កាលពីរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅថ្មីៗ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឯកភាពគ្នាជាមួយលោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីស្នើទៅកាន់ប្រទេសបារាំង សុំឲ្យអ្នកឯកទេសបារាំងជួយធ្វើផែនទីដោយផ្ទេរពីផែនទីខ្នាត ១/១០០ ០០០ ទៅជាផែនទីខ្នាត ១/៥០ ០០០ វិញ ដែលជាការរំលោភបំពានលើរដ្ឋធម្មនុញ្ញជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជាយ៉ាងធ្ងន់ធ្ងរបំផុត ។
រឿងកែប្រែខ្នាតផែនទីពីខ្នាត ១/១០០ ០០០ ទៅជាផែនទីខ្នាត ១/៥០ ០០០ ដែលផ្ទុយទៅនឹងស្មារតីមាត្រា២នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជានោះ គឺបុរសខ្លាំងបានអនុវត្តជាមួយភាគីប្រទេសវៀតណាមរហូតដល់ពឹងពាក់ឲ្យភាគីវៀតណាមបោះពុម្ពឡើងវិញនូវផែនទី UTM ខ្នាត ១/៥០ ០០០ ជំនួសផែនទី Bonne ខ្នាត ១/១០០ ០០០ ចំនួន៤០ផ្ទាំង អមសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ ដូចមានបញ្ជាក់នៅក្នុងប្រការ៣នៃសន្ធិសញ្ញាបំពេញបន្ថែមរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០០៥ (បុរសខ្លាំងចុះហត្ថលេខាជាមួយលោក Phan Van Khai នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅទីក្រុងហាណូយ ប្រទេសវៀតណាម) ដែលក្លាយទៅជាច្បាប់ប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខនស/រកម/១១០៥/០៣៩ ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០០៥ យ៉ាងចម្រូងចម្រាស ។
មាត្រា២នៃរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា បានចែងថា "បូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា មិនអាចរំលោភបានដាច់ខាតក្នុងព្រំដែនរបស់ខ្លួនដែលមានកំណត់ក្នុងផែនទីខ្នាត ១/១០០ ០០០ ធ្វើនៅចន្លោះឆ្នាំ១៩៣៣-១៩៥៣ ហើយដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ នៅចន្លោះឆ្នាំ១៩៦៣-១៩៦៩ ។ " និងមាត្រា៥៥ ព្រមទាំងមាត្រា១៥០ថ្មីនៃរដ្ឋធម្មនុញ្ញដដែល បានចែងដែរថា "សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទាំងឡាយណាដែលមិនស្របនឹងឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី អព្យាក្រឹតភាព និងឯកភាពជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវលុបចោល ។ រដ្ឋធម្មនុញ្ញនេះជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា ។ ច្បាប់ និងសេចក្តីសម្រេចទាំងឡាយនៃស្ថាប័ននានារបស់រដ្ឋ ត្រូវស្របនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត ។ " ។
មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យនៅកម្ពុជា បានលើកឡើងថា ការប្រើប្រាស់ផែនទីខ្នាត ១/៥០ ០០០ នៅក្នុងសន្ធិសញ្ញាបំពេញបន្ថែមរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ គឺបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើមាត្រា២នៃរដ្ឋធម្មនុញ្ញ ដែលតម្រូវឲ្យបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជាត្រូវកំណត់ក្នុងផែនទីខ្នាត ១/១០០ ០០០ ។ ដូច្នេះ អនុលោមទៅលើមាត្រា៥៥ និងមាត្រា១៥០ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គឺសន្ធិសញ្ញាបំពេញបន្ថែមរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ ត្រូវចាត់ទុកជាមោឃៈ ឬលុបចោលជាស្ថាពរ ។
ឥឡូវនេះ គ្រប់ស្ថាប័នជាតិ ជាពិសេសស្ថាប័នរដ្ឋសភាដែលមានអ្នកតំណាងរាស្ត្រចំនួន១២៣រូប ដែលតំណាងឲ្យប្រជាជាតិខ្មែរទាំងមូល មិនត្រឹមតែមិនចាត់នីតិវិធីឈានទៅនិរាករណ៍សន្ធិសញ្ញាបំពេញបន្ថែមរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ ដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញប៉ុណ្ណោះទេ បែរជាបុរសខ្លាំងអាងអំណាចដ៏មហិមារួមដៃជាមួយភាគីប្រទេសវៀតណាម ស្នើសុំឲ្យបារាំងជួយធ្វើផែនទីកែពីខ្នាត ១/១០០ ០០០ ទៅជាខ្នាត ១/៥០ ០០០ ផ្ទើននឹងរដ្ឋធម្មនុញ្ញជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជាថែមទៀត ៕