ថ្ងៃ អង្គារ ទី ២០ ខែ តុលា ឆ្នាំ ២០២០

ធ្លាយរឿងបាត់ប្រាក់ចំណូលពន្ធរដ្ឋច្រើនលានដុល្លារ ក្រោមស្នាដៃឧកញ៉ា​ ស៊ុយ​ សុផាន សមគំនិតជាមួយមន្ត្រីពុករលួយ​ក្នុងការផ្ទេរកម្មសិទ្ធិដីធ្លី

មិនត្រឹមសម្បូណ៌រឿងអាស្រូវ​ទំនាស់ដីធ្លី​ជាមួយ​ឈ្មួញ​មាន​ងារជាឧកញ៉ា​ដូចគ្នា និងជាមួយ​ប្រជាពលរដ្ឋ​​រាប់រយករណី​ប៉ុណ្ណោះទេ គឺលោកស្រីឧកញ៉ា ស៊ុយ សុផាន អគ្គនាយិកាក្រុមហ៊ុន​ ផាន អ៊ីម៉ិច ក៏ធ្លាប់មាន​ការពាក់ព័ន្ធ​នឹងការ​ប្រព្រឹត្តអំពើពុករលួយ​រួមដៃជាមួយ​ក្រុមមន្ត្រីពុករលួយ​បម្រើការងារ​នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី (ដនសស) រាជធានីភ្នំពេញ នាសម័យលោក ឆាយ ឫទ្ធីសែន អតីតជាប្រធានមន្ទីរ​ ដនសស​ រាជធានីភ្នំពេញ និងត្រូវជាកូនប្រុស​របស់ឯកឧត្តម ឆាយ ថន សមាជិក​គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល​គណបក្សប្រជាជន​កម្ពុជា រដ្ឋមន្ត្រីក្រសួងផែនការ ធ្វើឲ្យបាត់បង់ប្រាក់ចំណូល​ពន្ធរដ្ឋ​ច្រើនលានដុល្លារអាមេរិក​​ផងដែរ លើការផ្ទេរកម្មសិទ្ធិដីធ្លីដែលទទួល​បានពីរដ្ឋ​តាមរយៈលិខិត​សេចក្តីជូនដំណឹង​ (ស.ជ.ណ) របស់ទីស្តីការគណៈរដ្ឋមន្ត្រី​។

suy-sophan

ព័ស្តុតាងបាន​បង្ហាញថា យោងតាមស្មារតីលិខិតលេខ៥៨សជណ​ ចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០០៧ របស់ទីស្តីការគណរដ្ឋមន្ត្រី​ និងលិខិត​ផ្ទេរសិទ្ធិ​ចុះថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០០៧ ពីលោក ហុង ឈាង​ មក​លោកស្រីឧកញ៉ា ស៊ុយ សុផាន នោះ ក្រសួង​សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ និងក្រសួង​សាធារណការ និងដឹកជញ្ជូន​ ធា្លប់បាន​សម្រេច​ផ្ទេរទីតាំងដី​​រោងជាងជួសជុលរថយន្ត៧មករា របស់រដ្ឋឋិតនៅផ្លូវគឹម អ៊ីលស៊ុង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ទំហំ១៥ ១៨១,៦៨ម៉ែត្រក្រឡា ជូនលោកស្រីឧកញ៉ា ស៊ុយ សុផាន ដើម្បីធ្វើកម្មសិទ្ធិកាន់កាប់​ និងប្រើប្រាស់​តាមច្បាប់ភូមិបាល​ តាម​ប្រការ១ នៃប្រកាស​រួមចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០០៧ និងប្រការ២ នៃប្រកាសរួម​ដដែលនេះ ក៏បាន​ចែងបញ្ជាក់តម្រូវផងដែរ​ឲ្យលោកស្រីឧកញ៉ា ស៊ុយ សុផាន ទទួលបន្ទុករាល់ចំណាយ​ពាក់ព័ន្ធនឹងការ​ធ្វើកម្មសិទ្ធិ​លើ​ទំហំដី​ដូចមានចែង​ក្នុង​ប្រការ១។

suy-sophan04

ឯកសារ​ជាព័ស្តុតាងជាក់ស្តែង​បាន​បង្ហាញឲ្យឃើញទៀតថា លោកស្រីឧកញ៉ា​ ស៊ុយ សុផាន មិន​បានធ្វើ​ប័ណ្ណកម្មសិទ្ធិ​ឲ្យក្លាយជា​ម្ចាស់កម្មសិទ្ធិករ​លើដី​ដែល​ទទួល​បាន​ពីរដ្ឋ​តាម​ប្រកាស​រួម​ខាងលើនេះ​ជាមុននោះទេ​​ គឺបាន​ពុះអង្កន់ដីលក់ឲ្យទៅអ្នកដទៃទៀតជាហូរហែ តួយ៉ាងលក់ឲ្យទៅឈ្មោះ ហុង សេងហាក់ និងឈ្មោះ ឡុង​ នារី​ (ប្តី-ប្រពន្ធ) តាមលិខិតផ្ទេរសិទ្ធិកាន់កាប់ចុះថ្ងៃទី១០​ ខែកញ្ញា ឆ្នាំ២០០៧ នូវដីទំហំ៧៤,៧០ម៉ែត្រក្រឡា ខុសនឹងច្បាប់ភូមិបាល និងផ្ទុយនឹង​ប្រកាស​រួម​ទាំងស្រុង​។

suy-sophan03

ការពុះអង្កន់ដីរោងជាងជួសជុលរថយន្ត៧មករា ទំហំ១៥ ១៨១,៦៨ម៉ែត្រក្រឡា ដែលទទួលបានពីរដ្ឋ​អតីតក្រោមការគ្រប់គ្រង​របស់ក្រសួងសាធារណការ​ និងដឹកជញ្ជូន​ ដោយលោកស្រីឧកញ៉ា ស៊ុយ សុផាន រួមដៃជាមួយក្រុមមន្ត្រីពុករលួយ​នៅអង្គភាពសុរិយោដី ទៅឲ្យអ្នកដទៃជាហូរហែខុសច្បាប់ភូមិបាល​ និងផ្ទុយនឹង​ប្រកាស​រួម​ ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០០៧ នោះ​ បាន​ធ្វើឲ្យរដ្ឋ​ខាតបង់ប្រាក់​ចំណូលពន្ធ​ប្រថាប់ត្រា៤% អស់ចំនួនប្រមាណ​៤លានដុល្លារអាមេរិក។

suy-sophan01

suy-sophan02

ប្រភពពីមន្ត្រីសុរិយោដីរាធានីភ្នំពេញ ដែល​មាន​បាតដៃស្អាតស្អំមួយចំនួន​បាន​បង្ហើបប្រាប់ឲ្យដឹងទៀតថា ករណីដីធ្លីនៅបុរីកីឡាដែលលោកស្រីឧកញ៉ា​ ស៊ុយ​ សុផាន​ ទទួលបាន​តាមរយៈការដោះដូរដីពីរដ្ឋតាមរបៀប «យកសេះធាត់ ដូរ យកសេះស្គម ឬ សេះឈឺ» នោះ ក៏លោកស្រីឧកញ៉ារូបនេះ អនុវត្តន៍ការលក់ដូរផ្ទេរសិទ្ធិទៅឲ្យអ្នក​ដទៃ​ដូចករណីដីរោងជាង​ជួសជុល​រថយន្ត៧មករាដែរ ជាហេតុធ្វើឲ្យរដ្ឋខាតបង់ប្រាក់​ចំណូលពន្ធប្រថាប់ត្រា​អស់ជាច្រើនលានដុល្លារអាមេរិក គឺបានចំណេញតែទៅលើលោកស្រីឧកញ៉ា​ ស៊ុយ​ សុផាន និងក្រុមន្ត្រីពុករលួយប៉ុណ្ណោះ។

suy-sophan-letter

ករណីប្រព្រឹត្តអំពើពុករលួយ​ជាប្រព័ន្ធ​រវាងលោកស្រីឧកញ៉ា ស៊ុយ​ សុផាន និងក្រុមមន្ត្រីមាន​បាតដៃប្រឡាក់ប្រឡូស​នឹងអំពើពុករលួយ​ ធ្វើឲ្យបាត់បង់ប្រាក់ចំណូលពន្ធរដ្ឋ​លើការផ្ទេរកម្មសិទ្ធិដីធ្លីចំនួនរាប់លានដុល្លារអាមេរិកនោះ គឺមិនឃើញមាន​ចំណាត់ការជាក់លាក់ណាមួយពីក្រសួងអធិការកិច្ច​​ ឬពីអង្គភាពប្រឆាំងអំពើពុករលួយសោះឡើយ។

លោកស្រី ស៊ុយ សុផាន អគ្គនាយិកាក្រុមហ៊ុន ផាន អ៊ីម៉ិច ដែលជាឈ្មួញរកស៊ីខាងដីធ្លី និងសំណង់​យ៉ាងសកម្មនោះ​ ទទួល​បាន​ការតែងតាំងជាឧកញ៉ា ដោយព្រះរាជក្រឹត្យលេខ​នស/រកត/០៦០៥/២៥៩ ចុះថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០០៥ ។

នេះ គឺជាព័ស្តុតាងមួយ ក្នុងចំណោម​ព័ស្តុតាងដ៏ច្រើនទៀត ដែលបង្ហាញឲ្យឃើញថា ក្រុមឈ្មួញ និងមន្ត្រីពុករលួយ​ចេះតែមានឱកាស​ប្រព្រឹត្តអំពើពុករលួយកើបលុយបាន​ក្រាស់ក្រែលក្លាយជាអ្នកមានទ្រព្យសម្បត្តិ​យ៉ាងហ៊ឺហា​ក្នុងសម័យព្រះរាជាណាចក្រកម្ពុជាទី២​ ក្រោមការដឹកនាំរបស់​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.