មហាសេដ្ឋី Donald Trump ដែលទើបជាប់ឆ្នោតជាប្រធានាធិបតីទី៤៥របស់សហរដ្ឋអាមេរិកបានប្រកាសឲ្យដឹងថា លោកនឹងទទួលយកប្រាក់បៀវត្សរ៍ចំនួន១ដុល្លារក្នុង១ខែ ជំនួសប្រាក់ខែចំនួន៤០មឺុនដុល្លារក្នុង១ឆ្នាំ សម្រាប់ប្រធានាធិបតីនៅពេលលោកចូលកាន់តំណែងជាផ្លូវការ ។
ថ្លែងក្នុងបទសម្ភាសន៍លើកដំបូងជាមួយបណ្ដាញព័ត៌មាន CBS News ដែលដកស្រង់ផ្សព្វផ្សាយដោយគេហទំព័រ Mirror កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦ម្សិលមិញនេះឲ្យដឹងថា លោកមហាសេដ្ឋីវ័យ៧០ឆ្នាំ Donald Trump បានប្រកាសថា លោកនឹងមិនទទួលយកប្រាក់ខែចំនួន៤០មុឺនដុល្លារក្នុង១ឆ្នាំឡើយ ក្រោយពេលលោកចូលកាន់តំណែងជាប្រធានាធិបតី ដោយលោកទទួលយកតែប្រាក់បៀវត្សរ៍ចំនួន១ដុល្លារក្នុង១ខែប៉ុណ្ណោះ (ជាប្រាក់បៀវត្សរ៍ទាបបំផុត) អនុលោមទៅតាមច្បាប់របស់សហរដ្ឋអាមេរិកតម្រូវឲ្យប្រធានាធិបតីមិនអាចមិនទទួលប្រាក់ខែនោះ ។
យោងតាមការផ្សព្វផ្សាយរបស់ទស្សនាវដ្ដី Forbes បានឲ្យដឹងថា លោក Donald Trump ជាមហាសេដ្ឋីជាប់លំដាប់ថ្នាក់ទី១១៣នៅសហរដ្ឋអាមេរិក និងជាប់លំដាប់ថ្នាក់ទី៣២៤នៅលើពិភពលោក ដោយមានទ្រព្យសម្បត្តិចំនួន៣,៧ពាន់លានដុល្លារ ។
លោក Barack Obama វ័យ៥៥ឆ្នាំ ជាប្រធានាធិបតីទី៤៤របស់សហរដ្ឋអាមេរិកបច្ចុប្បន្នដែលជិតផុតអាណត្តិ ទទួលបានប្រាក់ខែស្មើនឹងចំនួន៤០មុឺនដុល្លារក្នុង១ឆ្នាំ និងទទួលបានប្រាក់ឧបត្ថម្ភផ្សេងៗទៀតចំនួន៥មុឺនដុល្លារ ។
នារយៈពេលកន្លងមក លោក Herbert Hoover ប្រធានាធិបតីទី៣១ និងលោក John F.Kennedy ប្រធានាធិបតីទី៣៥របស់សហរដ្ឋអាមេរិក ក៏ធ្លាប់បានបរិច្ចាគប្រាក់ខែរបស់ខ្លួនសម្រាប់សកម្មភាពមនុស្សធម៌ផ្សេងៗផងដែរ ៕