ថ្ងៃ ចន្ទ ទី ១២ ខែ មេសា ឆ្នាំ ២០២១

តុលាការ​មិនហ៊ានចេញដីកាបង្គាប់ឲ្យចាប់ខ្លួន​លោកស្រីឧកញ៉ាបណ្ឌិត សៀង ចាន់ហេង ជាជនជាប់ចោទឡើយ​ ក្រោយការប្រកាសផ្តន្ទាទោស​ដាក់ពន្ធនាគារ​កំណត់១ឆ្នាំ

ពាក់ព័ន្ធនឹង​សំណុំរឿងក្តី​ទំនាស់ដីធ្លីមួយកន្លែង​ទំហំ១៤៦ហិកតា ឋិតនៅភូមិទឹកល្អក់ ឃុំទឹកហូត ស្រុករលាប្អៀរ​ ខេត្តកំពង់ឆ្នាំង ដែល​មាន​លោក​ស្រីឧកញ៉ាបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ជាជនជាប់ចោទនោះ​ ត្រូវបានលោក​ ឡុង​ កេសភីរម្យ​ ចៅក្រមជំនុំជម្រះ​សាលាដំបូងរាជធានីភ្នំពេញ​ប្រកាស​សាលក្រម​សម្រេច​ផ្តន្ទាទោស​ជនជាប់ចោទ​ឈ្មោះ សៀង ចាន់ហេង ដាក់ពន្ធនាគារ​កំណត់​១ឆ្នាំ​ ពិន័យជាប្រាក់​ចំនួន៣លានរៀល និងបង្គាប់ឲ្យសងសំណងជំងឺចិត្តដល់ដើមបណ្តឹង​រដ្ឋប្បវេណីឈ្មោះ​ លឹម ឃី ចំនួន​៤០០លានរៀល ពីបទក្លែងបន្លំ និងបទប្រើប្រាស​លិខិតក្លែង តាមបញ្ញត្តិមាត្រា៦២៦ មាត្រា៦២៧ និង​មាត្រា៦២៨​នៃក្រមព្រហ្មឬទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។

ទោះបីចៅក្រមជំនុំជម្រះ​សាលាដំបូងរាជធានីភ្នំពេញ​សម្រេចផ្តន្ទាទោស​លោកស្រីឧកញ៉ាបណ្ឌិត សៀង ចាន់ហេង​ ជាជនជាប់ចោទ​ដាក់ពន្ធនាគារ​កំណត់១ឆ្នាំ ដោយគ្មានការព្យួរ​ទោស​ក៏ដោយ​ ក៏ជនជាប់ចោទ​ឈ្មោះ សៀ​ង ចាន់ហេង មិនត្រូវបាន​លោកចៅក្រម ឡុង កេសភីរម្យ ប្រើប្រាស់ឆន្ទានុសិទ្ធិ​ចេញដីកាបង្គាប់ឲ្យចាប់ខ្លួន​ពេលអវត្តមាន​ក្នុងសវនាការតាមបញ្ញត្តិមាត្រា​៣៥៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ​នៃព្រះរាជាណាចក្រកម្ពុជានោះឡើយ។

ក្រុមអ្នកច្បាប់​ឯករាជ្យនៅកម្ពុជា បាន​លើកឡើងថា ការផ្តន្ទាទោស​ទៅលើជនជាប់ចោទ​ឈ្មោះ សៀង​ ចាន់ហេង គឺក្នុងកម្រិត​ទោសទណ្ឌទាបបំផុត​ហើយ បើអនុលោមទៅតាម​មាត្រា​៦២៧​ និងមាត្រា៦២៨ នៃក្រមព្រហ្មទណ្ឌ ដែលបាន​ចែងថា «ការក្លែងបន្លំ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លានរៀលទៅ៦លានរៀល។​ ការប្រើប្រាស់លិខិតក្លែង ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ​ពី១ឆ្នាំទៅ​៣ឆ្នាំ​ និងពិន័យជាប្រាក់​ពី២លានរៀលទៅ ៦លានរៀល។»។

មជ្ឈដ្ឋានអ្នកច្បាប់​បានលើកឡើងផងដែរថា​ អនុលោមតាមមាត្រា៣៥៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ​ គឺប្រសិនបើ​តុលាការ​ប្រកាស​ផ្តន្ទាទោសដាក់​ពន្ធនាគារ​១ឆ្នាំយ៉ាងតិច​ដោយគ្មានការព្យួរទេ​ តុលាការ​តាមសេចក្តីសម្រេចពិសេស​ និង​ដោយ​មាន​សំអាង​ហេតុ​​ អាចចេញ​ក្នុងពេល​សវនាការ​នូវដីកាបង្គាប់ឲ្យចាប់ខ្លួន​ជន​ជាប់ចោទ​ដែល​អវត្តមាន។ ដូច្នេះ​ ជនជាប់ចោទ​ឈ្មោះ សៀង​ ចាន់ហេង ក៏អាចត្រូវចៅក្រម​ជំនុំជម្រះ​ចេញដីកាបង្គាប់ឲ្យចាប់ខ្លួន​បានដែរ​ ប៉ុន្តែដោយ​ជន​ជាប់ចោទ​មាន​លុយកាក់ចំណាយច្រើន​ ទើប​តុលាការ​មិនហ៊ានចេញ​ដីកាបង្គាប់ឲ្យចាប់ខ្លួន​លោកស្រីឧកញ៉ាបណ្ឌិត សៀង ចាន់ហេង ទោះបីមេធាវី​តំណាង​សិទ្ធិ​ និង​ការពារ​ក្តី​ឲ្យ​ដើមបណ្តឹង​រដ្ឋប្បវេណី​ស្នើសុំក៏ដោយ។

លោកស្រី សៀង ចាន់ហេង​ អគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍​ ជាឈ្មួញ​ល្បីឈ្មោះ​ខាងរកស៊ី​ជំនួញ​ដីធ្លី​ផង​ និងជំនួញ​ខាងវិស័យវាយនភ័ណ្ឌ​កាត់ដេរសម្លៀកបំពាក់​ផងនោះ​ ទទួលបានការ​តែងតាំង​ជាឧកញ៉ា​ ដោយព្រះរាជក្រឹត្យ​លេខ​នស/រកត/០៨០១/២៨៦ ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០០១។ លោកស្រីឧកញ៉ា សៀង​ ចាន់ហេង ទទួលបាន​សញ្ញាបត្រណ្ឌិតនីតិសាស្ត្រពីសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា (CUP)​ ដែលមានលោកឧកញ៉ាបណ្ឌិត ជា​ ចំរើន ជាសាកលវិទ្យាធិកា៕

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.