នៅទីបំផុត ឯកឧត្តម កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ (បច្ចុប្បន្នជាប្រធានស្តីទីគណបក្ស) និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់លើកលែងទោសជាស្ថាពរ បន្ទាប់ពីឯកឧត្តម កឹម សុខា ជាប់ឈ្មោះជាទណ្ឌិត ដោយស្ថាប័នតុលាការសាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់រយៈពេល០៥ខែ និងពិន័យជាប្រាក់ចំនួន៨០ម៉ឺនរៀល ពីបទ បដិសេធក្នុងការចូលខ្លួនតាមអំណាចសាលដីកាព្រហ្មទណ្ឌលេខ១៣០ « ក្រI.សវ » ចុះថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦ របស់សាលាឧទ្ធរណ៍ ដោយព្រះរាជក្រឹត្យលេខនស/រកត/១២១៦/១១០៥ ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
បន្ទាប់ពីមានការបន្ទន់ឥរិយាបថចំពោះគណបក្សប្រជាជនកម្ពុជា មានបុរសខ្លាំងជាប្រធាន ដែលជាគណបក្សនយោបាយកាន់កាប់អំណាចផ្តាច់មុខនៅកម្ពុជានោះ កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦ម្សិលមិញ ឯកឧត្តម កឹម សុខា បានធ្វើលិខិតផ្លូវការមួយច្បាប់គោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សុំឲ្យមានការយោគយល់ ដើម្បីស្នើសុំអង្គព្រះមហាក្សត្រប្រោសព្រះរាជទានលើកលែងទោសជូនឯកឧត្តម ។ បន្ទាប់មក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏បានធ្វើលិខិតផ្លូវការមួយច្បាប់លេខ១១១៤លស ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦ ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល សូមព្រះករុណាជាអម្ចាស់ជីវិតលើត្បូងទ្រង់ព្រះរាជតម្រិះនៅលើសេចក្តីព្រាងព្រះរាជក្រឹត្យលើកលែងទោសឲ្យទណ្ឌិតឈ្មោះ កឹម សុខា រួចហើយនៅថ្ងៃដដែលនេះ ព្រះមហាក្សត្រក៏បានឡាយព្រះហស្តលេខានៅលើព្រះរាជក្រឹត្យលេខនស/រកត/១២១៦/១១០៥ ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦ ត្រាស់បង្គាប់លើកលែងទោសឲ្យទណ្ឌិតឈ្មោះ កឹម សុខា តែម្តង ។
គួររំលឹកជូនដែរថា កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៦កន្លងទៅ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិដែលជាប់ឈ្មោះជាទណ្ឌិត កំពុងនិរទេសខ្លួននៅឯបរទេស និងឯកឧត្តម កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ធ្លាប់បានចុះហត្ថលេខារួមគ្នានៅលើលិខិតផ្លូវការមួយ ក្រាបបង្គំទូលថ្វាយអង្គព្រះមហាក្សត្រ សូមព្រះរាជតម្រិះឲ្យមានការលើកលែងទោស និងទម្លាក់ចោលការចោទប្រកាន់ពីសំណាក់តុលាការដល់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិរួចម្តងមកហើយៗត្រូវបានអង្គព្រះមហាក្សត្របញ្ជូនសំណើនោះជូននាយករដ្ឋមន្ត្រីពិនិត្យ តាមព្រះរាជសារចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ ។ បន្ទាប់មក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើលិខិតផ្លូវការមួយច្បាប់លេខ៩៣៤លស ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ ក្រាបបង្គំទូលថ្វាយអង្គព្រះមហាក្សត្រវិញ ដោយបានបញ្ជាក់ថា ករណីរបស់ឯកឧត្តម សម រង្ស៊ី និងករណីរបស់ឯកឧត្តម កឹម សុខា គឺជារឿងអនុវត្តច្បាប់សុទ្ធសាធ និងជាកិច្ចការរបស់តុលាការ ។
មជ្ឈដ្ឋានអ្នកតាមដានព្រឹត្តិការណ៍នយោបាយនៅកម្ពុជា បានលើកឡើងថា ឥឡូវនេះ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិដែលជាគណបក្សនយោបាយប្រឆាំងដ៏ធំនៅកម្ពុជា ទាំងលោក សម រង្ស៊ី ជាប្រធានគណបក្ស ទាំងឯកឧត្តម កឹម សុខា ជាអនុប្រធានគណបក្ស សុទ្ធតែធ្លាប់ជាប់ឈ្មោះជាទណ្ឌិត និងទទួលបានការលើកលែងទោសពីអង្គព្រះមហាក្សត្រ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់បុរសខ្លាំងជានាយករដ្ឋមន្ត្រីដូចគ្នា ៕