នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ អង្គជំនុំជម្រះតុលាការកំពូលនៃសាលាក្តីខ្មែរក្រហម បានប្រកាសសាលដីកាសម្រេចផ្តន្ទាទោសមេដឹកនាំខ្មែរក្រហមចំណាស់ៗចំនួន២នាក់ គឺលោក នួន ជា និងលោក ខៀវ សំផន ដែលជាជនជាប់ចោទ ដាក់ពន្ធនាគារក្នុងម្នាក់ៗអស់មួយជីវិត ក្រោមការចោទប្រកាន់ពីបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិក្នុងរបបវាលពិឃាដខ្មែរក្រហម (របបកម្ពុជាប្រជាធិបតេយ្យ) ដែលសាលដីកានេះជាសាលដីកាបិទផ្លូវតវ៉ាចំពោះជនជាប់ចោទទាំង២នាក់ ។
ជនជាប់ចោទឈ្មោះ នួន ជា ហៅ "បងធំទី២" អតីតជាប្រធានសភានៃរបបកម្ពុជាប្រជាធិបតេយ្យ បច្ចុប្បន្នមានអាយុ៩០ឆ្នាំ ត្រូវបានចាប់ឃុំខ្លួនដាក់ពន្ធនាគារសាលាក្តីខ្មែរក្រហម កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៧ ។ រីឯជនជាប់ចោទឈ្មោះ ខៀវ សំផន អតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ បច្ចុប្បន្នមានអាយុ៨៥ឆ្នាំ ត្រូវបានចាប់ឃុំខ្លួនដាក់ពន្ធនាគារសាលាក្តីខ្មែរក្រហមកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០០៧ ។
ការវិនិច្ឆ័យសេចក្តីរបស់អង្គជំនុំជម្រះតុលាការកំពូលនៃសាលាក្តីខ្មែរក្រហម (ECCC) ដែលសម្រេចផ្តន្ទាទោសមេដឹកនាំខ្មែរក្រហមចំណាស់ៗទាំង២នាក់ដាក់ពន្ធនាគារអស់មួយជីវិតនេះ ត្រូវបានស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាចេញសេចក្តីថ្លែងការណ៍ ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ សម្តែងនូវការស្វាមគមន៍ ដោយចាត់ទុកថា សាលដីកានេះនឹងធានាថា មេដឹកនាំកំពូលពីររូបក្នុងចំណោមមេដឹកនាំកំពូលៗនៃរបបខ្មែរក្រហម ត្រូវបានចាប់ឲ្យទទួលខុសត្រូវ ៕