ថ្ងៃ ចន្ទ ទី ១២ ខែ មេសា ឆ្នាំ ២០២១

រឿង​កូនទាហាន​ញៀន​ថ្នាំ​ មិន​ខ្លាច​មេទាហាន​ជា​សមាជិក​ក្រុមការងារ​ការពារ​សន្តិសុខ​ និង​សុវត្ថិ​ភាពបុរស​ខ្លាំង​ និង​”​ជំទាវ​ធំ​”

​កាលពី​រាត្រី​ថ្ងៃ​ទី​១៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ថ្មីៗ​នេះ​ មាន​ហេតុការណ៍​គួរ​ឲ្យ​ហួសចិត្ត​ និង​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​នៅ​ម្តុំ​ផ្សារ​ធំ​ថ្មី​ សង្កាត់​ផ្សារ​ថ្មី​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ បង្ក​ដោយ​យុវជន​ស្ទាវ​ម្នាក់​ដែល​គេ​ស្គាល់​ថា​ ជា​មន្ត្រី​យោធា​ផង​ និង​ជា​កូនប្រុស​របស់​វេជ្ជបណ្ឌិត​បម្រើ​ការងារ​ជា​មន្ត្រីរាជការ​ក្រោម​ឱវាទ​ក្រសួងសុខាភិបាល​ម្នាក់​ផង​ ស្រវឹងស្រា​ និង​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​ បើកបរ​រថយន្ត​ទំនើប​មួយ​គ្រឿង​ម៉ាក​ Lexus​ LX470​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2I-2359​ បំ​បុក​ទៅ​លើ​លោក​ឧត្តមសេនីយ៍ឯក​ ន​ន្ទ​ សុខា​ នាយទាហាន​ថ្នាក់ឧត្តម​សេនីយ៍​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​០១១៤២​ ជា​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ និង​ជា​សមាជិក​ក្រុមការងារ​ការពារ​សន្តិសុខ​ និង​សុវត្ថិភាព​ផ្ទាល់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ ហៅ​ "​ជំទាវ​ធំ​"​ ប្រធាន​កាកបាទក្រហមកម្ពុជា​ដ៏​មាន​ឥទ្ធិពល​ រហូត​ដល់​បង្ខំ​ឲ្យ​លោក​ផ្កាយ​៣​ទាហាន​ ន​ន្ទ​ សុខា​ ប្រើប្រាស់​កាំភ្លើង​គំរាម​ក្នុង​ន័យ​ការពារ​ខ្លួន​ និង​ឈាន​ទៅ​ចាប់​ឃាត់ខ្លួន​យុវជន​ស្ទាវ​ជា​កូនទាហាន​រូប​នោះ​ មក​ចាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់​ ។​

​យុវជន​ស្ទាវ​ដែល​ជា​កូនប្រុស​របស់​លោក​វេជ្ជបណ្ឌិត​ម្នាក់​ និង​ជា​កូនទាហាន​ម្នាក់​ផង​ ដែល​បង្ក​រឿងរ៉ាវ​ជាមួយ​លោក​ ន​ន្ទ​ សុខា​ ជា​មេទាហាន​ផ្កាយ​៣​នោះ​ មានឈ្មោះ​ ចាន់​ សោភា​ អាយុ​២៣​ឆ្នាំ​ ។​ ក្រោយ​ពេល​មន្ត្រី​កងរាជអាវុធហត្ថ​ចាប់​ឃាត់ខ្លួន​បាន​រួច​មក​ យុវជន​ស្ទាវ​ ចាន់​ សោភា​ ត្រូវ​បាន​ត្រួតពិនិត្យ​ឃើញ​ថា​ មាន​សារធាតុ​ញៀន​នៅ​ក្នុង​ទឹកនោម​កាលពី​ថ្ងៃ​ទី​១៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​ ហើយ​យុវជន​ ចាន់​ សោភា​ ក៏​បាន​សារភាព​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ដែរ​ថា​ ខ្លួន​បាន​ប្រើប្រាស់​ថ្នាំ​ញៀន​កាលពី​ថ្ងៃ​ទី​១៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​ ដែល​ជា​ថ្ងៃ​បង្ករឿង​រ៉ាវ​ជាមួយ​មេទាហាន​ផ្កាយ​៣​ ន​ន្ទ​ សុខា​ ។​

​យោង​តាម​ដំណើរ​រឿងហេតុ​ខាងលើ​ គឺ​បាន​បង្ហាញ​ថា​ យុវជន​ស្ទាវ​ឈ្មោះ​ ចាន់​ សោភា​ ដែល​ជា​មន្ត្រី​យោធា​ម្នាក់​ផង​នោះ​ ក្រៅពី​បាន​សេព​គ្រឿង​ស្រវឹង​ ក៏​បាន​សេព​គ្រឿងញៀន​ផង​ដែរ​ រួម​ជាមួយ​ភាព​ហ៊ឺហា​ស្រាប់​ថែម​ទៀត​ បាន​ជំរុញ​ឲ្យ​យុវជន​ស្ទាវ​ ចាន់​ សោភា​ ពោរពេញ​ទៅ​ដោយ​អំនួត​តែ​ម្តង​ ។​ ដូច្នេះ​ សមត្ថកិច្ច​ពាក់ព័ន្ធ​គប្បី​បើក​ការ​ស៊ើបអង្កេត​មើល​ថា​ តើ​យុវជន​ស្ទាវ​ឈ្មោះ​ ចាន់​ សោភា​ បាន​ចូល​ក្នុង​ក្របខ័ណ្ឌ​កង​យោធពលខេមរភូមិន្ទ​នោះ​តាម​វិធី​ណា​ និង​មាន​រូបភាព​ "​ស៊ី​ឈ្មោះ​ខ្មោច​"​ ដែរ​ឬទេ​ ?

​ប្រភព​ព័ត៌មាន​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​២២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​នេះ​ លោក​ កែវ​ សុ​ជាតិ​ ព្រះរាជអាជ្ញា​រង​ និង​ជា​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​សម្រេច​ចោទប្រកាន់​បើក​ការ​ស៊ើបសួរ​ទៅ​លើ​យុវជន​ស្ទាវ​ឈ្មោះ​ ចាន់​ សោភា​ ពី​បទ​ប្រើប្រាស់​គ្រឿងញៀន​ និង​បញ្ជូន​ទៅ​កាន់​មណ្ឌល​អប់រំ​កែប្រែ​ដើម្បី​បន្សាបថ្នាំ​ញៀន​ ។​

​លោក​ឧត្តមសេនីយ៍​ ន​ន្ទ​ សុខា​ នាយទាហាន​ថ្នាក់ឧត្តម​សេនីយ៍​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​០១១៤២​ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ទទួល​បន្ទុក​ការងារ​សណ្តាប់ធ្នាប់​ កិត្តិយស​ និង​ការពារ​ឥស្សរជន​ ទទួល​បានការ​តែងតាំង​ជា​សមាជិក​ក្រុមការងារ​រៀបចំ​កិច្ច​ការពារ​សន្តិសុខ​ និង​សុវត្ថិភាព​ផ្ទាល់​របស់​បុរស​ខ្លាំង​ និង​"​ជំទាវ​ធំ​"​ ដោយ​សេចក្តីសម្រេច​របស់​រាជរដ្ឋាភិបាល​លេខ​១៣​ សសរ​ ចុះ​ថ្ងៃ​ទី​២៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ និង​ក្រោយមក​ លោក​ឧត្តមសេនីយ៍​ ន​ន្ទ​ សុខា​ ក៏​ទទួល​បានការ​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ឯក​(​ផ្កាយ​៣)​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០១១៦/០៩៨​ ចុះ​ថ្ងៃ​ទី​២៨​ ខែមករា​ ឆ្នាំ​២០១៦​ ។​

​នេះ​ គឺជា​រឿង​កូនទាហាន​ញៀន​ថ្នាំ​ មិន​ខ្លាច​មេទាហាន​ជា​សមាជិក​ក្រុមការងារ​ការពារ​សន្តិសុខ​ និង​សុវត្ថិភាព​ផ្ទាល់​របស់​បុរស​ខ្លាំង​ និង​ "​ជំទាវ​ធំ​"​ ដែល​កើត​មាននៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ជា​ "​ព្រះរាជាណាចក្រ​អច្ឆរិយៈ​"​ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.