នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦ស្អែកនេះ ព្រះរាជពិធីបុណ្យអុំទូកនៅតាមដងទន្លេសាបមុខព្រះបរមរាជវាំងនឹងចាប់ផ្តើមប្រព្រឹត្តឡើង បន្ទាប់ពីព្រះរាជពិធីបុណ្យអុំទូកធ្លាប់ត្រូវបានរាជរដ្ឋាភិបាលសម្រេចផ្អាកកាលពីឆ្នាំ២០១៥កន្លងទៅ ក្រោមហេតុផល "ទឹកទន្លេមានកម្រិតទាប" និងព្រះរាជាណាចក្រកម្ពុជាកំពុងប្រឈមនឹងគ្រោះរាំងស្ងួត ។ លើសពីនេះ ព្រះរាជពិធីបុណ្យអុំទូកក៏ធ្លាប់បានផ្អាកដំណើរការអស់រយៈពេលចំនួន៣ឆ្នាំជាប់ៗគ្នាផងដែរ កាលពីឆ្នាំ២០១១-២០១២ និងឆ្នាំ២០១៣ ក្រោយការកើតមានឧបទ្ទវហេតុមនុស្សស្លាប់ចំនួន៣៥៣នាក់ និងរងរបួសជាង៤០០នាក់ នារាត្រីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំ២០១០ នៅលើស្ពានពេជ្រ នៃមជ្ឈមណ្ឌលកម្សាន្តកោះពេជ្រ ដោយរាជរដ្ឋាភិបាលអះអាងថា បណ្តាលមកពី "មនុស្សរត់ជាន់គ្នា" ។
ហេតុការណ៍មនុស្សស្លាប់ចំនួន៣៥៣នាក់ និងរងរបួសជាង៤០០នាក់នៅកោះពេជ្រ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០១០(រាត្រីថ្ងៃចុងក្រោយ) គឺជាសោកនាដកម្មដ៏ធំធេងណាស់ដែលមិនអាចបំភ្លេចបានក្នុងប្រវត្តិសាស្ត្រនៃការប្រារព្ធពិធីបុណ្យនាសម័យព្រះរាជាណាចក្រកម្ពុជាទី២ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
ទោះយ៉ាងនេះក្តី សោកនាដកម្មដ៏រន្ធត់កន្លងទៅនោះ មិនមានការទទួលខុសត្រូវផ្នែកកំហុសឆ្គង ឬការធ្វេសប្រហែសក្នុងការបំពេញភារកិច្ចរបស់ខ្លួនពីសំណាក់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងថ្នាក់ដឹកនាំប្រទេសឡើយ គឺបានត្រឹមផ្តល់លុយកាក់ទុកជាការលួងចិត្តដល់ក្រុមគ្រួសារសាច់ញាតិនៃសព និងជនរងគ្រោះដែលរងរបួសជាការស្រេច ។
ក្រោយមក រាជរដ្ឋាភិបាលបានកសាងស្តូបរំលឹកវិញ្ញាណក្ខន្ធប្រជាជនដែលបានបាត់បង់ជីវិតក្នុងឧបទ្ទវហេតុនៃស្ពានកោះពេជ្រ នារាត្រីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០នោះ ដើម្បីទុកជាការរំលឹក និងចងចាំជានិច្ចនូវសោកនាដកម្មយ៉ាងធ្ងន់ធ្ងរចំពោះជាតិ និងប្រជាជនកម្ពុជា តាមសេចក្តីសម្រេចលេខ៦៨សសរ ចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១០ ។
ពាក់ព័ន្ធទៅនឹងសោកនាដកម្មមនុស្សស្លាប់ចំនួន៣៥៣នាក់ និងរងរបួសជាង៤០០នាក់ ក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០១០នោះ ធ្លាប់ត្រូវបានយុវជនគណបក្សសង្គ្រោះជាតិម្នាក់ឈ្មោះ សួង សុភ័ណ្ឌ ដាក់ពាក្យប្តឹងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១២ ទៅស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ ឃាតកម្មគិតទុកជាមុន ប៉ុន្តែបណ្តឹងនេះក៏ត្រូវបានលោក មាស ច័ន្ទពិសិដ្ឋ អតីតព្រះរាជអាជ្ញារង និងជាតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចតម្កល់រឿងទុកឥតចាត់ការ តាមដីកាសម្រេចលេខ១១៣៨ អយឆ ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១២ ។
សូមគោរពជូនពរដល់ប្រជាពលរដ្ឋដែលបានចូលរួមផ្ទាល់ (ជាពិសេសកីឡាករ កីឡាការិនីចំណុះទូក) និងបានអញ្ជើញមកកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក រយៈពេល០៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៣-១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះតទៅ បានជួបប្រទះតែនឹងសំណាងល្អ និងភាពសប្បាយរីករាយគ្រប់ៗរូប ៕