៦ គឺកាលពីពេលកន្លងទៅថ្មីៗ លោក Donald Trump ក៏ធ្លាប់បានស្នើតែងតាំងលោកឧត្តមនាវី James Mattis អាយុ៦៦ឆ្នាំ អតីតនាយទាហានក្នុងកងម៉ារីនអាមេរិក និងអតីតជាមេបញ្ជាការយោធាមួយរូបដែលចូលនិវត្តន៍នាឆ្នាំ២០១៣ ឲ្យធ្វើជាេដ្ឋមន្ដ្រីការពារជាតិរបស់សហរដ្ឋអាមេរិកផងដែរ ៕