បន្ទាប់ពីមានជំនួបរវាងឯកឧត្តម កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ(បច្ចុប្បន្នប្រធានស្តីទីគណបក្ស) និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ដែលទើបទទួលបានការលើកលែងទោសកាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅថ្មីៗ ជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមមតិភាគច្រើននៅក្នុងរដ្ឋសភា នៅវិមានរដ្ឋសភា នាថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦នេះ លោក ស៊ាង ចែត មេឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម មកពីគណបក្សសម រង្ស៊ី ដែលត្រូវស្ថាប័នតុលាការវិនិច្ឆ័យផ្តន្ទាទោសដាក់ពន្ធនាគារកំណត់៥ឆ្នាំ ពីបទសូកប៉ាន់សាក្សីកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦នោះ ទទួលបានការលើកលែងទោសជាស្ថាពរពីអង្គព្រះមហាក្សត្រហើយ ដោយព្រះរាជក្រឹត្យលេខនស/រកត/១២១៦/១១១៤ ចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ តាមសេចក្តីក្រាបបង្គំទូលថ្វាយ(សំណើ)របស់បុរសខ្លាំង ។
លោក ស៊ាង ចែត អាយុ៤៤ឆ្នាំ មេឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម មកពីគណបក្សសម រង្ស៊ី ត្រូវបានសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយចាប់ឃាត់ខ្លួនកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ បន្ទាប់ពីស្ត្រីម្នាក់ឈ្មោះ ខុម ចាន់តារាទី ហៅស្រីមុំ (ប្រភពព័ត៌មានខ្លះអះអាងថា ស្រីមុំក៏ជាប់ជាសាច់ញាតិជាមួយលោក ស៊ាង ចែត ដែរ) ឆ្លើយដាក់ថា លោកបានយកលុយ៥០០ដុល្លារអាមេរិកទៅឲ្យម្តាយរបស់នាង ដើម្បីឲ្យគាត់ជួយប្រាប់រូបនាងកុំឲ្យនិយាយការពិតប្រាប់សមត្ថកិច្ចអំពីទំនាក់ទំនងស្នេហារវាងរូបនាង និងឯកឧត្តម កឹម សុខា ហើយលោក ស៊ាង ចែត ក៏ត្រូវបានស្ថាប័នតុលាការចេញដីកាបង្គាប់ឲ្យឃុំខ្លួនដាក់ពន្ធនាគារតាំងពីពេលនោះមក ។
ក្រោយមកទៀត លោក ស៊ាង ចែត ដែលក្លាយជាជនជាប់ចោទ ក៏ត្រូវបានសាលាដំបូងរាជធានីភ្នំពេញវិនិច្ឆ័យសេចក្តីផ្តន្ទាទោសដាក់ពន្ធនាគារកំណត់៥ឆ្នាំ ពីបទសូកប៉ាន់សាក្សី តាមបញ្ញត្តិមាត្រា៥៤៨នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ដោយសាលក្រមព្រហ្មទណ្ឌលេខ៥៣៣ ក្រ៣«ឆ» ចុះថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦ ។
ការលើកលែងទោសឲ្យលោក ស៊ាង ចែត ដែលជាជនជាប់ចោទនោះ គឺខណៈលោក ស៊ាង ចែត មិនទាន់ក្លាយទៅជាទណ្ឌិតពិតប្រាកដនៅឡើយទេ ពីព្រោះលោកនៅមានពេលវេលាដើម្បីប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលផ្តន្ទាទោសរូបលោកទាំងអយុត្តិធម៌ ៕