បន្ទាប់ពីបណ្តាញក្រុមភេរវករ al-Qaeda បានថមថយកម្លាំង ស្រាប់តែលេចចេញបណ្តាញក្រុមអ៊ីស្លាមបំបែករដ្ឋថ្មីមួយទៀតឈ្មោះ ISIS ឬ ISIL ដែលជាក្រុមសកម្មប្រយុទ្ធ មានមូលដ្ឋានគ្រឹះខាងផ្នែកហិរញ្ញវត្ថុដ៏រឹងមាំ និងធំបំផុតនៅលើពិភពលោក ។ ក្រៅពីសង្គ្រាមនុយក្លេអ៊ែរដែលអាចកើតមានជាយថាហេតុរវាងមហាអំណាចរុស្ស៊ី និងបក្ខសម្ព័ន្ធអង្គការ NATO របស់មហាអំណាចអាមេរិកនោះ គឺក្រុមបណ្តាញភេរវករ ISIS ក៏អាចធ្វើឲ្យពិភពលោកប្រឈមនឹងភាពវឹកវរខ្លាំងផងដែរ ប្រសិនបើអាវុធទំនើបៗបានធ្លាក់ទៅដល់ក្នុងដៃក្រុម ISIS នេះ ខណៈបណ្តាប្រទេសជាច្រើននៅលើពិភពលោកបាននិងកំពុងអភិវឌ្ឍ និងប្រកួតប្រជែងអាវុធនុយក្លេអ៊ែរយ៉ាងសកម្ម រួមមាន ឥណ្ឌា ប៉ាគីស្ថាន កូរ៉េខាងជើង និងអ៊ុយក្រែន ជាដើម ។ល។
កងកម្លាំងសកម្មប្រយុទ្ធរបស់ក្រុមឧទ្ទាម ISIS ចេះតែរីកធំធាត់ឡើងៗជាលំដាប់ រហូតដល់មានចំនួនប៉ាន់ស្មានជាង១០ម៉ឺននាក់ រួមជាមួយមានបណ្តាប្រទេសនៅតំបន់ឈូងសមុទ្រ ដូចជា អារ៉ាប៊ីសាអូឌីត តួកគី កាតា ព្រមទាំងសេដ្ឋីអ្នកមានទ្រព្យសម្បត្តិមួយចំនួនក្នុងប្រទេសទាំងនោះ បានជួយជ្រោមជ្រែងបន្ថែមខាងហិរញ្ញវត្ថុដល់ក្រុម ISIS ។
តាមការស្រាវជ្រាវរបស់អ្នកវិភាគ ISH បានឲ្យដឹងថា ប្រភពចំណូលរបស់ក្រុមឧទ្ទាម ISIS មកពីការលក់ប្រេង ការជំរឹតកំហែងយកប្រាក់ និងការលួចប្លន់ ការរត់ពន្ធគ្រឿងញៀន ការលក់ចរន្តអគ្គិសនី និងការលក់ដូរវត្ថុបុរាណ … មានចំនួនប្រមាណមិនតិចជាង៨០លានដុល្លារអាមេរិកក្នុងខែៗឡើយ ។
ថ្វីដ្បិត បណ្តារដ្ឋមន្ត្រីហិរញ្ញវត្ថុនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានសម្រេចដាក់ទណ្ឌកម្មទប់ស្កាត់ហិរញ្ញវត្ថុរបស់ក្រុមឧទ្ទាម ISIS រួចហើយ កាលពីខែធ្នូ ឆ្នាំ២០១៥កន្លងទៅក៏ដោយ ក៏បណ្តាញផ្គត់ផ្គង់ដល់កងកម្លាំងសកម្មប្រយុទ្ធរបស់ក្រុម ISIS នៅតែដំណើរការទៅមុខ ។
ការរីកធំធាត់របស់កងកម្លាំងក្រុមឧទ្ទាម ISIS បានឈានទៅដល់ធ្វើឲ្យសម្ព័ន្ធមិត្តរុស្ស៊ី គឺមេដឹកនាំប្រទេសស៊ីរីចោទប្រកាន់ទៅលើសហរដ្ឋអាមេរិកថា បានគាំទ្រដល់ក្រុមឧទ្ទាម ISIS នៅស៊ីរីទៀតផង ក្រោយការវាយប្រហារតាមដែនអាកាសមួយដឹកនាំដោយសហរដ្ឋអាមេរិក សម្លាប់កងកម្លាំងទាហានស៊ីរីចំនួន៦២នាក់ និងរងរបួសជាង១០០នាក់នៅភាគខាងកើតខេត្ត Deir Ezzor កាលពីខែកញ្ញា ឆ្នាំ២០១៦ ។
ប្រភពព័ត៌មានចារកម្មអាមេរិក និងអ៊ីរ៉ាក់ ព្រមទាំងការប្រកាសរបស់លោកនាយករដ្ឋមន្ត្រីប្រទេសបារាំង បានឲ្យដឹងថា ក្រុម ISIS បានបង្កើតសាខាទីតាំងសម្ងាត់ពិសេស ក្នុងគោលដៅផលិតអាវុធគីមីសាស្ត្រ ដោយប្រើប្រាស់អ្នកវិទ្យាសាស្ត្ររបស់ប្រទេសអ៊ីរ៉ាក់ និងស៊ីរី ។
សារព័ត៌មាន Daily Star ធ្លាប់បានផ្សព្វផ្សាយឲ្យដឹងថា ប្រទេសកូរ៉េខាងជើងបច្ចុប្បន្ន មានកាំជ្រួចមីស៊ីល និងគ្រាប់បែកនុយក្លេអ៊ែរ ហើយប្រទេសនេះអាចលក់សព្វាវុធឲ្យទៅភាគីណាមួយដែលត្រូវការទិញ ដែលក្នុងនោះក៏មានក្រុមភេរវករ ISIS ផងដែរ ។
លោក Kyle Orton អ្នកឯកទេសវិភាគយុទ្ធសាស្ត្រយោធានៅតំបន់មជ្ឈិមបូព៌ា បានលើកឡើងថា កូរ៉េខាងជើងធ្លាប់បានលក់អាវុធនុយក្លេអ៊ែរទៅឲ្យប្រទេសអ៊ីរ៉ាក់នាសម័យលោក Saddam Hussein អតីតកាន់កាប់អំណាច ធ្វើឲ្យប្រទេសអ៊ីរ៉ាក់កាលនោះ ទទួលបានការផ្គត់ផ្គង់កាំជ្រួចមីស៊ីល និងបច្ចេកវិទ្យានុយក្លេអ៊ែរពីកូរ៉េខាងជើង ។ ប៉ុន្តែក្រោយមក អតីតមេដឹកនាំអ៊ីរ៉ាក់ Saddam Hussein ត្រូវបានសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តវាយកម្ទេចទាន់ពេលវេលា ។ ដូច្នេះ កូរ៉េខាងជើងអាចលក់សព្វាវុធគ្រប់ប្រភេទដែលខ្លួនមានឲ្យទៅអតិថិជន មិនសំដៅថា មកពីភាគីណាទេ ឲ្យតែអ្នកបញ្ជាទិញមានប្រាក់គ្រប់ចំនួនតាមការព្រមព្រៀងជាការស្រេច ។
សរុបសេចក្តីមក មិនចាំបាច់កើតមានសង្គ្រាមនុយក្លេអ៊ែរជាយថាហេតុរវាងមហាអំណាចរុស្ស៊ី និងអង្គការ NATO របស់មហាអំណាចអាមេរិកនោះទេ ក៏ពិភពលោកអាចប្រឈមនឹងភាពវឹកវរខ្លាំងបានដែរ ប្រសិនបើអាវុធទំនើបៗ ដូចជា កាំជ្រួចមីស៊ីល អាវុធគីមីសាស្ត្រ និងអាវុធនុយក្លេអ៊ែរ បានធ្លាក់ទៅដល់ក្នុងដៃរបស់ក្រុមឧទ្ទាម ISIS ដ៏សាហាវ ៕