ថ្ងៃ សុក្រ ទី ៣០ ខែ តុលា ឆ្នាំ ២០២០

ក្រសួងការពារជាតិ​ចាយ​លុយ​ជាង​១​លាន​ដុល្លារ​ លើ​ការ​ជួសជុល​បង្ហើយ​ឧទ្ធម្ភាគចក្រ​១​គ្រឿង​

​ក្រសួងការពារជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​សម្រេច​ធ្វើការ​ជួសជុល​បង្ហើយ​នូវ​ឧទ្ធម្ភាគចក្រ​ចំនួន​១​គ្រឿង​ ធុន​ MI-8MTV​ លេខ​ MH-803​ របស់​កងទ័ព​ជើង​អាកាស​នៃ​កង​យោធពលខេមរភូមិន្ទ​ ដែល​ទិញ​មក​ពី​ប្លុក​ប្រទេស​រុ​ស្ស៊ី​ (​បច្ចេកវិទ្យា​ដើមដំបូង​របស់​រុ​ស្ស៊ី​ អតីត​សហភាព​សូ​វៀត​)​ ដោយ​ចំណាយ​លុយ​អស់​ជាង​១​លាន​ដុល្លារ​អា​មេ​រិ​ក​ ។​

​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​ពី​ក្រសួងការពារជាតិ​បាន​ឲ្យ​ដឹង​ថា​ ក្រសួងការពារជាតិ​ដែល​មាន​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ឧបនាយករដ្ឋមន្ត្រី​ ទៀ​ បាញ់​ ជា​រដ្ឋមន្ត្រី​ កាលពី​ខែកញ្ញា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ថ្មីៗ​ ទទួល​បានការ​ទម្លាក់​ថវិកា​ចំនួន​ ៥​ ១២៣​ ០០០​ ០០០​រៀល​(​ប្រមាណ​ជាង​១​លាន​ដុល្លារ​អា​មេ​រិ​ក​)​ ពី​រាជរដ្ឋាភិបាល​ សម្រាប់​ធ្វើការ​ជួសជុល​បង្ហើយ​នូវ​ឧទ្ធម្ភាគចក្រ​១​គ្រឿង​ធុន​ MI-8MTV​ លេខ​ MH-803​ របស់​កងទ័ព​ជើង​អាកាស​នៃ​កង​យោធពលខេមរភូមិន្ទ​ ។​

​មន្ត្រី​ក្រសួងការពារជាតិ​ម្នាក់​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា​ ឧទ្ធម្ភាគចក្រ​ធុន​ MI-8MTV​ លេខ​ MH-803​ នោះ​ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​បញ្ជា​ទិញ​ពី​ប្លុក​ប្រទេស​រុ​ស្ស៊ី​(​តម្លៃ​ទីផ្សារ​នា​ពេល​នោះ​ប្រមាណ​ក្រោម​៣​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​គ្រឿង​)​ ហើយ​បាន​ដាក់​ឈ្មោះ​ថា​ MH-803​ នៅ​ខែវិច្ឆិកា​ ឆ្នាំ​២០០២​ គឺ​មាន​រយៈពេល​ជាង​១៤​ឆ្នាំ​មក​ហើយ​ ។​

​បច្ចុប្បន្ន​ ឧទ្ធម្ភាគចក្រ​ធុន​ MI-8​ និង​អង្គការ​ NATO​ ហៅ​ថា​ Hip​ ដែល​ផលិត​នៅ​ប្លុក​ប្រទេស​រុ​ស្ស៊ី​(​ការ​ផលិត​សកម្ម​គឺ​នៅ​រុ​ស្ស៊ី​ និង​អ៊ុយ​ក្រែ​ន​)​ មាន​យ៉ាង​ហោច​ណាស់​ចំនួន​៣​គ្រឿង​ ត្រូវ​បាន​ប្រើប្រាស់​ដោយ​កង​អង្គរក្ស​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 72 84 71 / 015 86 87 53.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.