ប្រភពព័ត៌មានច្បាស់ការណ៍ពីស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឲ្យដឹងថា លោកវរសេនីយ៍ត្រី យ៉ង់ វណ្ណធី អធិការនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ខេត្តតាកែវ ដែលមានឪពុកមាបង្កើតជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តតាកែវនោះ ត្រូវបានក្រសួងមហាផ្ទៃសម្រេចដកហូតចេញពីមុខតំណែងហើយៗក៏បានតែងតាំងលោកវរសេនីយ៍ត្រី ឌុក ធីយ៉ា អតីតអធិការរង ទទួលបន្ទុកស្ថិតិ និងអត្តសញ្ញាណប័ណ្ណ ជាអធិការជំនួសវិញ ។
មន្ត្រីនគរបាលខេត្តតាកែវ បានបញ្ជាក់ឲ្យដឹងថា ការដកហូតមុខតំណែងលោកអធិការ យ៉ង់ វណ្ណធី បានធ្វើឡើងយ៉ាងប្រញាប់ប្រញាល់ និងដោយមិនឲ្យសាមីខ្លួនដឹងជាមុនឡើយ ពីព្រោះលោកអធិការរូបនេះធ្លាប់ត្រូវបានសុំគោលការណ៍ទៅថ្នាក់លើដកចេញពីតំណែងច្រើនលើកច្រើនសាដែរ ប៉ុន្តែមិនបានសម្រេច ចេះតែមានការអន្តរាគមន៍ពីអ្នកធំជាបន្តបន្ទាប់ ។
លោកវរសេនីយ៍ត្រី យ៉ង់ វណ្ណធី នាយនគរបាលជាតិថ្នាក់វរសេនីយ៍ក្រសួងមហាផ្ទៃ អត្តលេខ០៧៤៦៨ ដែលមានឪពុកមាបង្កើតធ្វើជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តតាកែវនោះ ត្រូវបានមន្ត្រីនគរបាលស្រុកត្រាំកក់បង្ហើបប្រាប់ឲ្យដឹងថា ធ្លាប់បានប្រព្រឹត្តនូវកំហុសឆ្គងរាប់មិនអស់ក្នុងពេលបំពេញភារកិច្ច ដូចជា ការបាញ់បោះសេរី ប្រើប្រាស់អាកប្បកិរិយាច្រងេងច្រងាង អាងខ្នងបងប្អូនជាអ្នកធំ ហើយកំហុសឆ្គងទាំងនោះមានក្រោមរូបភាពធ្លាប់ទទួលរងការព្រមានដោយផ្ទាល់មាត់ពីលោកឧត្តមសេនីយ៍ទោ អ៊ុក សំណាង ស្នងការនគរបាលខេត្តតាកែវផង និងសាមីខ្លួនធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរផង ៕