ក្នុងនាមកាន់តំណែងជាអនុប្រធានទី២នៃរដ្ឋសភានីតិកាលទី៥ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ មកពីគណបក្សប្រជាជនកម្ពុជា(សមាជិករដ្ឋសភា) គឺឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានប្រើប្រាស់រថយន្តទំនើប១គ្រឿងម៉ាក Lexus 570 ពណ៌ស ពាក់ស្លាកលេខរដ្ឋ34.2-2222 ហើយធ្លាប់បានបើកបរបញ្ច្រាសទិសចរាចរណ៍ ធ្វើឲ្យប្រិយមិត្តអ្នកលេង Facebook រិះគន់យ៉ាងចាស់ដៃ និងព្រោងព្រាតនាពេលថ្មីៗនេះ ។
មាត្រា៥ ចំណុចទី២ និងមាត្រា៩ ចំណុចទី២ នៃអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា ចុះហត្ថលេខាផ្ទាល់ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង ជានាយករដ្ឋមន្ត្រី លេខ៧៧អនក្រ.បក ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៣ ស្តីពីការចេញស្លាកលេខសម្គាល់យានជំនិះ បានចែងថា "ក្រុមទី២ ៖ ម្ចាស់គ្រប់គ្រងយានយន្តជារបស់ក្រសួង ស្ថាប័នរដ្ឋ សហគ្រាសសាធារណៈ និងអង្គភាពស្វ័យាភិបាលសេដ្ឋកិច្ច ។ ស្លាកលេខរដ្ឋ02. 2-0001 សម្រាប់រថយន្តដែលប្រើប្រាស់ដោយសមាជិករដ្ឋសភា ។ " និងមាត្រា៩ ចំណុចទី៣៤ នៃអនុក្រឹត្យរបស់រាជរដ្ឋាភិបាលដដែល បានចែងដែរថា "ស្លាកលេខរដ្ឋ34. 2-0001 សម្រាប់រថយន្តជាសម្បត្តិរដ្ឋដែលប្រើប្រាស់ដោយអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានរដ្ឋសភា អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ" ។
អនុលោមតាមមាត្រា៥ ចំណុចទី២ និងមាត្រា៩ ចំណុចទី២ និងចំណុចទី៣៤ នៃអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា លេខ៧៧អនក្រ.បក ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៣ ស្តីពីការចេញស្លាកលេខសម្គាល់យានជំនិះ គឺ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ដែលជាសមាជិករដ្ឋសភា ប្រសិនបើប្រើប្រាស់រថយន្តដែលជាទ្រព្យសម្បត្តិរដ្ឋ ត្រូវពាក់ស្លាកលេខរដ្ឋ02. 2-XXXX ប៉ុន្តែក្នុងករណីដែលឯកឧត្តមបណ្ឌិត ងួន ញ៉ិល ប្រើប្រាស់រថយន្តពាក់ស្លាកលេខរដ្ឋ34. 2-2222 ដែលតម្រូវឲ្យប្រើប្រាស់ដោយអគ្គលេខាធិការដ្ឋានរដ្ឋសភានោះ គឺជាការខុសឆ្គងធ្ងន់ធ្ងរបំផុត ហើយក៏មានន័យថា ជាអំពើរំលោភបំពានទៅលើអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជាយ៉ាងគឃ្លើនទៀតផង ពីព្រោះឯកឧត្តមបណ្ឌិត ងួន ញ៉ិល មិនមែនជាមន្ត្រីបម្រើការងារនៅក្នុងអគ្គលេខាធិការដ្ឋានរបស់រដ្ឋសភាទេ ។
ដូច្នេះ នេះគឺជាព័ស្តុតាងមួយនៅកណ្តាលវាល ឬនៅលើគោក ដែលបង្ហាញឲ្យឃើញថា ឯកឧត្តមបណ្ឌិត ងួន ញ៉ិល សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី២នៃរដ្ឋសភានីតិកាលទី៥ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ (សមាជិករដ្ឋសភា) ដែលមានទីប្រឹក្សារហូតដល់ជាង៦០នាក់ បានរំលោភទៅលើសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង ប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល ទាំងកំរោលពេញបន្ទុក និងបានសម្រេចជាស្ថាពរ ៕