ថ្ងៃ អង្គារ ទី ០៤ ខែ សីហា ឆ្នាំ ២០២០

អស្ចារ្យ​ !​ រយៈពេល​៣១​ឆ្នាំ​ បុរស​ខ្លាំង​តែ​ម្នាក់​ធ្លាប់​បាន​ចាប់ដៃ​ជាមួយថ្នាក់ដឹកនាំយួន​ជា​បងប្អូន​ម៉ឺន​ឆ្នាំ​យ៉ាងតិច៨​នាក់​

​ចាប់តាំងពី​ឡើង​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​នា​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​កន្លង​មក​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ (​តាំងពី​មាន​ងារ​ជា​សម​មិត្ត​ លោក​ ឯកឧត្តម​ សម្តេច​ ដល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​)​ ក្នុង​រយៈពេល​៣១​ឆ្នាំ​ ធ្លាប់​បាន​ចាប់ដៃ​ប្រាស្រ័យ​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាមយ៉ាងតិចចំនួន៨​នាក់​ហើយ​ (​ក្នុង​នោះ​មាន​ចំនួន​៤នាក់​បាន​ទទួលមរណភាព​)​ ពោល​គឺ​ក្នុង​រយៈពេល​៣១​ឆ្នាំ​នេះ​ ថ្នាក់ដឹកនាំវៀតណាម​ត្រូវ​បាន​ផ្លាស់​ប្តូរ​ចំនួន​យ៉ាងតិច៧​នាក់​ រីឯ​កម្ពុជា​មាន​នាយក​រដ្ឋមន្ត្រី​តែ​ម្នាក់​មុខ​ដដែលៗ​ ដូច​បទ​ចម្រៀង​មួយ​គេ​ច្រៀង​ថា​ «​ពាក់អាវ​មិន​ដែល​ឃើញ​ដោះ​»​ ។​

​ថ្នាក់ដឹកនាំសាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ចំនួន​៨នាក់​ ដែល​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ធ្លាប់​បាន​ចាប់ដៃ​ប្រាស្រ័យ​ការងារ​ជាមួយ​ ប្រៀបប្រដូច​បាន​ទៅ​នឹង​ «​បងប្អូន​ម៉ឺន​ឆ្នាំ​»​នោះ​ រួម​មាន​ ៖​ 

១-លោក​​​ Pham Van Dong (មរណភាពនាឆ្នាំ២០០០ ក្នុងជន្មាយុ៩៤ឆ្នាំ) ។ លោក Pham Van Dong ធ្លាប់បានដឹកនាំប្រទេស វៀតណាមរយៈពេល១១ឆ្នាំ គឺពីឆ្នាំ១៩៧៦ ដល់ឆ្នាំ១៩៨៧ ។

២-​លោក​ Nguyen​ Co​ Thach​ (​មរណភាព​នា​ឆ្នាំ​១៩៩៨​ ក្នុង​ជន្មាយុ​៧៦​ឆ្នាំ​)​ ។​ លោក​ Nguyen​ Co​ Thach​ គឺជា​ភាគី​ហត្ថលេខី ក្នុងនាមជារដ្ឋមន្ត្រីការបរទេសវៀតណាម​ដែល​ធ្លាប់​បាន​ចុះហត្ថលេខា​ផ្ទាល់​ដៃ​ជាមួយ​បុរស​ខ្លាំង​នាយក​រដ្ឋមន្ត្រី​ និងជារដ្ឋមន្ត្រី ការបរទេសកម្ពុជា​ នៅ​លើ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥​ ដែល​បង្ក​ការ​ចម្រូងចម្រាស​ទល់​បច្ចុប្បន្ន​ បន្ទាប់​ពី​បាន​ «​ប្រថាប់ត្រា​»​ សា​ជា​ថ្មី​នា​ឆ្នាំ​២០០៥​ នៅ​ទីក្រុង​ហាណូយ​ មានឈ្មោះ​ថា​ «​សន្ធិសញ្ញា​បំពេញបន្ថែម​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ ទៅ​លើ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥»​ ។​

៣-លោក Pham​ Hung (មរណភាពនាឆ្នាំ១៩៨៨ ក្នុងជន្មាយុ៧៦ឆ្នាំ) ។ លោក Pham Hung បានកាន់តំណែងជានាយករដ្ឋមន្ត្រីវៀតណាមរយៈេ១ឆ្នាំ គឺពីឆ្នាំ១៩៨៧ ដល់ឆ្នាំ១៩៨៨ ។

៤-លោក Do Muoi អាយុ៩៩ឆ្នាំ បានឡើងកាន់តំណែងជាថ្នាក់ដឹកនាំប្រទេសវៀតណាមរយៈពេល៤ឆ្នាំ គឺពីឆ្នាំ១៩៨៨ ដល់ឆ្នាំ ១៩៩២ ។

៥-​លោក​ Vo​ Van​ Kiet​ (​មរណភាព​នា​ឆ្នាំ​២០០៨​ ក្នុង​ជន្មាយុ​៨៦​ឆ្នាំ​)​ ។​ លោក​ Vo​ Van​ Kiet​ បាន​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​វៀតណាម​រយៈពេល​៥​ឆ្នាំ​ គឺ​ពី​ឆ្នាំ​១៩៩២​ដល់​ឆ្នាំ​១៩៩៧​ ។​

៦-​លោក​ Phan​ Van​ Khai​ អាយុ​៨២​ឆ្នាំ​ បាន​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​វៀតណាម​រយៈពេល​៩​ឆ្នាំ​ គឺ​ពី​ឆ្នាំ​១៩៩៧​ដល់​ឆ្នាំ​២០០៦​ ។​ លោក​ Phan​ Van​ Khai​ គឺជា​ភាគី​ហត្ថលេខី​ជាមួយ​បុរស​ខ្លាំង​នៅ​លើ​សន្ធិសញ្ញា​បំពេញបន្ថែម​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ ទៅ​លើ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥​ ចុះ​ថ្ងៃ​ទី​១០​ ខែតុលា​ ឆ្នាំ​២០០៥​ នៅ​ទីក្រុង​ហាណូយ​ ប្រទេស​វៀតណាម​ ។​

៧-​លោក​ Nguyen​ Tan​ Dung​ អាយុ​៦៦​ឆ្នាំ​ បាន​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​វៀតណាម​រយៈពេល​១០​ឆ្នាំ​ គឺ​ពី​ឆ្នាំ​២០០៦​ដល់​ឆ្នាំ​២០១៦​ ។​ លោក​ Nguyen​ Tan​ Dung​ បាន​ចូលរួម​អនុវត្ត​ការ​បោះបង្គោល​ព្រំដែន​គោក​រវាង​វៀតណាម​ និង​កម្ពុជា​យ៉ាង​សកម្ម​ យោង​តាម​ស្មារតី​នៃ​សន្ធិសញ្ញា​បំពេញបន្ថែម​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ ទៅ​លើ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥​ ។​

៨-​លោក​ Nguyen​ Xuan​ Phuc​ អាយុ​៦១​ឆ្នាំ​ បាន​ចូល​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​វៀតណាម​បច្ចុប្បន្ន​នា​ឆ្នាំ​២០១៦​ ។​ លោក​ Nguyen​ Xuan​ Phuc​ បាន​និង​កំពុង​សហការ​ជាមួយ​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ត្រៀម​ធ្វើ​សំណើ​ទៅ​កាន់​ប្រទេស​បារាំង​ ដើម្បី​ធ្វើការ​កែ​ផែនទី​ពី​ខ្នាត​ ១/១០០​ ០០០​ ទៅ​ជា​ផែនទី​ខ្នាត​ ១/៥០​ ០០០​ ពាក់ព័ន្ធ​នឹង​បូរណភាព​ទឹកដី​ ដែល​ផ្ទុយ​ទៅ​នឹង​មាត្រា​២​នៃ​រដ្ឋធម្មនុញ្ញ​ ដែល​ជា​ច្បាប់​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។​

​មជ្ឈដ្ឋាន​អ្នកវិភាគ​ព្រឹត្តិការណ៍​នយោបាយ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ តាំងពី​បាន​ផ្តួលរំលំ​របប​វាល​ពិឃាត​ខ្មែរក្រហម​មក​ រហូត​ទល់​សព្វថ្ងៃ​ គេ​តែង​និយាយ​ថា​ កម្ពុជា​និង​វៀតណាម​ គឺជា​បងប្អូន​គ្នា​ម៉ឺន​ឆ្នាំ​ និង​មាន​ពេល​ខ្លះ​ក៏​គេ​និយាយ​ថា​ វៀតណាម​ជា​ចៅហ្វាយ​របស់​កម្ពុជា​ទៀត​ផង​ (?)​ ប៉ុន្តែ​បែរជា​វៀតណាម​ធ្វើការ​ផ្លាស់​ប្តូរ​ថ្នាក់ដឹកនាំរបស់​ខ្លួន​រហូត​ដល់​ទៅ​យ៉ាង តិច៧នាក់​ហើយ​ ក្នុង​រយៈពេល​៣១​ឆ្នាំ​ ខណៈ​កម្ពុជា​មាន​នាយក​រដ្ឋមន្ត្រី​តែ​ម្នាក់​មុខ​ដដែលៗ​ គឺ​បុរស​ខ្លាំង​ ឬ​មួយ​ក៏​បុរស​ខ្លាំង​នៃ​កម្ពុជា​មាន​សមត្ថភាព​ដឹកនាំ​ប្រទេស​កម្ពុជា​បាន​ល្អ​ប្រសើរ​ និង​ចេះ​ការពារ​អំណាច​បាន​យូរអង្វែង​ជាង​ថ្នាក់ដឹកនាំ​វៀតណាម​ជា​បងប្អូន​នឹង​គ្នា​ទៅ​ទៀត​ ?​ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.