ថ្ងៃ អង្គារ ទី ២០ ខែ តុលា ឆ្នាំ ២០២០

ក្រុម ISIS នៅ​ស៊ី​រីនឹង​ក្លាយជា​គោលដៅ​វាយកម្ទេច ក្រោយពេល​មហាសេដ្ឋី Donald Trump ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក ?

ថ្វី​ដ្បិត លទ្ធផល​ឆ្នោត​មិនទាន់​ត្រូវបាន​ប្រកាស​ជា​ផ្លូវការ​នៅឡើយ ប៉ុន្តែ​លទ្ធផល​ឆ្នោត​បណ្ដោះអាសន្ន​បានបង្ហាញ​ឲ្យ​ឃើញ​រួចហើយ​ថា លោក​មហាសេដ្ឋី Donald Trump បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ទី​៤៥​របស់​មហាអំណាច​សហ​រដ្ឋ​អាមេរិក បន្ទាប់ពី​លោក​បាន​ផ្ដួល​ដៃគូ​ប្រកួតប្រជែង​របស់​លោក គឺ​លោកស្រី Hillary Clinton រួចមក ហើយ​ដែល​គេ​សង្ឃឹមថា លោក Donald Trump មកពី​គណបក្ស​សាធារណរដ្ឋ​អាច​នឹង​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក​នៅ​ខែមករា ឆ្នាំ​២០១៧​ខាងមុខ បន្តវេន​ពី​លោក Barack Obama មកពី​គណបក្ស​ប្រជាធិបតេយ្យ​ដែល​ត្រូវផុត​អាណត្តិ ។​ ​

នៅក្នុង​ដំណាក់កាល​ឃោសនាបោះឆ្នោត​ប្រធានាធិបតី គឺ​កាលពី​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៦​កន្លងទៅ លោក Donald Trump ធ្លាប់បាន​ចោទប្រកាន់​ទៅលើ​លោកស្រី Hillary Clinton ថា បាន​គាំទ្រ​ដល់​កងកម្លាំង​ក្រុម​ឧទ្ទាម ISIS ហើយ​តាមរយៈ​នយោបាយ​ការបរទេស​របស់លោក​ស្រី Hillary Clinton និង​បើ​លោកស្រី​បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក​នោះ គឺ​សង្គ្រាមលោកលើកទី​៣​នឹង​ផ្ទុះឡើង​ដោយ​ផ្ដើមចេញពី​ប្រទេស​ស៊ី​រី ។

លោក Donald Trump បានលើកឡើង​ទៀតថា អាមេរិក​គួរផ្ដល់​អាទិភាព​ទៅលើ​គោលការណ៍​កម្ទេច​ទីតាំង​របស់​ក្រុម ISIS ប្រសើរ​ជាង​បង្ខំ​ឲ្យ​លោក Bashar al-Assad ប្រធានាធិបតី​ស៊ី​រី​ដែល​គាំទ្រ​ដោយ​រុស្ស៊ី​ចុះចេញ​ពី​តំណែង ដែល​អាច​បង្ខំ​ឲ្យ​អាមេរិក​ធ្លាក់​ទៅក្នុង​សង្គ្រាម​មិន​ត្រឹម​ជាមួយ​ស៊ី​រី​ទេ គឺជា​មួយ​រុស្ស៊ី និង​ជាមួយ​អ៊ីរ៉ង់​ផង ។​

​សារព័ត៌មាន Sputnik របស់​រុស្ស៊ី​បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹងថា ក្រោយ​ការវាយប្រហារ​រំដោះ​ទីក្រុង Mosul ពី​ក្រុម​ឧទ្ទាម ISIS កាលពី​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៦ ដោយ​កងកម្លាំង​ទាហាន​អ៊ីរ៉ាក់​នោះ គឺ​មេបញ្ជាការ​ក្រុម ISIS ជាង​១០០​នាក់ បាន​ភៀសខ្លួន​ចូលទៅ​កាន់​ប្រទេស​ស៊ី​រី ។ មន្ត្រី​ចារកម្ម​របស់​រុស្ស៊ី និង​កងកម្លាំង​ទាហាន​ស៊ី​រី បាន​ចោទប្រកាន់​ទៅលើ​សហរដ្ឋអាមេរិក​ថា អាមេរិក​បាន​ទុក​ផ្លូវ​ឲ្យ​ក្រុម ISIS ភៀសខ្លួន​ពី​ទីក្រុង Mosul ទៅកាន់​ស៊ី​រី គេច​ផុតពី​ក្រុម​ទាហាន​អ៊ីរ៉ាក់ ដោយ​សុវត្ថិភាព​។​

​ដូច្នេះ ប្រសិនបើ​លោក Donald Trump នៅ​ចងចាំ និង​អនុវត្តន៍​នូវ​ពាក្យសម្តី ឬ​គោលនយោបាយ​ការបរទេស​របស់ខ្លួន​នៅ​មុនពេល​បោះឆ្នោត​ប្រធានាធិបតី​នោះ គឺ​មានន័យថា ក្រុម​ឧទ្ទាម ISIS នៅ​ស៊ី​រី នឹង​ក្លាយជា​គោលដៅ​ត្រូវ​វាយកម្ទេច​ក្រោយពេល​លោក​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​ទី​៤៥ របស់​សហរដ្ឋអាមេរិក​៕​

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.