ថ្ងៃ អង្គារ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១

ចំណាត់ការ​សង្គ្រាម​រប​ស់មេ​ដឹកនាំ​អាមេរិក​មកពី​គណបក្ស​សាធារណរដ្ឋ ក្នុង​រយៈពេល​២៨​ឆ្នាំ​ចុងក្រោយ​

​រយៈពេល​២៨​ឆ្នាំ​ចុងក្រោយ ចាប់ពី​ឆ្នាំ​១៩៨៩ រហូតដល់​ឆ្នាំ​២០១៧ គឺ​បេក្ខភាព​ប្រធានាធិបតី​មកពី​គណបក្សនយោបាយ​ធំៗ​ចំនួន​២​បាន​ជាប់ឆ្នោត និង​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក «​ឆ្លាស់គ្នា​»​ជា​បន្តបន្ទាប់ រួមមាន ៖ ឆ្នាំ​១៩៨៩ ដល់​ឆ្នាំ​១៩៩៣ រដ្ឋការ​លោក George H.W.Bush ប្រធានាធិបតី​ទី​៤១ មកពី​គណបក្ស​សាធារណរដ្ឋ ,​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​២០០១ រដ្ឋការ​លោក Bill Clinton ប្រធានាធិបតី​ទី​៤២ មកពី​គណបក្ស​ប្រជាធិបតេយ្យ ,​ឆ្នាំ​២០០១ ដល់​ឆ្នាំ​២០០៩ រដ្ឋការ​លោក George W.Bush ប្រធានាធិបតី​ទី​៤៣ មកពី​គណបក្ស​សាធារណរដ្ឋ និង​ឆ្នាំ​២០០៩ ដល់​ឆ្នាំ​២០១៧ រដ្ឋការ​លោក Barack Obama ប្រធានាធិបតី​ទី​៤៤ មកពី​គណបក្ស​ប្រជាធិបតេយ្យ ។​

​ក្នុង​រយៈពេល​២៨​ឆ្នាំ​ចុង​ក្រោយនេះ មេដឹកនាំ​សហរដ្ឋអាមេរិក​មកពី​គណបក្ស​សាធារណរដ្ឋ (​រដ្ឋការ​លោក George H.W.Bush និង​រដ្ឋការ​លោក George W.Bush កូនប្រុស​លោក George H.W.Bush) បានធ្វើ​ចំណាត់ការ​សង្គ្រាម​គួរឱ្យ​ចាប់អារម្មណ៍​ដូចតទៅ ៖

១-​សង្គ្រាម​ឈូង​សមុទ្រ​ពែ​ក្ស (Persian) ៖ ពី​ឆ្នាំ​១៩៩០ ដល់​ឆ្នាំ​១៩៩១ ក្នុង​រដ្ឋការ​លោក George H.W.Bush គឺ​កងកម្លាំង​ទាហាន​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​អង្គការ NATO ព្រមទាំង​បណ្ដា​ប្រទេស​មួយចំនួនទៀត បាន​វាយ​បង្ក្រាប​អំពើ​ឈ្លានពាន​របស់​ប្រទេស​អ៊ីរ៉ាក់ (Iraq) ដឹកនាំ​ដោយ​លោក Saddam Hussein ទៅលើ​ប្រទេស​គុយវែត (Kuwait) រំដោះប្រទេស​គុយវែត​ឱ្យទទួល​បាន​សេរីភាព​រហូតទល់​សព្វ​ថ្ងៃ ។​

២-​សង្គ្រាម​នៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន (Afghanistan) ៖ ចាប់ផ្ដើម​នៅ​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០០១ ក្នុង​រដ្ឋការ​លោក George W.Bush ។ សង្គ្រាម​នេះ​បានអូសបន្លាយ​ពេល​រហូត​ដល់​១៣​ឆ្នាំ​០២​ខែ និង​២១​ថ្ងៃ ពោលគឺ​នៅ​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៤​ទើប​បញ្ចប់ ដែល​បន្ត​មកដល់​រដ្ឋ​ការ​លោក Barack Obama កងកម្លាំង​ទាហាន​អាមេរិក និង​សម្ព័ន្ធមិត្ត​តាម​ប្រមាញ់​សម្លាប់​លោក Osama bin Laden មេ​បណ្ដាញ​ភេរ​វករ al-Qaeda បាន​នៅ​ថ្ងៃទី​០២ ខែឧសភា ឆ្នាំ​២០០១ ។​

៣-​សង្គ្រាម​នៅ​ប្រទេស​អ៊ីរ៉ាក់ (Iraq) ៖ ចាប់ផ្ដើម​នៅ​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០០៣ ក្នុង​រដ្ឋការ​លោក George W.Bush ដោយ​ចាប់ខ្លួន​មេដឹកនាំ​ផ្ដាច់ការ​របស់​ប្រទេស​អ៊ីរ៉ាក់ Saddam Hussein បាន​នៅ​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០០៣ ។ សង្គ្រាម​នេះ​បានអូសបន្លាយ​ពេល​រហះ​តដល់​៨​ឆ្នាំ​០៨​ខែ និង​២៨​ថ្ងៃ ពោលគឺ​នៅ​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១១ បន្ត​មកដល់​រដ្ឋការ​លោក Barack Obama ទើប​បញ្ចប់ និង​ផ្ដួលរំលំ​របប​ផ្ដាច់ការ Saddam Hussein បានជា​ស្ថាពរ ។​

​មជ្ឈដ្ឋាន​អ្នកវិភាគ និង​តាមដាន​ព្រឹត្តិការណ៍​អន្តរជាតិ​កំពុង​រង់ចាំ​មើលថា តើ​មហាសេដ្ឋី Donald Trump ជា​ប្រធានាធិបតី​ទី​៤៥​របស់​មហាអំណាច​អាមេរិក​មកពី​គណបក្ស​សាធារណរដ្ឋ​នោះ អាចមាន​ចំណាត់ការ​សង្គ្រាម​ប្រឆាំងនឹង​ក្រុម​ឧទ្ទាម ISIS ឬ​មាន​រូបភាព​នៃ​សង្គ្រាម​ផ្សេងទៀត​ដែរឬទេ និង​កម្រិតណា ? ៕​

 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.