ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ តុលា ឆ្នាំ ២០២១

រុស្ស៊ី​និង​សម្ព័ន្ធមិត្ត​សប្បាយ​ដៃ «​វាយ​»​ ​ក្រុមប្រឆាំង​រដ្ឋាភិបាល​ស៊ី​រី​គាំទ្រ​ដោយ​អាមេរិក និង​ក្រុម ISIS ក្រោម​បន្ទាត់នយោបាយ​លោក Donald Trump

បន្ទាប់ពី​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​បណ្ដោះអាសន្ន​រយៈពេល​០៣​សប្ដាហ៍​បានបញ្ចប់​ភ្លាម ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា​កន្លងមកនេះ យន្ដហោះ​ចម្បាំង​រុស្ស៊ី និង​កងកម្លាំង​យោធារ​ដ្ឋា​ភិ​បាល​ស៊ី​រី​របស់លោក Bashar al-Assad ដែលជា​សម្ព័ន្ធមិត្ត​ដ៏​ជិតស្និទ្ធ​បាន​បើក​ការវាយប្រហារ​តាម​ដែនអាកាស​ទៅលើ​ទីក្រុង និង​ភាគ​ខាងកើត​ទីក្រុង Aleppo របស់​ប្រទេស​ស៊ី​រី សំដៅ​កម្ទេច​ទីតាំង​កងកម្លាំង​ក្រុមប្រឆាំង​រដ្ឋាភិបាល​ស៊ី​រី​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក ប៉ុន្តែ​ប៉ះចំ​មន្ទីរពេទ្យ​កុមារ​មួយកន្លែង​បណ្ដាល​ឲ្យ​ប្រធាន​មន្ទីរពេទ្យ​សម្រេច​ទាំង​បង្ខំចិត្ត​ជម្លៀស​អ្នកជំងឺ​ជា​កុមារ​ចាកចេញ​ទៅរក​ជម្រក​សុវត្ថិភាព​បណ្ដោះអាសន្ន និង​មាន​មនុស្ស​យ៉ាងហោចណាស់​ជិត​៤០​នាក់​បាន​ស្លាប់បាត់​បង់ជីវិត ក្នុងនោះ​មាន​កុមារ​ជាច្រើន​នាក់​ផង ខណៈ​ការវាយប្រហារ​នេះ​បាន​កើតឡើង​ក្រោយ​លោក Donald Trump ទើប​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ថ្មី​ទី​៤៥​របស់​អាមេរិក និង​លោក Vladimir Putin ប្រធានាធិបតី​រុស្ស៊ី​ទូរស័ព្ទ​ពិភាក្សាគ្នា​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ។​

​ជាគោលការណ៍ «​ទ្រឹស្ដី​» គឺ រុស្ស៊ី អ៊ីរ៉ង់ និង​រដ្ឋាភិបាល​ស៊ី​រី​ជា​សម្ព័ន្ធមិត្ត​បានដាក់​ចេញ​នូវ​ផែនការ​វាយកម្ទេច​ទាំង​ក្រុម​កងកម្លាំង​ប្រឆាំង​រដ្ឋាភិបាល​លោក Bashar al-Assad ដែល​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក ទាំង​ក្រុម​ឧទ្ទាម​អ៊ីស្លាម​បំបែក​រដ្ឋ ISIS ។ ប៉ុន្តែ គោលការណ៍​ចម្បង​របស់​មហាអំណាច​រុស្ស៊ី និង​អ៊ីរ៉ង់ គឺ​ត្រូវ​វាយកម្ទេច​ក្រុម​កងកម្លាំង​ប្រឆាំង​រដ្ឋាភិបាល​ស៊ី​រី​គាំទ្រ​ដោយ​អាមេរិក ដើម្បី​ជួយ​ជ្រោមជ្រែង​អំណាច​ឲ្យ​លោក​ប្រធានាធិបតី​ស៊ី​រី Bashar al-Assad ទាំងស្រុង ។​

​ពាក់ព័ន្ធ​នឹង​វិបត្តិ​សង្គ្រាមស៊ីវិល​នៅ​ប្រទេស​ស៊ី​រី​អស់​រយៈពេល​ជាង​៥​ឆ្នាំ បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់បាត់​បង់ជីវិត​ជាង​៣០​ម៉ឺន​នាក់​កន្លងមកនេះ គឺ​មហាអំណាច​អាមេរិក និង​បណ្ដា​ប្រទេស​ជា​បក្សសម្ព័ន្ធ​អង្គការ NATO បាន​គាំទ្រ​ដល់​កងកម្លាំង​ប្រឆាំងនឹង​រដ្ឋាភិបាល​លោក Bashar al-Assad ដោយ​រាល់​ទីតាំង​ដែល​អាមេរិក​វាយ​រំដោះ​បាន​ពី​ក្រុម​ឧទ្ទាម ISIS ទាំង​អម្បាល​មាណ​ត្រូវ​បានប្រគល់​ឲ្យ​ទៅ​កងកម្លាំង​ប្រជាធិបតេយ្យ​ប្រឆាំងនឹង​រដ្ឋាភិបាល​ស៊ី​រី​គ្រប់គ្រង ។​

​សារព័ត៌មាន Telegraph របស់​អង់គ្លេស​បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹងថា អង់គ្លេស​ដែលជា​ប្រទេស​សមាជិក​អង្គការ NATO សម្ព័ន្ធមិត្ត​ជាមួយ​អាមេរិក​បាន​ចាត់ទុកថា ការផ្ដួលរំលំ​រដ្ឋាភិបាល​លោក Bashar al-Assad គឺជា​ការចាំបាច់​បំផុត ពីព្រោះ​លោក​ប្រធានាធិបតី​ស៊ី​រី Bashar al-Assad បច្ចុប្បន្ន​មាន​បាតដៃ​ប្រឡាក់​ឈាម​មនុស្ស​ជាង​៤០​ម៉ឺន​នាក់​នៅក្នុង​ប្រទេស​ស៊ី​រី ។​

​លោក Francois Hollande ប្រធានាធិបតី​បារាំង​ដែលជា​ប្រទេស​សមាជិក​អង្គការ NATO សម្ព័ន្ធមិត្ត​ជាមួយ​អាមេរិក​ដែរនោះ ធ្លាប់បាន​ប្រកាសថា រុស្ស៊ី​បាន​បំពាន​លើ​បទល្មើស​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅក្នុង​ប្រទេស​ស៊ី​រី ដែល​ត្រូវ​ផ្ដន្ទាទោស​នៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) ពីព្រោះ​រុស្ស៊ី និង​រដ្ឋាភិបាល​ស៊ី​រី​បាន​បើក​ការវាយប្រហារ​សម្លាប់​ម​នុស្ស​ជា​ជនស្លូតត្រង់​អស់​ជាច្រើន​នាក់​ចាប់តាំងពី​ឆ្នាំ​២០១៥​មក ។​

​ផ្ទុយ​ពី​គោលនយោបាយ​ការបរទេស​របស់លោក Barack Obama ប្រធានាធិបតី​ទី​៤៤​របស់​សហរដ្ឋអាមេរិក​ដែល​ជិត​ផុត​អាណត្តិ និង​បក្សសម្ព័ន្ធ​អង្គការ NATO ដែល​ត្រូវការ​ផ្ដួលរំលំ​រដ្ឋាភិបាល​ស៊ី​រី​លោក Bashar al-Assad ជា​ចាំបាច់​នោះ គឺ​លោក Donald Trump ដែល​ទើប​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ទី​៤៥​របស់​សហរដ្ឋអាមេរិក និង​គ្រោង​នឹង​ចូលកាន់​តំណែង​នៅ​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៧​ខាងមុខ បែរ​ជាមាន​គោលនយោបាយ​ការបរទេស​ដូចគ្នា​ទៅនឹង​រុស្ស៊ី ពោល​ត្រូវ​កំណត់​គោលដៅ​វាយកម្ទេច​ទីតាំង​ក្រុម​ឧទ្ទាម ISIS ប្រសើរ​ជាង​បង្ខំ​ឲ្យ​លោក Bashar al-Assad ប្រធានាធិបតី​ស៊ី​រី​ចុះ​ចេញពី​តំណែង ដែល​អះអាងថា​អាច​នាំ​ឲ្យ​អាមេរិក​មាន​ជម្លោះ​ជាមួយ​ស៊ី​រី រុស្ស៊ី និង​អ៊ីរ៉ង់​ទៅវិញ ។​

​ឥឡូវនេះ ដូច​បាន​អនុវត្តតាម​បន្ទាត់នយោបាយ​ការបរទេស​របស់លោក Donald Trump គឺ​មហាអំណាច​រុស្ស៊ី និង​សម្ព័ន្ធមិត្ត​កំពុង​សប្បាយ​ដៃ «​វាយ​» ក្រុម​កងកម្លាំង​ប្រឆាំង​រដ្ឋាភិបាល​ស៊ី​រី​គាំទ្រ​ដោយ​អាមេរិក និង​ក្រុម ISIS ដើម្បី​រក្សា​ការពារ​អំណាច​ឲ្យ​លោក Bashar al-Assad ប្រធានាធិបតី​រុស្ស៊ី​ហើយ ខណៈ​ក្រុម​កងកម្លាំង​ប្រឆាំង​រដ្ឋាភិបាល​ស៊ី​រី​កំពុង​រង់ចាំ​មើល​ជំហរ​នយោបាយ​ចុងក្រោយ​របស់​អាមេរិក និង​សម្ព័ន្ធមិត្ត​អង្គការ NATO ៕

 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.