ថ្ងៃ សុក្រ ទី ២២ ខែ មករា ឆ្នាំ ២០២១

ធ្លាយរឿងអាស្រូវពុករលួយ! ចៅសង្កាត់ច្បារអំពៅទី២ ចេញសំបុត្រកំណើត​ឲ្យ​ជនជាតិចិនម្នាក់ ថ្លៃជាង​១ម៉ឺនដុល្លារ

ប្រភពព័ត៌មាន​ដែលធ្លាយចេញពីអគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​បាន​ឲ្យដឹងថា ចៅសង្កាត់ច្បារអំពៅទី២​ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ​ គឺលោក យ៉ិន វុធ បានចេញសេចក្តី​ចម្លងសំបុត្របញ្ជាក់កំណើត​ឲ្យជនជាតិចិនម្នាក់​ប្តូរឈ្មោះជាខ្មែរ​កាលពីអំឡុងឆ្នាំ២០១៥ កន្លងទៅ​ (ក្នុងឯកសារ​ប្តូរដាក់ថា ធ្វើនៅឆ្នាំ២០១៣)​ ជាថ្នូរនឹង​ទឹកប្រាក់​ចំនួន​១២ ០០០ ដុល្លារអាមេរិក ហើយករណីនេះ​ លោកឧត្តមសេនីយ៍​ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋាន​ស៊ើបអង្កេត​ និង​អនុវត្តនីតិវិធី​នៃអគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ​ បាន​ធ្វើពាក្យបណ្តឹង​ស្នើ​សុំឲ្យ​ស្ថាប័នអយ្យការ​អមសាលាដំបូង​រាជធានីភ្នំពេញ​ស៊ើបអង្កេត​រួចហើយ កាលពីខែសីហា ឆ្នាំ២០១៦ ប៉ុន្តែ​លទ្ធផលស្ងាត់ឈឹង​ដូច «ចោរលួចសេះ» ទល់សព្វថ្ងៃ​។

សេចក្តីចម្លង​សំបុត្របញ្ជាក់កំណើត​ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០១៣ របស់​បុរសឈ្មោះ​ ចាន់ វណ្ណា អាយុ៥១ឆ្នាំ ដាក់ថា​មានទីកន្លែងកំណើត​នៅ​ឃុំបាវិត​ ស្រុកចន្ទ្រា​ ខេត្តស្វាយរៀង​ ប្រទេស​កម្ពុជា ដែល​ចេញដោយ​លោក យ៉ិន វុធ ចៅសង្កាត់​ច្បារអំពៅទី២នោះ គឺត្រូវបាន​ប្រភពព័ត៌មាននានា​បញ្ជាក់ថា ជាការ​ចេញ​សំបុត្រ​បញ្ជាក់កំណើត​ឲ្យជនជាតិ​ចិនម្នាក់​នាអំឡុងឆ្នាំ២០១៥ ជាថ្នូរនឹងទឹកប្រាក់​ចំនួន​១២ ០០០ ដុល្លារអាមេរិក​ ខណៈអាជ្ញាធរ​ខេត្តស្វាយរៀង​ ក៏បាន​ចេញ​អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ​ឲ្យ​ទៅ​ឈ្មោះ​ ចាន់ វណ្ណា រួចហើយដែរ​។ ប្រភពព័ត៌មានដដែលបាន​ឲ្យ​ដឹងទៀតថា បុរសជនជាតិចិន​​ដែលប្រើឈ្មោះខ្មែរថា «ចាន់ វណ្ណា» នោះ បាន​បើក​សិប្បកម្ម​មួយកន្លែ​ងឋិតនៅក្នុង​ភូមិសាស្ត្រខេត្តកណ្តាល​ និងធ្លាប់ត្រូវបាន​សមត្ថកិច្ច​ខេត្តកណ្តាល​ឃាត់ខ្លួន​ម្តង​រួចមក​ហើយ​នាអំឡុងឆ្នាំ​២០១៥។

ទាំងលោក​​ យ៉ិន វុធ ចៅសង្កាត់ច្បារអំពៅទី២ ទាំងលោកឧត្តមសេនីយ៍​ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋាន​ស៊ើបអង្កេត​ និង​អនុវត្តនីតិវិធី​នៃអគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ​ មិនទាន់អាច​សុំការ​បំភ្លឺបញ្ជាក់​ក្នុងករណី​បែកធ្លាយ​រឿងអាស្រូវ​​ចៅសង្កាត់​ច្បារអំពៅទី២ ចេញ​សំបុត្រកំណើត​ឲ្យជនជាតិចិន​ម្នាក់​​ជាថ្នូរនឹង​ទឹក​ប្រាក់​ចំនួន​១២ ០០០ ដុល្លារអាមេរិក​នោះ​បាន​នៅឡើយទេ​ គិតត្រឹមថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះ ។

មជ្ឈដ្ឋាន​នានា​កំពុងធ្វើការ​ពិចារណាថា នៅក្នុងករណីបែកធ្លាយ​រឿងអាស្រូវ​ពុករលួយ​ខាងលើនេះ​ តើមន្ត្រី​ប៉ូលិស​អន្តោប្រវេសន៍​ជាយល់ខុស​ទើបប្តឹង​ឲ្យ​មានការស៊ើបអង្កេត​ ឬចៅសង្កាត់​ច្បារអំពៅទី២​ ជាអ្នកប្រព្រឹត្តខុសឆ្គង​ដែល​ស័ក្តិសមនឹង​ទទួល​ទោសទណ្ឌ​តាមច្បាប់​? ដូច្នេះ​ បើជារឿងពិត​សូមទុកឲ្យ​ស្ថាប័នតុលាការ​ចាត់ការ​តាមនីតិវិធី​ទៅចុះ​៕

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.