ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ គឺលោក អឿន រិទ្ធ បាននិងកំពុងសាយភាយធុំក្លិនមិនស្រួលហើយ ក្នុងរឿងអសកម្ម បក្ខពួកនិយម និងពុករលួយ ដូចជាករណីបំប៉ោងដាក់ឈ្មោះមន្ត្រីជាប់កិច្ចសន្យាច្រើននាក់ តែតាមការពិតគឺជា «មន្ត្រីខ្មោច» កិបកេងប្រាក់បេសកកម្មរបស់មន្ត្រីក្រោមឱវាទ យកទោចក្រយានយន្តរបស់រដ្ឋមួយគ្រឿងថ្មីស្រឡាងឲ្យទៅប្រពន្ធ-កូនរបស់ខ្លួនប្រើប្រាស់នៅឯខេត្តកំពង់ចាមយ៉ាងរំភើយ…។ល។
មន្ត្រីក្រោមឱវាទមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ បានបង្ហើបប្រាប់ឲ្យដឹងអំពីរូបភាពពុករលួយរបស់លោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ ដូចខាងក្រោម៖
១-បំប៉ោងដាក់ឈ្មោះមន្ត្រីជាប់កិច្ចសន្យារហូតដល់ចំនួន១២នាក់ ដើម្បីកេងប្រវ័ញ្ចថវិការដ្ឋ ដែលតាមការពិតមន្ត្រីមកធ្វើការជាប់លាប់តែចំនួន៣នាក់ប៉ុណ្ណោះ រីឯមន្ត្រី៩នាក់ទៀតជាមន្ត្រីខ្មោច (មន្ត្រីមានតែឈ្មោះ) បូករួមទាំងកូនប្រុសបង្កើតរបស់លោកប្រធានមន្ទីរម្នាក់ផង ឈ្មោះ រិទ្ធ ឧត្តម មានឈ្មោះជាមន្ត្រីបម្រើការងារនៅមន្ទីរ តែការពិតកំពុងជាប់សិក្សារៀនសូត្រនៅរាជធានីភ្នំពេញសោះ ។
២-កិបកេងប្រាក់បេសកកម្មរបស់មន្ត្រីក្រោមឱវាទបានចំនួនច្រើនលានរៀល ដោយយកលេសថា កាត់លុយឲ្យទៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ។
៣-លួចបើកប្រាក់បៀវត្សរ៍របស់លោក អ៊ាង វណ្ណា អតីតអនុប្រធានមន្ទីរ ចំនួន១លានរៀលរៀងរាល់ខែ អស់រយៈពេលប្រមាណ២ឆ្នាំ ពីព្រោះលោកអតីតអនុប្រធានមន្ទីរ អ៊ាង វណ្ណា បានសុំលាឈប់ពីក្របខ័ណ្ឌយូរមកហើយ ។
៤-ទោចក្រយានយន្ត១គ្រឿងថ្មីស្រឡាងរបស់រដ្ឋដែលបានផ្តល់ឲ្យមន្ទីរប្រើប្រាស់ បែរជាធ្លាក់ទៅក្នុងដៃប្រពន្ធ-កូនរបស់លោកប្រធានមន្ទីរប្រើប្រាស់នៅឯខេត្តកំពង់ចាមយ៉ាងរំភើយទៅវិញ មិនខ្ចីគិតគូរដល់ការខ្វះខាតរបស់មន្ទីរឡើយ ។
៥-រួមដៃគ្នាជាមួយលោក សោម ច័ន្ទរតនៈ ជាមន្ត្រីគណនេយ្យ និងជាមន្ត្រីជំនិតរបស់លោកប្រធានមន្ទីរផង កំពុងត្រៀមចាត់ចែងដំឡើងមុខតំណែងមន្ត្រីក្រោមឱវាទតាមរូបភាពមិនប្រក្រតី ដែលផ្ទុយទាំងស្រុងទៅនឹងប្រកាសលេខ២២០២ របស់ក្រសួងមុខងារសាធារណៈ ។
ក្រុមមន្ត្រីក្រោមឱវាទមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ បានសំណូមពរចំពោះឯកឧត្តម បណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ទទួលបន្ទុកប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មេត្តាមានវិធានការស៊ើបអង្កេតឲ្យបានល្អិតល្អន់ទៅលើអំពើបក្ខពួកនិយម និងពុករលួយរបស់លោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំនោះផង ។
ពាក់ព័ន្ធនឹងរឿងអាស្រូវរបស់ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំខាងលើនេះ គេហទំព័រសារព័ត៌មាន ដើមត្នោត មិនទាន់អាចសុំការបំភ្លឺបញ្ជាក់ពីលោក អឿន រិទ្ធ បាននៅឡើយទេ ដ្បិតគ្មានប្រព័ន្ធទូរស័ព្ទទំនាក់ទំនង ៕