ប្រភពព័ត៌មានពីមន្ដ្រីបម្រើការងារនៅមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំបានបង្ហើបប្រាប់ឲ្យដឹងថា បន្ទាប់ពីមានការផ្សព្វផ្សាយរបស់គេហទំព័រសារព័ត៌មាន ដើមត្នោត នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅថ្មីៗក្រោមចំណងជើងថា «ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំធុំក្លិនមិនស្រួលរឿង អសកម្ម បក្ខពួកនិយម និងពុករលួយ» រួចមក គឺលោក អឿន រិទ្ធ ជាប្រធានមន្ទីរ និងបក្ខពួកបានក្ដៅស្លឹកត្រចៀក និងម្នីម្នាសួររកមុខមន្ដ្រីក្រោមឱវាទរូបណាដែលលួចបង្ហើបរឿងអាស្រូវរបស់ខ្លួនដល់អ្នកកាសែត ដើម្បីចាត់វិធានការក្នុងនាមអំណាចជាមេ ។ ប៉ុន្តែទន្ទឹមនឹងនេះ ក្រុមមន្ដ្រីដែលមានមនសិការជាតិ ក៏បានទម្លាយរឿងអាស្រូវពុករលួយរបស់លោក អឿន រិទ្ធ បន្ថែមទៀតដូចខាងក្រោម ៖
១-បំប៉ោងដាក់ឈ្មោះមន្ត្រីជាប់កិច្ចសន្យារហូតដល់ចំនួន១២នាក់ ដើម្បីកេងប្រវ័ញ្ចថវិការដ្ឋ ដែលតាមការពិតមន្ត្រីមកធ្វើការជាប់លាប់តែចំនួន៣នាក់ប៉ុណ្ណោះ រីឯមន្ត្រី៩នាក់ទៀតជាមន្ត្រីខ្មោច (មន្ត្រីមានតែឈ្មោះ) បូករួមទាំងកូនប្រុសបង្កើតរបស់លោកប្រធានមន្ទីរម្នាក់ផង ឈ្មោះ រិទ្ធ ឧត្តម មានឈ្មោះជាមន្ត្រីបម្រើការងារនៅមន្ទីរ តែការពិតកំពុងជាប់សិក្សារៀនសូត្រនៅរាជធានីភ្នំពេញសោះ ។
២-កិបកេងប្រាក់បេសកកម្មរបស់មន្ត្រីក្រោមឱវាទបានចំនួនច្រើនលានរៀល ដោយយកលេសថា កាត់លុយឲ្យទៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ។
៣-លួចបើកប្រាក់បៀវត្សរ៍របស់លោក អ៊ាង វណ្ណា អតីតអនុប្រធានមន្ទីរ ចំនួន១លានរៀលរៀងរាល់ខែ អស់រយៈពេលប្រមាណ២ឆ្នាំ ពីព្រោះលោកអតីតអនុប្រធានមន្ទីរ អ៊ាង វណ្ណា បានសុំលាឈប់ពីក្របខ័ណ្ឌយូរមកហើយ ។ ប៉ុន្តែក្រោយមក លួចទាក់ទងលោក អ៊ាង វណ្ណា ឲ្យជួយលាក់ការណ៍រឿងបើកប្រាក់បៀវត្សរ៍អស់ជិត២ឆ្នាំ ជាថ្នូរនឹងការបើកលុយលាឈប់ពីការងារសរុបចំនួន១០ខែឲ្យវិញ ។
៤-ទោចក្រយានយន្ត១គ្រឿងថ្មីស្រឡាងរបស់រដ្ឋដែលបានផ្តល់ឲ្យមន្ទីរប្រើប្រាស់ បែរជាធ្លាក់ទៅក្នុងដៃប្រពន្ធ-កូនរបស់លោកប្រធានមន្ទីរប្រើប្រាស់នៅឯខេត្តកំពង់ចាមយ៉ាងរំភើយទៅវិញ មិនខ្ចីគិតគូរដល់ការខ្វះខាតរបស់មន្ទីរឡើយ ។
៥-រួមដៃគ្នាជាមួយលោក សោម ច័ន្ទរតនៈ ជាមន្ត្រីគណនេយ្យ និងជាមន្ត្រីជំនិតរបស់លោកប្រធានមន្ទីរផង កំពុងត្រៀមចាត់ចែងដំឡើងមុខតំណែងមន្ត្រីក្រោមឱវាទតាមរូបភាពមិនប្រក្រតី ដែលផ្ទុយទាំងស្រុងទៅនឹងប្រកាសលេខ២២០២ របស់ក្រសួងមុខងារសាធារណៈ ។
៦-លួចបន្លំកិបកេងថ្លៃជួលផ្ទះដោយដាក់តម្លៃថាចំនួន៦០០ដុល្លារអាមេរិកក្នុង១ខែ តែតាមការពិតតម្លៃទីផ្សារជាក់ស្តែងគឺចំនួន៣០០ដុល្លារអាមេរិកក្នុង១ខែ ។
៧-លួចធ្វើលិខិតមិនត្រឹមត្រូវថា មានមន្ត្រីឈឺ ហើយស្នើសុំលុយពីរតនាគារខេត្ត និងស៊ីដាច់ដោយមន្ត្រីសាមីខ្លួនមិនបានដឹងថា ខ្លួនឈឹផងទេ ។
៨-លួចធ្វើលិខិតបេសកកម្មខ្យល់ដោយខ្លួនមិនបានទៅប្រជុំនៅរាជធានីភ្នំពេញផង បែរជាដាក់លិខិតបេសកកម្មថា បានទៅប្រជុំដើម្បីទូទាត់លុយគម្រោងថវិកាឆ្នាំ២០១៦ ។
៩-ជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាដែលមានចំនួនច្រើនសំពីងសំពោងនោះ មិនបានជូនដំណឹងផ្សព្វផ្សាយអ្វីជាមុនទេ ដើម្បីឆ្លៀតឱកាសជ្រើសរើសយកតែបក្ខពួក សាច់ញាតិខ្លួនឯង គឺមានអ្នកខ្លះមុខដដែលៗអស់រយៈពេល២ឆ្នាំហើយៗបើមានអ្នកថ្មីមកដាក់ពាក្យបែរជាមិនទទួលទៅវិញ ។
១០-គ្មានឃើញមានកិច្ចប្រជុំផ្សព្វផ្សាយអ្វីជាដុំកំភួនទេ តែបែរជាធ្វើបញ្ជីរបាយការណ៍បំប៉ោងដាក់ថា មានសកម្មភាពប្រជុំផ្សព្វផ្សាយញឹកញយដង ដើម្បីលួចស៊ីលុយគម្រោងថវិកាឆ្នាំ២០១៦បានចំនួនរាប់លានរៀល ។
១១-រឿងលទ្ធកម្មសាធារណៈ ទិញ-លក់ផ្គត់ផ្គង់សម្ភារៈបរិក្ខារនានា គឺធ្វើតាមរបៀប « ចងមុង » ដើម្បីបើកដៃឲ្យមិត្តភក្តិ សាច់ញាតិរបស់លោក សោម ច័ន្ទរតនៈ ជាមន្ត្រីគណនេយ្យ មានឱកាសកិបកេងផលចំណេញចែកគ្នាចាយយ៉ាងសប្បាយចិត្ត ។
សរុបសេចក្តីមក ដើម្បីលើកទឹកចិត្តដល់មន្ត្រីរាជការមានមនសិការជាតិ មានកម្លាំងចិត្តធ្វើការតទៅទៀត ក្រុមមន្ត្រីក្រោមឱវាទមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ បានសំណូមពរចំពោះឯកឧត្តមបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ទទួលបន្ទុកប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) និងឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មេត្តាមានវិធានការស៊ើបអង្កេតឲ្យបានល្អិតល្អន់ទៅលើអំពើពុករលួយរបស់លោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំនោះផង ៕