មាត្រា២៧នៃរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា បានចែងថា « ព្រះមហាក្សត្រទ្រង់មានព្រះរាជសិទ្ធិបន្ធូរបន្ថយទោស និងលើកលែងទោស ។ » ។ ប៉ុន្តែតាមរូបភាពជាក់ស្តែង ទោះបីរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាត្រង់មាត្រា២៧បញ្ញត្តិដូច្នេះក៏ដោយ ក៏មិនដែលឃើញព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាទ្រង់ប្រើរាជសិទ្ធិរបស់ព្រះអង្គធ្វើការលើកលែងទោសឲ្យទណ្ឌិតណាម្នាក់ដែលមិនឆ្លងតាមសេចក្តីក្រាបបង្គំទូលថ្វាយ (សំណើ) របស់នាយករដ្ឋមន្ត្រីនោះឡើយ ។ នេះគឺជារឿងគួរឲ្យហួសចិត្តមួយ ។
ដោយឡែក ច្បាប់ស្តីពីពន្ធនាគារដែលរដ្ឋសភានីតិកាលទី៤ភាគច្រើនលើសលប់មកពីគណបក្សប្រជាជនកម្ពុជា ជាគណបក្សនយោបាយកាន់កាប់អំណាចផ្តាច់មុខនៅកម្ពុជា បានអនុម័តនាថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១១ និងត្រូវបានប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខនស/រកម/១២១១/០២១ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១១ នៅត្រង់មាត្រា៧៧ បានចែងថា « ក្នុងករណីចាំបាច់ ប្រមុខរាជរដ្ឋាភិបាលមានបុព្វសិទ្ធិធ្វើសំណើថ្វាយព្រះមហាក្សត្រសុំលើកលែងទោសឲ្យទណ្ឌិតនៅពេលណាក៏បាន ។ » ។
អនុលោមតាមមាត្រា៧៧នៃច្បាប់ស្តីពីពន្ធនាគារ គឺបានបង្ហាញឲ្យឃើញថា ជនជាប់ឃុំដែលមានឈ្មោះជាទណ្ឌិតរូបណាដែលត្រូវបានប្រមុខរាជរដ្ឋាភិបាល (សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង)ចាប់អារម្មណ៍ និងចង់ជួយឲ្យមានសេរីភាពរួចទោសទណ្ឌវិញ គឺបុរសខ្លាំងអាចធ្វើសំណើថ្វាយព្រះមហាក្សត្រសុំលើកលែងទោសបានទាំងអស់នៅពេលណាក៏បានស្រេចតាមចិត្ត ដោយព្រះមហាក្សត្រគ្មានព្រះរាជសិទ្ធិរារាំង ឬបង្កឧបសគ្គឡើយ ។
មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យនៅកម្ពុជា បានលើកឡើងថា ស្ថានភាពជាក់ស្តែងនៅកម្ពុជា គឺបុរសខ្លាំងមានអំណាចខ្លាំងទាំងព្រម ទាំងដាក់បន្ទុក ទាំងដោះបន្ទុក ពីព្រោះមានមនុស្សជាច្រើននាក់មកហើយ ជាពិសេសអ្នកឈឺឆ្អាលរឿងជាតិ និងទឹកដី អ្នកស្រឡាញ់អំពើយុត្តិធម៌ បែរជារងគ្រោះឈានទៅទទួលទោសទណ្ឌទាំងអយុត្តិធម៌ ក្រោមអំណាចរបស់ស្ថាប័នតុលាការដែលមិនឯករាជ្យ និងខ្វះមនសិការវិជ្ជាជីវៈពិតប្រាកដ បម្រើឲ្យគណបក្សកាន់កាប់អំណាចដឹកនាំដោយបុរសខ្លាំង ហើយក៏មានអ្នកទោសនយោបាយច្រើននាក់ដែរដែលទទួលបានការលើកលែងទោសតាមសំណើរបស់បុរសខ្លាំង បន្ទាប់ពីបុរសខ្លាំងបានបង្ក្រាបឲ្យរាងចាលបាក់បបខ្លបខ្លាច និងបុរសខ្លាំងបាន « ចំណេញ » រួចមក ។
សរុបសេចក្តីមក បុរសខ្លាំងនៃកម្ពុជា គឺខ្លាំងទាំងព្រម ទាំងរក្សាការពារកាន់កាប់អំណាច ទាំងបង្កើតរឿងអយុត្តិធម៌ ទាំងបង្កការឈឺចាប់ដល់អ្នកដទៃ ទាំងរំលោភបំពានច្បាប់ និងទាំងលើកលែងទោសទណ្ឌដល់ទណ្ឌិតដែលខ្លួនចាប់អារម្មណ៍ចង់ជួយផង (តាមរយៈសភាធ្វើច្បាប់ផ្តល់អំណាចផ្តាច់មុខឲ្យ) ៕