ថ្ងៃ អង្គារ ទី ០៤ ខែ សីហា ឆ្នាំ ២០២០

រឿង​បូរណភាព​ទឹកដី​ខ្មែរ ៖ ខ្នាត​ផែនទី​ដែល​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣ អាច​នឹងត្រូវ​កែប្រែ​ឲ្យ​ស្របទៅនឹង​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥​របស់​បុរស​ខ្លាំង​តាមរបៀប​«​កាត់​ក្បាល​តម្រូវ​មួក​»

​កិច្ចការ​ខណ្ឌសីមា និង​ការបោះបង្គោល​ព្រំដែន​គោក​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ធ្លាប់​ត្រូវ​បានកំណត់​រួច​ហើយដោយ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥ ដែល​ចុះហត្ថលេខា​រវាង​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន (​អតីត​សម​មិត្ត ហ៊ុន សែន​) ហៅ​បុរស​ខ្លាំង ក្នុងនាម​ជា​រដ្ឋមន្ដ្រីការបរទេស និង​តំណាង​ឲ្យ​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា និង​សម​មិត្ត Nguyen Co Thach ក្នុងនាម​ជា​រដ្ឋមន្ដ្រីការបរទេស និង​តំណាង​ឲ្យ​រដ្ឋាភិបាល​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ។ សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥ រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម​នេះ គឺ​តម្រូវ​ឲ្យ​ប្រើប្រាស់​ផែនទី​ខ្នាត​១/៥០ ០០០ ។

​​រយៈពេល​០៦​ឆ្នាំ​ក្រោយមក សន្និសីទ​ទីក្រុង​ប៉ារីស​ចុះ​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​១៩៩១ ស្ដីអំពី​កិច្ចព្រមព្រៀង​ទាក់ទង​ទៅនឹង​អធិបតេយ្យភាព ឯករាជ្យ បូរណភាព និង​ភាព​មិនអាច​រំលោភ​បាន​នៃ​ដែនដី អព្យាក្រឹតភាព និង​ឯកភាព​ជាតិ​កម្ពុជា ត្រង់​មាត្រា​១ ចំណុច​ទី​២ ផ្នែក ឃ បានបញ្ជាក់​យ៉ាងច្បាស់​ថា បញ្ចប់​សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​ទាំងឡាយ​ដែល​មិន​សមស្រប​ទៅនឹង​អធិបតេយ្យភាព ឯករាជ្យ និង​ភាព​មិនអាច​រំលោភ​បាន​នៃ​ដែនដី អព្យាក្រឹតភាព និង​ឯកភាព​ជាតិ​របស់ខ្លួន ។

​បន្ទាប់មកទៀត រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្នាំ​១៩៩៣ ត្រង់​មាត្រា​២ មាត្រា​៥៥ និង​មាត្រា​១៥០​ថ្មី​បានចែង​បញ្ញត្តិ​ថា «​បូរណភាព​ទឹកដី​របស់​ព្រះរាជាណាចក្រ​កម្ពុជា មិនអាច​រំលោភ​បាន​ដាច់ខាត​ក្នុង​ព្រំដែន​របស់ខ្លួន​ដែលមាន​កំណត់​ក្នុង​ផែនទី​ខ្នាត​១/១០០ ០០០ ធ្វើ​នៅ​ចន្លោះ​ឆ្នាំ​១៩៣៣-១៩៥៣ ហើយ​ដែល​ត្រូវបាន​ទទួលស្គាល់​ជា​អន្តរជាតិ​នៅ​ចន្លោះ​ឆ្នាំ​១៩៦៣-១៩៦៩ ។ សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​ទាំងឡាយណា​ដែល​មិន​ស្រប​នឹង​ឯករាជ្យ អធិបតេយ្យ បូរណភាព​ទឹកដី អព្យាក្រឹតភាព និង​ឯកភាព​ជាតិ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​លុបចោល ។ រដ្ឋធម្មនុញ្ញ​នេះ​ជា​ច្បាប់កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ច្បាប់ និងសេចក្ដីសម្រេច​ទាំងឡាយ​នៃ​ស្ថាប័ន​នានា​របស់​រដ្ឋ​ត្រូវ​ស្រប​នឹង​រដ្ឋធម្មនុញ្ញ​ជាដាច់ខាត ។ » ។​

​ព័ស្ដុតាង​ជាក់ស្ដែង​បាន​បង្ហាញថា ទោះបី​មាត្រា​២ នៃ​រដ្ឋធម្មនុញ្ញ​ដែលជា​ច្បាប់កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានចែង​បញ្ញត្តិ​អំពី​បូរណភាព​ទឹកដី​តម្រូវ​ឲ្យ​ប្រើប្រាស់​ផែនទី​ខ្នាត ១/១០០ ០០០ ក៏ដោយ ក៏​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥ ដែល​តម្រូវ​ឲ្យ​ប្រើប្រាស់​ផែនទី​ខ្នាត ១/៥០ ០០០ ដើម្បី​កំណត់ព្រំដែន​គោក​ប្រទេស​កម្ពុជា​ផ្ទុយ​នឹង​រដ្ឋធម្មនុញ​នោះ មិន​ត្រូវបាន​លុបចោល ឬ​ទុកជា​មោ​ឃៈ​ស្របទៅតាម​មាត្រា​៥៥ និង​មាត្រា​១៥០​ថ្មី នៃ​រដ្ឋធម្មនុញ​ឡើយ ។ លើសពីនេះ សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥​នោះ ត្រូវបាន​បុរស​ខ្លាំង​នៃ​កម្ពុជា​ចុះហត្ថលេខា​ជាមួយ​លោក Phan Van Khai នាយករដ្ឋមន្ដ្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​នា​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០០៥ «​ប្រថាប់ត្រា​»​នៅលើ​សន្ធិសញ្ញា​បំពេញបន្ថែម​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ទៅលើ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥ ដែល​បន្ត​តម្រូវ​ឲ្យ​ប្រើប្រាស់​ផែនទី UTM ខ្នាត​១/៥០ ០០០ ទៅវិញ ហើយ​មិនតែប៉ុណ្ណោះ សន្ធិសញ្ញា​បំពេញបន្ថែម​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ទៅលើ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥ នេះ​បាន​ក្លាយទៅជា​ច្បាប់​ដែល​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ នស​/​រកម​/១១០៥/០៣៩ ចុះ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០០៥ យ៉ាង​ហ៊ឺហា​ថែមទៀត ។​

​ឥឡូវនេះ បុរស​ខ្លាំង​នៃ​កម្ពុជា​បាន​បញ្ជាក់ថា ផែនទី​ខ្នាត ១/១០០ ០០០ គឺ​លំបាក​រក​ចំណុច​ដើម្បី​បោះបង្គោល​ព្រំដែន ពីព្រោះ​វា​តូច​ពេក ។ ដូចនេះ ត្រូវ​ផ្ទេរ​មក​ផែនទី UTM ខ្នាត ១/៥០ ០០០ ទើប​ងាយស្រួល​វាស់វែង និង​រក​ចំណុច​ដើម្បី​បោះបង្គោល​ព្រំដែន ។ ការបញ្ជាក់​រប​ស់បុរ​ស​ខ្លាំង​នៃ​កម្ពុជា​ដូច្នេះ គឺ​កើតឡើង​ក្រោយ​ការបោះបង្គោល​ព្រំដែន​គោក​រវាង​កម្ពុជា និង​វៀតណាម​បានជា​ច្រើន​បង្គោល​រួចមកហើយ​តាម​ផែនទី UTM ខ្នាត ១/៥០ ០០០ នោះ ។​

​ដោយឡែក កាលពី​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​និរទេស​ខ្លួន​នៅ​បរទេស​ដោយ​ជាប់​ឈ្មោះ​ជា​ទណ្ឌិត ក្រោម​ចំណាត់ការ​របស់​ស្ថាប័ន​តុលាការ​កម្ពុជា​ល្បី​ខាង​មិន​ឯករាជ្យ និង​ជា​ឧបករណ៍​របស់​បុរស​ខ្លាំង​នោះបាន​អះអាងថា ការ​បំ​លែង​ផែនទី​ខ្នាត ១/១០០ ០០០ ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ មកជា​ផែនទី UTM ខ្នាត ១/៥០ ០០០ វិញ គឺមាន​ភាពងាយស្រួល និង​មិន​អាចធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ទទួល​ការខាតបង់​អ្វី​ឡើយ (​ក្រោម​ជំនួយ​បច្ចេកទេស និង​ការផ្ទេរ​ផែនទី​ពី​ប្រទេស​បារាំង​) ។​

​ដូច្នេះ យោងតាម​ការសម្រេចចិត្ត និង​ការយល់ឃើញ​ស្របគ្នា​ភ្លាមៗ​របស់​មេដឹកនាំ​គណបក្សនយោបាយ​ដែលមាន​អាសនៈ​នៅក្នុង​រដ្ឋសភា​នីតិកាល​ទី​៥​ទាំងពីរ (​គណបក្ស​ប្រជាជន​កម្ពុជា​រប​ស់បុរ​ស​ខ្លាំង និង​គណបក្ស​សង្គ្រោះ​ជាតិ​របស់លោក សម រង្ស៊ី​) គឺពាក់ព័ន្ធ​នឹង​រឿង​បូរណភាព​ទឹកដី​របស់​ព្រះរាជាណាចក្រ​កម្ពុជា​អាច​នឹងត្រូវ​អនុវត្ត​ដូចខាងក្រោម ៖

១-​កែប្រែ ឬ​ធ្វើ​វិសោធនកម្ម​មាត្រា​២ នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្នាំ​១៩៩៣ ស្ដីអំពី​បូរណភាព​ទឹកដី​ពី​តម្រូវ​ឲ្យ​ប្រើ​ផែនទី​ខ្នាត ១/១០០ ០០០ ទៅជា​ការប្រើ​ផែនទី​ខ្នាត ១/៥០ ០០០ វិញ​ឲ្យ​ស្របទៅនឹង​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥​របស់​បុរស​ខ្លាំង​តាមរបៀប «​កាត់​ក្បាល​តម្រូវ​មួក​» ហើយក៏​បានបង្ហាញ​ឲ្យ​ឃើញថា រឿង​បូរណភាព​ទឹកដី​របស់​ប្រទេស​ទាំងមូល បែរជា​អ្នកតាក់តែង​រៀបរៀង និង​អនុម័ត​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣ មិន​យល់ ឬ​មិនដឹង​នូវ​ផែនទី​ខ្នាត​ណា​គួរប្រើ ឬ​មិន​គួរប្រើ​ទាល់តែសោះ គឺ​អន់​ជាង​ចំណាត់ការ​របស់​បុរស​ខ្លាំង​ដែល​ចេះ​ប្រើ​ផែនទី​ខ្នាត ១/៥០ ០០០ តាំងពី​អំឡុង​ឆ្នាំ​១៩៨៥​ទៅទៀត (Sic!) ។​

២-​អាច​មិន​កែប្រែ ឬ​ធ្វើ​វិសោធនកម្ម​មាត្រា​២ នៃ​រដ្ឋធម្មនុញ្ញ ហើយ​បន្ត​កំណត់ និង​បោះបង្គោល​ព្រំដែន​រវាង​ក​ម្ពុ​ជា និង​វៀតណាម​ដោយ​ប្រើប្រាស់​ផែនទី UTM ខ្នាត ១/៥០ ០០០ ដែល​ផ្ទុយ​នឹង​ស្មារតី​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទាំង​កំរោល​តទៅទៀត និង​គ្រាន់តែ​នាំគ្នា​ធានាថា «​មិនមាន​ការបាត់បង់​ទឹកដី ឬ​ចំណេញ​ទឹកដី​» ទុក​ជាការ​ស្រេច (Resic!) ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.