កាលពីរាត្រីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅថ្មីៗ សមត្ថកិច្ចចម្រុះខេត្តកំពង់ឆ្នាំងបានប្រទះឃើញ និងរឹបអូសបានត្រីគល់រាំងដ៏កម្រមួយក្បាលទម្ងន់៥០គីឡូក្រាម បន្ទាប់ពីស្ទាក់ចាប់រុឺម៉កម៉ូតូមួយគ្រឿងនៅត្រង់ចំណុចភូមិស្វាយគយ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ខណៈជនល្មើសកំពុងដឹកត្រីឡើងមកថ្នល់ជាតិសំដៅទៅផ្សារពន្លៃ ។
ទោះយ៉ាងណា ជនល្មើសមិនត្រូវបានចាប់ខ្លួនឡើយ ពីព្រោះជនល្មើសមានឱកាសដោះយកម៉ូតូចេញពីរុឺម៉ករួចជិះគេចខ្លួនបាត់ នៅសល់តែសណ្ដោងរុឺម៉ក និងត្រីគល់រាំងមួយក្បាលទម្ងន់៥០គីឡូក្រាមដែលងាប់ស្រាប់ប៉ុណ្ណោះ ។
បច្ចុប្បន្ន ត្រីគល់រាំងមួយក្បាលទម្ងន់៥០គីឡូក្រាមដែលរឹបអូសបាននោះ កំពុងរក្សាទុកនៅសង្កាត់រដ្ឋបាលជលផលបរិបូណ៌ជាបណ្ដោះអាសន្ន រង់ចាំគោលការណ៍សម្រេចពីថ្នាក់លើ ។
ត្រីគល់រាំង ឬហៅថាត្រីកាហោ ឬត្រីក្បាលឡាន មានឈ្មោះជាវិទ្យាសាស្ដ្រថា Catlocarpio siamensis និងឈ្មោះជាភាសាអង់គ្លេសថា Giant Mekong Barb គឺជាប្រភេទមច្ឆាដែលត្រូវបានចាត់ទុកជានិមិត្តរូបជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥ ៕