គេហទំព័រសារព័ត៌មាន Japantoday បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ឲ្យដឹងថា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ម្សិលមិញ តុលាការជាន់ទាបឋិតក្នុងស្រុក Naha របស់ប្រទេសជប៉ុន បានវិនិច្ឆ័យសេចក្តីសម្រេចឲ្យរដ្ឋាភិបាលជប៉ុនបង់ប្រាក់សំណងជំងឺចិត្តចំនួន២,៤៦ពាន់លានយេន (លុយជប៉ុន) ឬស្មើនឹងប្រមាណ ២២,៦លានដុល្លារអាមេរិក ជូនទៅប្រជាពលរដ្ឋជប៉ុនចំនួន៣ ៣៩៥ នាក់ ដែលកំពុងរស់នៅនិងរងការរំខានពីសំឡេងខ្លាំងៗរបស់យន្តហោះចម្បាំងនៅមូលដ្ឋានទ័ពអាកាសរបស់សហរដ្ឋអាមេរិកលើកោះ Okinawa ។
ផ្ទៃដីទំហំប្រមាណ៤ ០០០ ហិកតា នៃកោះ Okinawa របស់ជប៉ុន ត្រូវបានកាន់កាប់ដោយកងកម្លាំងទាហានអាមេរិកសម្រាប់ធ្វើជាមូលដ្ឋានទ័ពអាកាសសហរដ្ឋអាមេរិក ចាប់តាំងពីអំឡុងឆ្នាំ១៩៧២ ទល់សព្វថ្ងៃ ហើយសំឡេងឡើងចុះរបស់យន្តហោះចម្បាំងអាមេរិកតែងបានរំខានយ៉ាងខ្លាំងដល់ការរស់នៅរបស់ប្រជាពលរដ្ឋជប៉ុន ឋិតនៅក្បែរៗមូលដ្ឋានទ័ពអាមេរិកនោះ ទើបក៏ឈានដល់មានការប្តឹងផ្តល់ទៅតុលាការទាមទារប្រាក់សំណងជំងឺចិត្តតែម្តង។
គេហទំព័រសារព័ត៌មាន Time ធ្លាប់បានផ្សព្វផ្សាយកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅឲ្យដឹងថា កងកម្លាំងទាហានអាមេរិក ដែលបោះទីតាំងឈរជើងអស់រយៈពេល៤៤ឆ្នាំនៅលើកោះ Okinawa ប្រទេសជប៉ុននោះ បានប្រកាសសម្រេចប្រគល់ដីធ្លីឲ្យទៅរដ្ឋាភិបាលជប៉ុនវិញហើយ ដោយគ្រាន់តែរក្សាទុកនូវកងកម្លាំងទាហានអាមេរិកនៅលើកោះដដែលប៉ុណ្ណោះ៕