ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ មករា ឆ្នាំ ២០២២

រឿង ISIS នៅប្រទេសសុីរីក្លាយជា«ឆ្នួន»បង្កឱ្យមហាអំណាចអាមេរិក និងរុស្ស៊ី មើលមុខគ្នាមិនចំ

តាមគោលការណ៍ជាទ្រឹស្ដី គឺទាំងមហាអំណាចអាមេរិក ទាំងមហាអំណាចរុស្ស៊ី សុទ្ធតែលើកឡើងអំពីការប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធអុីស្លាមបំបែករដ្ឋ (ISIS) នៅប្រទេសសុីរីដូចគ្នា ប៉ុន្តែទន្ទឹមនឹងនេះ ប្រទេសមហាអំណាចទាំងពីរ បែរជាចោទប្រកាន់គ្នាទៅវិញទៅមកបង្កប់ជាមួយនឹងគោលបំណងពិតរៀងៗខ្លួនជុំវិញការប្រឆាំងនឹងក្រុម ISIS នៅប្រទេសសុីរី ដោយអាមេរិកចោទប្រកាន់រុស្សុីថា យកលេសវាយក្រុម ISIS ដើម្បីការពាររដ្ឋាភិបាលលោក Bashar al-Assad រីឯរុស្សុីបានចោទប្រកាន់ទៅលើអាមេរិកវិញថា យកលេសប្រឆាំងក្រុម ISIS ជួយដល់កម្លាំងក្រុមប្រឆាំងនឹងរដ្ឋាភិបាលប្រទេសសុីរី ។

កងកម្លាំងទាហានអាមេរិកធ្លាប់បានបង្កើតអាកាសយានដ្ឋានយោធានៅតំបន់ Rimelan ឋិតក្នុងខេត្ត Al Hasakah និងស្រុក Kobani នៃប្រជុំខេត្ត Aleppo វាយប្រហារទៅលើក្រុម ISIS រំដោះបានទីតាំងមួយចំនួនប្រគល់ឲ្យទៅក្រុមប្រឆាំងរដ្ឋាភិបាលសុីរីដើម្បីគ្រប់គ្រង បន្ថែមពីលើការផ្ដល់សព្វាវុធ សម្ភារៈបរិក្ខារយោធាដល់ក្រុមកម្លាំងបះបោរផ្ដួលរំលំរដ្ឋាភិបាលសុីរី ។

លើសពីនេះ តំណាងកងកម្លាំងប្រជាធិបតេយ្យសុីរីគាំទ្រដោយសហរដ្ឋអាមេរិកដែលដកស្រង់សម្ដីដោយសារព័ត៌មាន Sputnik បានផ្សព្វផ្សាយឲ្យដឹងថា អាមេរិកបានសាងសង់អាកាសយានដ្ឋានយោធាដ៏រឹងមាំមួយនៅភាគខាងជើងឋិតនៅចន្លោះស្រុក Sheddadi និងក្រុង Al Hasakah ក្នុងខេត្ត Al Hasakah ជាតំបន់សម្បូណ៌ប្រេង និងឧស្ម័នច្រើនបំផុតនៅក្នុងប្រទេសសុីរីដែលទើបរំដោះបានពីក្រុម ISIS កាលពីខែកុម្ភៈ ឆ្នាំ២០១៦កន្លងទៅរួចរាល់ហើយ ដើម្បីធ្វើជាមូលដ្ឋានត្រៀមវាយកម្ទេចក្រុម ISIS រំដោះយកទីក្រុង Ar Raqqah ក្នុងខេត្ត Ar Raqqah ជាទីតាំងធំរបស់ក្រុម ISIS ។

សារព័ត៌មាន Sputnik បានផ្សព្វផ្សាយឲ្យដឹងថា ក្រោយការវាយប្រហារដោយកងកម្លាំងទាហានអុីរ៉ាក់រំដោះទីក្រុង Mosul ពីក្រុម ISIS កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦កន្លងទៅ គឺមានមេបញ្ជាការក្រុម ISIS ជាង១០០នាក់បានភៀសខ្លួនចូលទៅកាន់ប្រទេសសុីរី ។ មន្ដ្រីចារកម្មរុស្សុី និងកងកម្លាំងទាហានសុីរីបានចោទប្រកាន់ទៅលើសហរដ្ឋអាមេរិកថា អាមេរិកបានទុកផ្លូវឲ្យក្រុម ISIS មានឱកាសភៀសខ្លួនចេញពីទីក្រុង Mosul ទៅកាន់សុីរីគេចផុតពីភ្នែកច្រមុះរបស់ក្រុមទាហានអុីរ៉ាក់ដោយសុវត្ថិភាព ។

ដោយឡែកចំពោះមហាអំណាចរុស្សុីវិញ ក៏ធ្លាប់បានធ្វើសកម្មភាពវាយប្រហារទៅលើក្រុម ISIS នៅប្រទេសសុីរីដែរ ប៉ុន្តែមិនបោះបង់ចោលលោក Bashar al-Assad ប្រធានាធិបតីសុីរីដែលជាសម្ព័ន្ធមិត្តប្ដូរផ្ដាច់នោះឡើយ ទោះបីឋិតក្រោមសម្ពាធនៃការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីសំណាក់អាមេរិក និងសម្ព័ន្ធមិត្តអាមេរិកធ្វើឲ្យរុស្សុីខាតបង់ចំណូលប្រេង និងឧស្ម័នចំនួនប្រមាណ១៦០ពាន់លានដុល្លារអាមេរិកក្នុង១ឆ្នាំៗដោយសារតម្លៃប្រេងធ្លាក់ចុះគំហុកកន្លងមកក៏ដោយ ។ មិនតែប៉ុណ្ណោះ រុស្សុីបានបង្កើនបញ្ជូនប្រព័ន្ធខែលការពារមីសុីលធុន S-300 និងយន្ដហោះចម្បាំងធុន Su-24 ជាច្រើនគ្រឿង ព្រមទាំងយន្ដហោះទម្លាក់គ្រាប់បែកធុន Tu-22M3s ទៅកាន់តំបន់កំពង់ផែ Tartus ប្រទេសសុីរីទៀតផង ក្រោមហេតុផលថា ដើម្បីត្រៀមប្រឆាំងនឹងក្រុម ISIS និងទប់ស្កាត់ការវាយប្រហារណាមួយដោយមីសុីលទៅលើយន្ដហោះចម្បាំងរបស់រុស្សុី (ចង់សំដៅទៅលើក្រុមប្រទេសសម្ព័ន្ធមិត្តដឹកនាំដោយអាមេរិក) ។

ក្រៅពីបាន និងកំពុងគ្រប់គ្រងដែនអាកាសនៅខាងក្រៅទីក្រុង Latakia ជាប់ឆ្នេរសមុទ្រសុីរីជាបញ្ជាការដ្ឋានកងយន្ដហោះចម្បាំងរុស្សុីឋិតនៅ សម្រាប់ធ្វើសកម្មភាពទម្លាក់គ្រាប់បែកគាំទ្រដល់កម្លាំងរដ្ឋាភិបាលសុីរីនោះ រុស្សុីក៏មានគម្រោងពង្រីកមូលដ្ឋានកងទ័ពអាកាស Hmeimim របស់ខ្លួននៅប្រទេសសុីរីផងដែរ ដោយប្រព័ន្ធខែលមីសុីលការពារដែនអាកាស S-400 បានដាក់ដំឡើងរួចជាស្រេច ខណៈនាពេលថ្មីៗនេះ កងនាវាចម្បាំង Admiral Kuznetsov របស់រុស្សុីបានទៅដល់តំបន់ឆ្នេរប្រទេសសុីរីរួចហើយ ។

រឿងរ៉ាវ ISIS នៅប្រទេសសុីរី រួមជាមួយវិបត្តិសង្គ្រាមសុីវិលតាំងពីអំឡុងឆ្នាំ២០០១ដោះស្រាយមិនចេញថែមទៀតនោះបានប្រែក្លាយប្រទេសសុីរីទៅជា «ទីលាន»ប្រកួតប្រជែងខាងកម្លាំងយោធា និងសព្វាវុធគ្រប់ធុនរវាងមហាអំណាចអាមេរិក និងរុស្សុីដ៏គ្រោះថ្នាក់ ហើយទំនាក់ទំនងរវាងអាមេរិក និងរុស្សុីចាប់ផ្ដើម «ស្រអាប់» និងមានការប្រែប្រួលខ្លាំងរហូតដល់ថ្នាក់ «មើលមុខគ្នាមិនចំ» ។

លោក Vladimir Putin ប្រធានាធិបតីរុស្សុីធ្លាប់បានអះអាងឲ្យដឹងថា ទំនាក់ទំនងរវាងអាមេរិក និងរុស្សុីចាប់ផ្ដើម «ស្រអាប់» និងមានការប្រែប្រួលខ្លាំងឈានដល់ចំណុចគ្រោះថ្នាក់ មិនមែនមកពីបញ្ហាសុីរីទេ គឺដោយសារអាមេរិក និងសម្ព័ន្ធមិត្ត NATO បានបង្ខិតបង្ខំឲ្យពិភពលោកទាំងមូល «ដើរតាមខ្លួន» ។

គោលនយោបាយការបរទេសរបស់លោក Donald Trump ដែលទើបជាប់ឆ្នោតជាប្រធានាធិបតីសហរដ្ឋអាមេរិកមកពីគណបក្សសាធារណរដ្ឋបានលើកឡើងថា «អាមេរិកគួរផ្ដល់អាទិភាពទៅលើគោលការណ៍វាយកម្ទេចទីតាំងរបស់ក្រុម ISIS ប្រសើរជាងបង្ខំឲ្យលោក Bashar al-Assad ប្រធានាធិបតីសុីរីដែលគាំទ្រដោយរុស្សុីចុះចេញពីតំណែង ដែលអាចជំរុញឲ្យអាមេរិកធ្លាក់ទៅក្នុងសង្គ្រាមមិនត្រឹមតែជាមួយសុីរីទេ គឺមានសង្គ្រាមជាមួយរុស្សុី និងអុីរ៉ង់ថែមទៀត» ។

ដូច្នេះ បើគោលនយោបាយការបរទេសរបស់លោក Donald Trump ពេលចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកត្រូវបានអនុវត្តពិតប្រាកដមែននោះ គឺស្ថានការណ៍តានតឹងនៅប្រទេសសុីរីរវាងមហាអំណាចអាមេរិក និងមហាអំណាចរុស្សុីនឹងអាចធ្លាក់មកធូរស្រាលវិញ ហើយក្រុមឧទ្ទាម ISIS អាចនឹងរងការកម្ទេចឲ្យវិនាសអន្តរាយ ៕

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.