សារព័ត៌មាន Russian Today របស់រុស្ស៊ី បានផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ឲ្យដឹងថា លោក Recep Tayyip Erdogan ប្រធានាធិបតីតួកគី ដែលជាប្រទេសមួយឋិតក្នុងបក្សសម្ព័ន្ធអង្គការ NATO របស់សហរដ្ឋអាមេរិក បានអះអាងអំពីការប្រើប្រាស់កម្លាំងទ័ពវាយផ្តួលរំលំរបបដឹកនាំរបស់លោក Bashar al-Assad ប្រធានាធិបតីស៊ីរី ដែលលោកធ្លាប់ចោទប្រកាន់ថា ជាភេរវករ និងជាអ្នកទទួលខុសត្រូវលើការស្លាប់របស់ប្រជាពលរដ្ឋស៊ីរីស្លូតត្រង់ជិត១លាននាក់ ។ ការអះអាងរបស់លោកប្រធានាធិបតីតួកគី Recep Tayyip Erdogan បែបនេះ ដោយសារលោកយល់ឃើញថា អង្គការសហប្រជាជាតិគ្មានសមត្ថភាពក្នុងការដោះស្រាយវិបត្តិសង្គ្រាមស៊ីវិលនៅស៊ីរីទាល់តែសោះ ។
សង្គ្រាមស៊ីវិលនៅប្រទេសស៊ីរីបានចាប់ផ្តើមកើតមានឡើងកាលពីដើមឆ្នាំ២០១១រហូតមកទល់បច្ចុប្បន្ន ដោយមានការវាយប្រយុទ្ធគ្នារវាងកងកម្លាំងរដ្ឋាភិបាលស៊ីរីរបស់លោក Bashar al-Assad និងកងកម្លាំងប្រជាធិបតេយ្យស៊ីរី ដែលប្រឆាំងនឹងរដ្ឋាភិបាលស៊ីរីសព្វថ្ងៃ ព្រមទាំងមានកងកម្លាំងឧទ្ទាមអ៊ីស្លាមបំបែករដ្ឋ (ISIS) ផងដែរ ។
កងកម្លាំងរដ្ឋាភិបាលស៊ីរីរបស់លោក Bashar al-Assad ត្រូវបានគាំទ្រយ៉ាងពេញទំហឹង និងប្តូរផ្តាច់ដោយមហាអំណាចរុស្ស៊ី និងប្រទេសអ៊ីរ៉ង់ ។ រុស្ស៊ី និងអ៊ីរ៉ង់បានយកហេតុផលវាយប្រហារទៅលើក្រុមកងកម្លាំងប្រជាធិបតេយ្យស៊ីរី និងក្រុម ISIS ដើម្បីជួយគាំទ្រដល់របបដឹកនាំរបស់លោក Bashar al-Assad ។
រីឯកងកម្លាំងប្រជាធិបតេយ្យស៊ីរីដែលប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក Bashar al-Assad នោះ ធ្លាប់ត្រូវបានគាំទ្រដោយមហាអំណាចអាមេរិក អង់គ្លេស បារាំង តួកគី និងបណ្តាប្រទេសជាសមាជិកអង្គការ NATO មួយចំនួនទៀត ។ អាមេរិក និងសម្ព័ន្ធមិត្តយកហេតុផលវាយប្រហារទៅលើក្រុម ISIS ដើម្បីយកទឹកដីដែលរំដោះបានពីក្រុម ISIS ប្រគល់ឲ្យទៅក្រុមប្រជាធិបតេយ្យស៊ីរី ប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក Bashar al-Assad យ៉ាងក្តៅគគុក ។
សហរដ្ឋអាមេរិក អង់គ្លេស បារាំង និងសម្ព័ន្ធមិត្តអង្គការ NATO សុទ្ធតែធ្លាប់បានចាត់ទុកថា ការផ្តួលរំលំរដ្ឋាភិបាលលោក Bashar al-Assad គឺជាការចាំបាច់បំផុត ពីព្រោះលោកប្រធានាធិបតីស៊ីរី Bashar al-Assad មានបាតដៃប្រឡាក់ឈាមមនុស្សស្លូតត្រង់ស៊ីរីជាង៤០ម៉ឺននាក់ ។ លើសពីនេះ ក្រុមសម្ព័ន្ធមិត្តអង្គការ NATO ក៏ធ្លាប់បានចោទប្រកាន់ទៅលើរុស្ស៊ីផងដែរថា បានបំពានលើបទល្មើសឧក្រិដ្ឋកម្មសង្គ្រាមនៅក្នុងប្រទេសស៊ីរី ដែលត្រូវផ្តន្ទាទោសនៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ពីព្រោះរុស្ស៊ី និងរដ្ឋាភិបាលស៊ីរីបានបើកការវាយប្រហារសម្លាប់មនុស្សស្លូតត្រង់អស់ជាច្រើននាក់ចាប់តាំងពីឆ្នាំ២០១៥មក ។
ចំណុចគួរឲ្យចាប់អារម្មណ៍បំផុតទៀតនោះ គឺសង្គ្រាមស៊ីវិលនៅប្រទេសស៊ីរី មានការប្រើប្រាស់នូវអាវុធគីមីសាស្ត្រដ៏គ្រោះថ្នាក់ទៀតផង ។
ផ្ទុយពីគោលនយោបាយការបរទេសរបស់លោក Barack Obama ប្រធានាធិបតីទី៤៤របស់សហរដ្ឋអាមេរិកជិតផុតអាណត្តិ និងបក្សសម្ព័ន្ធអង្គការ NATO ដែលត្រូវការផ្តួលរំលំរដ្ឋាភិបាលស៊ីរីរបស់លោក Bashar al-Assad ជាចាំបាច់នោះ គឺលោក Donald Trump ដែលទើបជាប់ឆ្នោតជាប្រធានាធិបតីទី៤៥របស់សហរដ្ឋអាមេរិក និងគ្រោងចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ខាងមុខ បែរជាមានគោលនយោបាយការបរទេសដូច ឬស្របគ្នាទៅនឹងរុស្ស៊ីទៅវិញ ពោលត្រូវកំណត់គោលដៅវាយកម្ទេចទីតាំងក្រុមឧទ្ទាម ISIS នៅស៊ីរី ប្រសើរជាងបង្ខំឲ្យលោក Bashar al-Assad ប្រធានាធិបតីស៊ីរីចុះចេញពីតំណែង ដោយអះអាងថា អាចនាំឲ្យអាមេរិកធ្លាក់ទៅក្នុងជម្លោះជាមួយរុស្ស៊ី និងអ៊ីរ៉ង់ ។
ឥឡូវនេះ ការអះអាងរបស់លោកប្រធានាធិបតីប្រទេសតួកគី Recep Tayyip Erdogan ដែលត្រូវប្រើកម្លាំងទ័ពវាយផ្តួលរំលំរដ្ឋាភិបាលស៊ីរីរបស់លោក Bashar al-Assad នោះ គឺនាំឲ្យកើតរឿងក្តៅនៅស៊ីរីទៀតហើយ បន្ថែមទៅលើកម្តៅមានស្រាប់ ដោយសារគេចមិនផុតពីការប៉ះទង្គិចជាមួយរុស្ស៊ី និងអ៊ីរ៉ង់ឡើយ ។
លោក Bashar al-Assad អាយុ៥១ឆ្នាំ បានឡើងកាន់តំណែងជាប្រធានាធិបតីស៊ីរីនាឆ្នាំ២០០០ បន្តពីលោក Hafez al-Assad ត្រូវជាឪពុកដែលអតីតជាប្រធានាធិបតីស៊ីរីចាប់ពីអំឡុងឆ្នាំ១៩៧១ដល់ឆ្នាំ២០០០ ៕