ថ្ងៃ ចន្ទ ទី ១២ ខែ មេសា ឆ្នាំ ២០២១

​លេច​ការ​ពិត​ហើយ​ !​ មន្ត្រី​ថ្នាក់​ក្រោម​អាជ្ញាធរ​អប្សរា​ ចេញ​មុខ​សារភាព​កំហុស​ពាំង​ជួស​ថ្នាក់លើ​ ក្នុង​រឿង​ហិនហោច​ឈើ​គ្រញូង​ចំណាស់​ក្នុង​ឧទ្យាន​អង្គរ​

​នៅ​ថ្ងៃ​ទី​០៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​នេះ​ ឯកឧត្តម​ ឈរ​ ថា​ណាត​ អគ្គនាយករង​អាជ្ញាធរ​អប្សរា​ ទទួល​បន្ទុក​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ​ ទេសភាព​វប្បធម៌​ និង​បរិស្ថាន​ បាន​ធ្វើ​លិខិតផ្លូវការ​មួយ​ច្បាប់​គោរព​ជូន​ឯកឧត្តម​ អគ្គនាយក​អាជ្ញាធរ​អប្សរា​ ដោយ​សម្តែង​នូវ​ការ​សោកស្តាយ​ និង​សារភាព​កំហុសឆ្គង​ ព្រមទាំង​សុំ​អភ័យទោស​ចំពោះ​ចំណាត់ការ​កាប់​ផ្តួល​ឈើ​គ្រញូង​ចំណាស់​មួយ​ដើម​ក្នុង​ឧទ្យាន​អង្គរ​ កាលពី​ថ្ងៃអាទិត្យ​ ទី​០៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ថ្មីៗ​ បន្ទាប់​ពី​ទទួល​រង​នូវ​ប្រតិកម្ម​ខ្លាំងៗ​សឹង​គ្រប់​មជ្ឈដ្ឋាន​ ទៅ​លើ​ភាព​កម្សោយ​ក្នុង​ការ​គ្រប់គ្រង​ការងារ​ថែរក្សា​ ការពារ​ អភិរក្ស​ដើមឈើ​របស់​អាជ្ញាធរ​អប្សរា​ មាន​ឯកឧត្តម​ បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​ ជា​ប្រធាន​ និង​មាន​ឯកឧត្តម​ បណ្ឌិត​ ស៊ុំ​ ម៉ា​ប់​ ជា​អគ្គនាយក​រួច​មក​ ។​

​លិខិត​លេខ​០៦៤​ អ​.​រ​-​ព​ទ​ប​ ចុះ​ថ្ងៃ​ទី​០៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​ របស់​ឯកឧត្តម​ ឈរ​ ថា​ណាត​ បាន​ចេញ​មុខ​បញ្ជាក់​អះអាង​ថា​ រាល់​ផលវិបាក​ ការ​ចោទប្រកាន់​ និង​ការ​រិះគន់​នានា​មក​លើ​អាជ្ញាធរ​អប្សរា​ និង​ថ្នាក់ដឹកនាំ​អាជ្ញាធរ​អប្សរា​ ដែល​កើត​ចេញពី​កំហុសឆ្គង​កាប់​ដើម​គ្រញូង​នោះ​ គឺជា​កំហុសឆ្គង​ផ្ទាល់ខ្លួន​របស់​ឯកឧត្តម​ និង​មិនមែន​ជា​ការ​ទទួលខុសត្រូវ​របស់​អាជ្ញាធរ​អប្សរា​នោះ​ទេ​ ។​

​ក្រុម​អ្នកវិភាគ​កិច្ចការ​សង្គម​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ លិខិត​របស់​ឯកឧត្តម​ ឈរ​ ថា​ណាត​ អគ្គនាយករង​អាជ្ញាធរ​អប្សរា​ ទទួល​បន្ទុក​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ​ ទេសភាព​វប្បធម៌​ និង​បរិស្ថាន​ ពាក់ព័ន្ធ​នឹង​រឿង​ហិនហោច​ឈើ​គ្រញូង​ចំណាស់​ខ្ទង់រយ​ឆ្នាំ​មួយ​ដើម​ក្នុង​ឧទ្យាន​អង្គរ​ដ៏​គួរ​ឲ្យ​សោកស្តាយ​ និង​រុំ​ព័ទ្ធ​ទៅ​ដោយ​ការ​រិះគន់​ព្រោងព្រាត​នោះ​ គឺ​ហាក់​ចង់​បង្ហាញ​ឲ្យ​ឃើញ​ថា​ មន្ត្រី​ថ្នាក់​ក្រោម​ចេញ​មុខ​សារភាព​កំហុស​ពាំង​ជួស​កំហុសឆ្គង​ និង​ភាព​កម្សោយ​លើ​ការ​ដឹកនាំ​ និង​គ្រប់គ្រង​របស់​មន្ត្រី​ថ្នាក់លើ​ រួម​មាន​ ឯកឧត្តម​បណ្ឌិត​ ស៊ុំ​ ម៉ា​ប់​ ជា​អគ្គនាយក​អាជ្ញាធរ​អប្សរា​ និង​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​ ជា​ប្រធាន​អាជ្ញាធរ​អប្សរា​ ទៅ​វិញ​ ។​

​មជ្ឈដ្ឋាន​ទូទៅ​បាន​សម្តែង​នូវ​ការ​សោកស្តាយ​ចំពោះ​ការ​បាត់បង់​ឈើ​គ្រញូង​ចំណាស់​មួយ​ដើម​នៅ​ក្នុង​ឧទ្យាន​អង្គរ​ និង​បាន​ធ្វើការ​រិះគន់​ចំៗ​ទៅ​លើ​ថ្នាក់ដឹកនាំ​អាជ្ញាធរ​អប្សរា​ថា​ ចេះ​តែ​ប្រមូល​លុយ​ធ្វើ​ជា​អ្នក​មានបាន​រៀងៗ​ខ្លួន​ពី​ចំណូល​នៃ​ឧទ្យាន​អង្គរ​ ប៉ុន្តែ​មិន​ចេះ​ថែរក្សា​ការពារ​ព្រៃឈើ​ក្នុង​ឧទ្យាន​អង្គរ​ដ៏​មាន​តម្លៃ​ទាល់តែ​សោះ​ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.