មានចម្ងាយប្រមាណតែ២គីឡូម៉ែត្រប៉ុណ្ណោះពីទីក្រុងកំពត ប៉ុន្តែទីតាំងសាលាឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត មួយនេះ ហាក់មានសភាពរខេករខាកខ្លាំងមែនទែន ដោយសារជាផ្ទះបុរាណដ៏ចំណាស់ទ្រុឌទ្រោម មិនស័ក្តិសមទៅនឹងសម័យអភិវឌ្ឍគ្រប់វិស័យ និងអច្ឆរិយៈ ដែលគេតែងអួតក្តែងៗនោះឡើយ ។
ឃើញស្ថានភាពទីតាំងសាលាឃុំជុំគ្រៀលបែបនេះ ធ្វើឲ្យមជ្ឈដ្ឋាននានាចោទសួរជាសំណួរថា តើការរក្សាទុកឯកសារលិខិតស្នាមផ្សេងៗរបស់សាលាឃុំទាំងមូល ដែលជារដ្ឋបាលមូលដ្ឋានដ៏សំខាន់នោះតាមរបៀបណាទៅ ? ចុះបើថ្ងៃណាមួយជាអកុសល មានខ្យល់បក់បោកខ្លាំង បង្កឲ្យផ្ទះបុរាណទ្រុឌទ្រោមនេះដួលរលំ សង្កត់លើមន្ត្រីឃុំ និងប្រជាពលរដ្ឋ តើនរណាទទួលខុសត្រូវ ?
សូមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំរដ្ឋបាលខេត្តកំពត និងថ្នាក់ដឹកនាំរដ្ឋបាលស្រុកទឹកឈូ មេត្តាម្នីម្នាចាប់អារម្មណ៍ និងជួយអភិវឌ្ឍដល់ទីតាំងសាលាឃុំជុំគ្រៀលដ៏រខេករខាកនោះផង ឬក៏មានបំណងចង់រក្សាទុកសាលាឃុំជុំគ្រៀលជា « សាលាឃុំបុរាណ » ចុះក្នុងបញ្ជីបេតិកភណ្ឌប្រវត្តិសាស្ត្រ ? ៕