ថ្ងៃ ចន្ទ ទី ១២ ខែ មេសា ឆ្នាំ ២០២១

កាន់តែក្ដៅហើយ ! រុស្ស៊ីប្រើប្រាស់យន្ដហោះចម្បាំងទម្លាក់គ្រាប់បែកបំពាក់កាំជ្រួចមីស៊ីលវាយប្រហារក្រុម ISIS នៅស៊ីរី

ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ឲ្យដឹងកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅថ្មីៗថា ជាលើកទី១ហើយដែលកងកម្លាំងទាហានជើងអាកាសរុស្ស៊ីបានប្រើប្រាស់យន្ដហោះចម្បាំងទម្លាក់គ្រាប់បែកប្រភេទ Tu-95MSM បំពាក់ដោយកាំជ្រួចមីស៊ីល X-101 ដ៏ទំនើបធ្វើការវាយប្រហារទៅលើទីតាំងបញ្ជាការដ្ឋាន និងឃ្លាំងអាវុធរបស់ក្រុមភេរវករអ៊ីស្លាមបំបែករដ្ឋ ISIS នៅប្រទេសស៊ីរី ។

ប្រជាពលរដ្ឋប្រមាណ២៧៥ ០០០នាក់រស់នៅទីក្រុង Aleppo ឋិតនៅក្រោមការឡោមព័ទ្ធដោយកងកម្លាំងទាហានថ្មើរជើងរបស់រដ្ឋាភិបាលស៊ីរី ហើយកម្លាំងទាហានវាយប្រហារពីលើអាកាសយ៉ាងកក្រើកទីក្រុងទាំងមូល ។

នារយៈពេលកន្លងមក មិនត្រឹមតែក្រុមភេរវករអ៊ីស្លាមបំបែករដ្ឋ ISIS ប៉ុណ្ណោះទេដែលរុស្ស៊ី និងសម្ព័ន្ធមិត្តវាយប្រហារ គឺក្រុមកងកម្លាំងប្រឆាំងរដ្ឋាភិបាលស៊ីរីលោក Bashar al-Assad ដែលគាំទ្រដោយសហរដ្ឋអាមេរិក ក៏ឋិតក្នុងមុខសញ្ញាត្រូវរុស្ស៊ីកម្ទេចដែរ ដើម្បីជួយជ្រោមជ្រែងអំណាចលោក Bashar al-Assad ។

សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអង្គការ NATO ធ្លាប់បានចាត់ទុកថា រដ្ឋាភិបាលលោក Bashar al-Assad ដែលគាំទ្រដោយរុស្ស៊ីយ៉ាងប្ដូរផ្ដាច់នោះ គឺត្រូវតែផ្ដួលរំលំជាចាំបាច់ ពីព្រោះលោក Bashar al-Assad មានបាតដៃប្រឡាក់ឈាមប្រជាពលរដ្ឋស៊ីរីស្លូតត្រង់ប្រមាណ៤០ម៉ឺន ។ ដូច្នេះ ទើបទីតាំងមួយចំនួនដែលអាមេរិកវាយរំដោះបានពីក្រុម ISIS នៅស៊ីរី ត្រូវប្រគល់ឲ្យទៅកងកម្លាំងប្រដាប់អាវុធប្រឆាំងនឹងរដ្ឋាភិបាលស៊ីរី ។

ថ្លែងនៅក្នុងកិច្ចប្រជុំ APEC នៅប្រទេសប៉េរូកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅថ្មីៗ លោក Barack Obama ប្រធានាធិបតីទី៤៤របស់សហរដ្ឋអាមេរិកដែលជិតផុតអាណត្តិបានបញ្ជាក់ថា ស្ថានភាពអសន្តិសុខនៅក្នុងប្រទេសស៊ីរីនឹងអូសបន្លាយពេលវេលាតទៅទៀត ដោយសារមានការជួយអន្តរាគមន៍របស់រុស្ស៊ី និងអ៊ីរ៉ង់ ការពារដល់កងកម្លាំងទាហានរដ្ឋាភិបាលលោក Bashar al-Assad ជាពិសេសយុទ្ធនាការវាយប្រហារតាមដែនអាកាសទៅលើទីក្រុង Aleppo បណ្ដាលឲ្យកុមារ និងស្ដ្រីជាច្រើននាក់ស្លាប់ និងរងរបួស ព្រមទាំងសាលារៀន មន្ទីរពេទ្យត្រូវរងការបំផ្លាញក្រោមការវាយប្រហារតាមដែនអាកាសរបស់រុស្ស៊ី ៕  

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.