ថ្ងៃ ចន្ទ ទី ១២ ខែ មេសា ឆ្នាំ ២០២១

បន្ទាប់ពីរុស្សុី ហ្វីលីពីនក៏នឹងប្រកាសដកខ្លួនថយចេញពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ «ICC»ដែរ

ប្រទេសរុស្សុីបានប្រកាសដកខ្លួនថយចេញពីសមាជិកតុលាការឧក្រិដ្ឋកម្មអន្តរជាតិ «International Criminal Court-ICC»ហើយកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ម្សិលមិញនេះ ដោយក្រសួងការបរទេសរុស្សុីតាមបញ្ជារបស់លោកប្រធានាធិបតី Vladimir Putin បានចោទប្រកាន់ទៅលើតុលាការ ICC ថា មិនបានបំពេញកាតព្វកិច្ចតួនាទីរបស់ខ្លួនជាតុលាការអន្តរជាតិមានលក្ខណៈឯករាជ្យពិតប្រាកដ និងខ្វះប្រសិទ្ធភាព ពោលគឺរយៈពេល១៤ឆ្នាំ បានចេញសេចក្ដីសម្រេចត្រឹមចំនួន៤ប៉ុណ្ណោៈ តែចំណាយប្រាក់អស់រហូតដល់ទៅជាង១ពាន់លានដុល្លារអាមេរិក ។

មហាអំណាចរុស្សុីធ្លាប់បានប្រកាសថ្កោលទោសចំពោះសេចក្ដីសម្រេចរបស់ ICC ស្ដីពីសង្គ្រាមរយៈពេល០៥ថ្ងៃរវាងរុស្សុី និងប្រទេសហ្សកហ្សុីនាឆ្នាំ២០០៨ និងសេចក្ដីសម្រេចរបស់ ICC កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលទម្លាក់កំហុសទៅលើរុស្សុីក្នុងអំពើដាក់បញ្ចូលតំបន់ Crimea របស់អ៊ុយក្រែនក្រោមការគ្រប់គ្រងរបស់ខ្លួននាឆ្នាំ២០១៤កន្លងទៅ ។

សារព័ត៌មាន Independent បានផ្សព្វផ្សាយឲ្យដឹងថា បន្ទាប់ពីរុស្សុីប្រកាសដកខ្លួនថយចេញពីសមាជិក ICC កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦រួចមក នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ លោក Rodrigo Duterte ប្រធានាធិបតីប្រទេសហ្វីលីពីន ក៏បានប្រកាសឲ្យដឹងដែរថា ហ្វីលីពីនក៏នឹងពិចារណាដកខ្លួនថយចេញពី ICC ដែរ ។

កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦កន្លងទៅ លោកស្រី Fatou Bensouda រដ្ឋអាជ្ញានៃតុលាការ ICC ធ្លាប់បានព្រមានចាត់ការចោទប្រកាន់ទៅលើលោក Rodrigo Duterte ប្រធានាធិបតីហ្វីលីពីនក្នុងអំពើសម្លាប់មនុស្សយ៉ាងរង្គាលជាង៣ពាន់នាក់ក្រៅប្រព័ន្ធតុលាការក្រោមយុទ្ធនាការបោសសម្អាតប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជាការបំពានច្បាប់អន្តរជាតិ ។

តុលាការឧក្រិដ្ឋកម្មអន្តរជាតិ «ICC» បានបង្កើតឡើងនៅឆ្នាំ១៩៩៨ និងបានដំណើរការមានអំណាចពេញលេញនាឆ្នាំ២០០២ នៅទីក្រុងឡាអេ ដោយមានបណ្ដាប្រទេសចំនួន១២៤ជាសមាជិក (ហ្វីលីពីន ចូលជាសមាជិកនាឆ្នា៉២០០០ ផ្ដល់សច្ចានុម័តនាឆ្នាំ២០០១ និងរុស្សុី ចុះហត្ថលេខានាឆ្នាំ២០០០ តែមិនផ្ដល់សច្ចានុម័ត) ។ តុលាការ ICC មានកាតព្វកិច្ចចាត់ការលើករណីបទល្មើសសំខាន់ៗ ជាអាទិ៍ ៖ ការសម្លាប់រង្គាល ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ អំពើឈ្លានពាន បទល្មើសសង្គ្រាម …៕

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.