កាលពីសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម នៅរស់រានមានជីវិតក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជានោះ គឺនៅលើ "ប៉ាណូ" តាំងរូប "សម្តេចទាំងបី" របស់គណបក្សប្រជាជនកម្ពុជានៅគ្រប់ទិសទី ប្រៀបដូចជាការផ្សាយពាណិជ្ជកម្មផលិតផលទំនិញអ្វីមួយយ៉ាងគគ្រឹកគគ្រេង គេបានឃើញបុរសខ្លាំងឋិតនៅកណ្តាល និងសម្តេចអគ្គធម្មពោធិសាល ជា ស៊ីម ឋិតនៅខាងមុខ រីឯសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ឋិតនៅខាងក្រោយ ។
លុះក្រោយពេលសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជា បានទទួលមរណភាពទៅ និងបុរសខ្លាំងបានឡើងកាន់តំណែងជាប្រធានគណបក្សប្រជាជនកម្ពុជាជំនួស បែរជានៅលើ "ប៉ាណូ" របស់គណបក្សប្រជាជនកម្ពុជា គេបានឃើញមានការដាក់តាំងរូបបុរសខ្លាំងឋិតនៅពីក្រោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជាប្រធានកិត្តិយសគណបក្សទៅវិញ ដែលការដាក់តាំងរូបបុរសខ្លាំងឋិតនៅពីក្រោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន បែបនេះ ធ្វើឲ្យមជ្ឈដ្ឋានអ្នកវិភាគស្ថានការណ៍នយោបាយនៅកម្ពុជា បាននិយាយរបៀបកំប្លែងលេង តែក្នុងន័យពិចារណាថា "មកពីបុរសខ្លាំងខ្លាច ទើបមិនហ៊ានឈរនៅជួរមុខក្នុងនាមជាប្រធានគណបក្ស ហើយទុកឲ្យប្រធានកិត្តិយសគណបក្សពាំងពីមុខវិញ…" (Sic!) ។
ឥឡូវនេះ គេបានឃើញ "ប៉ាណូ" គណបក្សប្រជាជនកម្ពុជាមួយឋិតនៅខាងមុខលំនៅឋានជាន់ទី១ ផ្លូវលេខ១០៧(ផ្លូវសុកហុក) កែងផ្លូវលេខ១០៩ សង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ ត្រូវបានគេឃើញមានការដាក់តាំងរូបបុរសខ្លាំងឋិតនៅពីមុខសម្តេចអគ្គមហាពញាចក្រី ហេង សំរិន វិញ ដែលជា "ប៉ាណូ" មួយកម្របានឃើញ ។
ដូច្នេះ ទំនងជាបុរសខ្លាំង "លែងខ្លាច" និងមកឈរនៅជួរមុខក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជាវិញហើយៗការខ្លាចរបស់បុរសខ្លាំងនាពេលកន្លងមកនោះ ត្រូវបានក្រុមអ្នកវិភាគលើកឡើងថា គឺជាការ "ខ្លាចស្រមោលខ្លួនឯង" បន្ទាប់ពីបានដឹកនាំប្រទេសអស់រយៈពេលយូរឆ្នាំ និងមានកំហុសឆ្គងច្រើនរួចមក ៕