លោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី ហៅបុរសខ្លាំងរបស់រុស្ស៊ីបានបញ្ជាក់ឲ្យដឹងអំពីមូលហេតុដែលធ្វើឲ្យទីក្រុង Moscow ច្បាមយកតំបន់ Crimea ដាក់ឲ្យឋិតក្រោមការគ្រប់គ្រងរបស់ខ្លួនតាមរយៈបទសម្ភាសន៍ជាមួយបណ្ដាញសារព័ត៌មាន REN TV កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅថ្មីៗថា មកពីប្រទេសលោកខាងលិចកំពុងស្វែងរកសត្រូវនៅខាងក្រៅ ដើម្បីរក្សាសណ្ដាប់ធ្នាប់ផ្ទៃក្នុងរបស់សហរដ្ឋអាមេរិក ។
បុរសខ្លាំងរបស់រុស្ស៊ីបានបញ្ជាក់ថា « ប្រទេសលោកខាងលិចបានបង្កើតច្បាប់ថ្មីមួយរបស់ខ្លួន សម្រាប់ខ្លួន និងដើម្បីសម្រេចនូវគោលដៅរបស់ខ្លួននេះចាំបាច់ត្រូវតែបង្កើតសត្រូវរួមនៅខាងក្រៅ ។ តបតទៅនឹងយុទ្ធសាស្ដ្ររបស់អង្គការ NATO ក្នុងបំណងទប់ទល់នឹងរុស្ស៊ីនេះ គឺតម្រូវឲ្យរុស្ស៊ីមានវិធានការទប់ស្កាត់បន្ទាន់ ។ » ។
បញ្ហាអ៊ុយក្រែន ក៏ដូចជាការដាក់បញ្ចូលតំបន់ Crimea មានផ្ទៃដីទំហំ២៧ ០០០គីឡូម៉ែត្រក្រឡា ឲ្យឋិតនៅក្រោមការគ្រប់គ្រងរបស់មហាអំណាចរុស្ស៊ីនោះ គឺកើតឡើងនៅក្រោយពេលមានការធ្វើរដ្ឋប្រហារផ្ដួលរំលំរដ្ឋាភិបាលលោក Victor Yanukovych ដែលស្និទ្ធនឹងទីក្រុង Moscow ដោយផ្ដល់ឱកាសឲ្យលោក Petro Poroshenko ជាប្រធានាធិបតីអ៊ុយក្រែនចាប់ពីឆ្នាំ២០១៤ទល់បច្ចុប្បន្ន ដែលស្និទ្ធនឹងប្រទេសលោកខាងលិច ធ្វើឲ្យសហរដ្ឋអាមេរិក និងអង្គការ NATO លូកដៃចូល ។ ទន្ទឹមនឹងនេះដែរ រុស្ស៊ីត្រូវមានទីតាំងយោធាថ្មីសម្រាប់ដាក់ប្រព័ន្ធខែលការពារមីស៊ីលនៅជាប់នឹងប្រទេសអ៊ុយក្រែន (តំបន់ Crimea ) ដើម្បីទប់ទល់នឹងប្រទេសលោកខាងលិចវិញ ។
កាលពីឆ្នាំ២០១៤កន្លងទៅ មហាអំណាចរុស្ស៊ីបានសម្រេចគោលដៅក្នុងការច្បាមយកតំបន់ Crimea ដាក់បញ្ចូលឲ្យឋិតក្រោមការគ្រប់គ្រងរបស់ខ្លួនទល់បច្ចុប្បន្ន ដែលបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះរដ្ឋាភិបាលប្រទេសអ៊ុយក្រែនខ្លាចបាត់បង់ទឹកដីក្រោមឥទ្ធិពលអំណាចរបស់រុស្ស៊ី ៕